CamNews

តារា 

អង់ ឆាយទី រង​ការ​ចោទ​ប្រកាន់​ ថា ឆបោក​ម៉ូតូ​ មិត្តភក្តិ ?

ភ្នំពេញៈ ថ្មីៗនេះ តារាសម្តែងជាតួឯកក្នុងរឿង "សន្យាស្នេហ៍" និងជាបេក្ខជន ប្រកួតប្រជែងក្នុងកម្មវិធី "អប្សរាAward" លោក អង់ ឆាយទី ត្រូវបានមិត្តភក្តិរួមសាលាជាមួយគ្នា ចោទប្រកាន់ថា លោកបានឆបោកម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរី ២០១២ (ប្រើប៊ិច)មួយគ្រឿង ហើយគេចវេស មិនចេញមុខដោះស្រាយ រហូតមកពេលនេះ ។

តាមប្រភពគួរឲ្យទុកចិត្តមួយ បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថាតួឯកប្រុស ក្នុងរឿង "សន្យាស្នេហ៍" លោក អង់ ឆាយទី បានឆបោកម៉ូតូមិត្តភក្តិ ម៉ាកហុងដាឌ្រីម (អាសង់ ប៊ិចស៊េរី២០១២) ដោយដំបូងលោកបាន ពោលពាក្យខ្ចីគេជិះ ទៅថតមួយភ្លេត ហើយនឹងយកមកឲ្យមិត្តភក្តិវិញ ។ ប៉ុន្តែគិតរហូតមកដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះគឺមានរយៈ ពេល១សប្តាហ៍ ហើយនៅតែមិនឃើញរូបលោក យកម៉ូតូមកឲ្យម្ចាស់ទេ ហើយទូរស័ព្ទទៅក៏មិនលើកដែរ ។

ប្រភពខាងលើនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ម្ចាស់ម៉ូតូដែល លោក អង់ឆាយទី ឆបោកនោះ គឺជានិស្សិតរៀននៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ហើយគ្មានអ្នកណានឹកស្មានដល់ទេថា តារាសម្តែងដែលមាន ឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈរូបនេះ ក្លាយជាអ្នកឆបោកសោះឡើយ ។

ក្នុងករណីឆបោកនេះ បានកើតឡើង១សប្តាហ៍ហើយ ប៉ុន្តែមិត្តភក្តិរបស់លោក មិនទាន់ដាក់ពាក្យបណ្តឹងទេ ដោយគេនៅទុក ឱកាសចុងក្រោយឲ្យ លោក ឆាយទី ចេញមុខមកដោះស្រាយជាមួយគេ ព្រោះថារវាងពួកគេទាំងពីរ បានរាប់អានគ្នាច្រើនឆ្នាំហើយ និងជាមិត្តរួមថ្នាក់ជាមួយគ្នាទៀត ។ ប៉ុន្តែប្រសិនបើលោក នៅតែមិនអើពើដោះស្រាយ ទៀតជនរងគ្រោះអាចនឹងចាត់ការ ទៅតាមផ្លូវច្បាប់ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលតារាសម្តែងវ័យក្មេង អង់ ឆាយទី កើតគំនិតឆបោកម៉ូតូមិត្តភក្តិបែបនេះ អាចបណ្តាលមកពីការញៀនល្បែង ឬជំពាក់ប្រាក់នរណាម្នាក់ បានជាធ្វើឲ្យលោកប្រព្រឹត្តិទង្វើបែបនេះ ។

បើទោះជាមានការលើកឡើង បែបនេះក្តី ប៉ុន្តែ LookingTODAY នៅមិនទាន់អាចសន្និដ្ឋានបាន ទាំងស្រុងទេថា ជាការពិត ឬយ៉ាងណា ដោយសារតែ LookingTODAY បានព្យាយាមទាក់ទងទៅ លោក អង់ ឆាយទី ដើម្បីសាកសួរពីរឿងនេះដែរ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភានេះ ប៉ុន្តែលេខទូរស័ព្ទ ដែលលោកប្រើ ត្រូវបានបុរសម្នាក់លើក ហើយប្រាប់ថា “ច្រឡំលេខហើយ ខ្ញុំមិនមែន ឆាយទី ទេ លេខនេះ ខ្ញុំទិញប្រើយូរគ្រាន់បើហើយ ” ។

LookingTODAY បានព្យាយាមទៅកាន់លេខទូរស័ព្ទ មួយប្រព័ន្ធទៀត គឺ ០៧០ ៦៣០ ០០៩ ប៉ុន្តែមិនបានសម្រេចដដែល ព្រោះលេខទូរស័ព្ទនេះ ត្រូវបានបិទ ។ យ៉ាងណាក៏ដោយ LookingTODAY រង់ចាំស្វាគមន៍ ដោយក្ដីរីករាយបំផុត ចំពោះការបកស្រាយពី ម្ចាស់សាម៉ីខ្លួននៅពេលក្រោយ ដើម្បីឲ្យមហាជន អស់ការសង្ស័យ និងជាការស្ដាកិត្តិយស របស់លោកឡើងវិញ ក្នុងនាមជាតារាល្បីម្នាក់ ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news