(មេនឆេស្ទើ)៖ អ្នកចាំទីដៃទី១ Claudio Bravo របស់ក្លឹប FC Barcelona បានធ្វើដំណើរមកដល់ទឹកដីនៃក្លឹប Manchester City របស់អង់គ្លេសហើយ និងត្រៀមចុះកិច្ចសន្យាឆាប់ៗខាងមុខនេះ ក្រោយពីពិនិត្យសុខភាពរួចរាល់។
សារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា កីឡាករជនជាតិឈីលី វ័យ៣៣ឆ្នាំខាងលើនេះបានធ្វើដំណើរមកទីក្រុង Manchester នៃចក្រភពអង់គ្លេសនាថ្ងៃអង្គារម្សិលមិញនេះ ដើម្បីធ្វើការពិនិត្យសុខភាព មុននឹងចុះកិច្ចសន្យាក្រោមការ ដឹកនាំរបស់គ្រូបង្វឹកថ្មី Pep Guardiola បន្ទាប់ពីចូលរួមលេងឲ្យក្លឹប Barcelona របស់អេស្ប៉ាញបាន ២ឆ្នាំ តាំងពីឆ្នាំ ២០១៤ មក ពីក្លឹបលេងក្នុង La Liga ដូចគ្នា Real Sociedad។
ការទិញកីឡាករ Bravo នេះដែរ គ្រូបង្វឹកជនជាតិអេស្ប៉ាញ Pep Guardiola ចង់ជំនួសកន្លែងអ្នកចាំទី Joe Hart ដែលត្រៀមនឹងលក់ចេញ ឬក៏ផ្ទេរជាលក្ខណៈខ្ចីជើងក្នុងរដូវកាលនេះ ក្រោយពីមើលឃើញថា កីឡាករវ័យ២៨ឆ្នាំ ជនជាតិអង់គ្លេសរូបនេះ (Joe Hart) មានទម្រង់លេងធ្លាក់ចុះ និងចាំទីអន់មែនទែនកាលលេងក្នុង Euro 2016 នៅ ប្រទេសបារាំង។
តែយ៉ាងណាមិញ Guardiola នឹងដាក់ Joe Hart ឲ្យកសាងស្នាដៃនារាត្រីនេះ ក្នុងវគ្គជម្រុះ Champions League ជើងទី២ ពេលជួបប្រកួតទល់នឹងក្រុម Steaua Bucharest មុននឹងធ្វើសេចក្តីសម្រេចចុងក្រោយនោះ៕
Bravo
Joe Hart
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី