ភ្នំពេញៈ ថ្មីៗនេះមានព័ត៌មានថា ពិធីការិនីល្បីឈ្មោះ នៃស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង
សុខ សោម៉ាវត្តី កំពុងតែមានគម្រោង សម្ពោធសណ្ឋាគារ លំដាប់ផ្កាយបី នៅក្នុងខេត្តក្រចេះ
និងអាចផ្អាកពី ការងារសិល្បៈទាំងស្រុង ទៅសម្ងំធ្វើជាថៅកែ ស្រីហ៊ឺហារ មានសុភមង្គល
ជាមួយស្វាមី និងកូន ដោយមិនបាច់ខ្វល់ ចំណូលពី ការងារសិល្បៈ សន្សំប្រាក់ល្អិតទៀត
ឡើយ ។
អ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីរៀបការ តាមប្រពៃណី ជាមួយកូនប្រុស បណ្តូលចិត្តរបស់
អតីតស្នងការ រាជធានីភ្នំពេញ លោក ទូច ណារ៉ុថ គឺ លោក ទូច ដាណារ៉ា រួចមក គេសង្កេត
ឃើញថា នាងនិងស្វាមីបានទទួល ទ្រព្យសម្បត្តិជាច្រើនម៉ឺនដុល្លារ និងវីឡារស់នៅយ៉ាងសុខ
ស្រួល ជាមួយស្វាមីបើទោះបី ជាពេលនេះ នាងមិនចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ ក៏មិន
ខ្វល់រឿងលុយកាក់ ចាយវាយប្រចាំថ្ងៃដែរ។
ជាមួយគ្នានោះ ថ្មីៗនេះក៏មានប្រភព ពីអ្នករស់នៅ ខេត្តក្រចេះ បង្ហើបប្រាប់ឲ្យដឹងថា តារាស្រី
រូបស្រស់ សាច់ម៉ដ្ឋរលោង អ្នកនាង សុខ សោម៉ាវត្តី កំពុងតែសម្ងំសាងសង់ សណ្ឋាគារ ដ៏
ប្រណិតធំស្រស់ស្អាត លេចធ្លោខ្លាំងជាងគេ នៅលើទឹកដីខេត្តក្រចេះ ដោយបោះទុនជាង១
លានដុល្លារ ដោយរហូតមកដល់ ពេលនេះ នាងនិងស្វាមី ក៏កំពុងតែមាន គម្រោងដាក់សម្ពោធ
បើក ទទួលភ្ញៀវស្នាកនៅ ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លង ទៅនេះ ម្តាយរបស់ពិធីការិនី
កូនមួយ អ្នកនាង សោម៉ាវត្តី បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ មិនបានផ្អាកពីការងារសិល្បៈ
ដូចការលើកឡើង របស់ទស្សនិកជនទេ ។"ចំពោះព័ត៌មានថា កូនខ្ញុំឈប់ពីសិល្បៈនោះ មិនមែន
ជាការពិតទេ ប្រហែលជា គេយល់ច្រឡំ ដោយសារតែកូនខ្ញុំផ្អាក ការងារសិល្បៈយូរពេក ទើប
ធ្វើឲ្យទស្សនិកជន គិតថាអាតីឈប់ពីសិល្បៈ..!" ។
ម្ដាយ សុខ សោម៉ាវត្តី បន្តថា "តាមពិតទៅ អាតី ត្រៀមចូលសិល្បៈយូរហើយ គ្រាន់តែមិនទាន់
ដល់ថ្ងៃ ព្រោះខាងស្ថានីយទូរទស្សន៍ កំពុងបង្កើតកម្មវិធីថ្មី ឲ្យកូនខ្ញុំ តែមិនទាន់ដល់ថ្ងៃ ទើបត្រូវ
រង់ចាំមួយរយៈពេលទៀត។ សម្រាប់កូនខ្ញុំនាងស្រឡាញ់សិល្បៈណាស់ ដាច់ខាតនាងមិនបោះ
បង់ចោល អាជីពនេះទេ..!" ។
ម្តាយរបស់ សោម៉ាវត្តី បានប្រាប់ឲ្យដឹងទៀតថា "ចំណែករឿងល្បីថា អាតី ត្រៀមសម្ពោធ
សណ្ឋាគារធំជាងគេ នៅខេត្តក្រចេះ មិនមែនជាការពិតទេ សណ្ឋាគារនោះជា របស់ឪពុក
ម្តាយ ក្មេករបស់អាតីតើក្មួយ…! អាតី និងប្តីគ្រាន់តែជួយ មើលការខុសត្រូវ សម្រាលការលំបាក
ឪពុកម្តាយក្មេក មិនមែនដូច ពាក្យចចាមអារ៉ាម លើកឡើងនោះទេ ..! " ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល