CamNews

ប្លែកៗ 

ជម្ងឺចម្លែក! កុមារពីររូបត្រូវខ្វិន និងមិនអាចនិយាយបានពេលថ្ងៃលិច

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា នេះគឺជាបញ្ហាដែលកើតឡើងដោយសារច្របូកច្របល់ផ្នែកហ្សែន
ដោយសារតែយកសាច់ញាតិផ្ទាល់ធ្វើជាប្ដី ឬប្រពន្ធ។

នៅពេលថ្ងៃ កុមារាអាយុ ១៣ ឈ្មោះ Shoaib Ahmed និងប្អូនប្រុសអាយុ ៩ឆ្នាំ ឈ្មោះ Abdul
Rasheed ក៏ដូចទៅនឹងក្មេងដទៃ។ ពួកគេទៅរៀន និងលេងសប្បាយដូចមិត្តភ័ក្ដិរបស់ពួកគេ។

ក៏ប៉ុន្តែ នៅពេលព្រះអាទិត្យលិច ពីរនាក់បងប្អូនជនជាតិប៉ាគិស្ថាននេះ បែរប្រែទៅជាខ្វិន មិនអាច
ដើរ ឬនិយាយគ្នាបាន រហូតដល់ពេលព្រះអាទិត្យរះ។ នេះគឺជារបាយការណ៍ដំបូងស្ដីអំពីករណី
ចម្លែកនេះ ហើយក្រុមគ្រូពេទ្យ មិនទាន់រកឃើញមូលហេតុនៃជម្ងឺនេះនៅឡើយ។

សាស្ដ្រាចារ្យ Javed Akram នៃមន្ទីរវេជ្ជសាស្ដ្រប៉ាគិស្ថាន ឱ្យដឹងថា “យើងខ្ញុំបានចាត់ទុកករណី
នេះថា ជាបញ្ហាធំ។ ក្រុមគ្រូពេទ្យរបស់យើងបានធ្វើការពិសោធជាច្រើនដើម្បីរកមូលហេតុថា តើ
ហេតុអ្វីក្មេងទាំងនេះអាចធ្វើសកម្មភាពធម្មតាបាននៅពេលថ្ងៃ ប៉ុន្តែ បែរជាមិនអាចបើកភ្នែក ឬ
និយាយគ្នានៅពេលព្រះអាទិត្យលិច”។

បងប្អូនពីរនាក់នេះ ត្រូវបានគេស្គាល់ថា ជា “មនុស្សថាមពលព្រះអាទិត្យ”។ ចាប់ពីដើមឆ្នាំនេះ ពួក
គេត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងមន្ទីរពេទ្យនៅ Islamabad ប្រទេសប៉ាគិស្ថាន ក្រោមការឃ្លាំ
មើលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយមិនគិតថ្លៃ។

ក្រុមគ្រូពេទ្យដំបូងឡើយបានយល់ថាបញ្ហានេះមានជាប់ទាក់ទឹនជាមួយតែពន្លឺថ្ងៃ ប៉ុន្តែ ការយល់
ឃើញនេះត្រូវបានបដិសេធ ព្រោះការពិសោធបានបង្ហាញថា ក្មេងទាំងនេះនៅតែអាចដើរបាន
នៅក្នុងបន្ទប់ដែលត្រូវបិទបាំងពន្លឺនៅពេលថ្ងៃ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជម្ងឺនេះអាចកើតឡើងដោយសារបញ្ហាច្របូកច្របល់ទាក់ទឹននឹង
តំណពូជ ព្រោះតែឪពុកម្ដាយជាសាច់ញាតិផ្ទាល់។ ឪពុក និងម្ដាយរបស់កុមារទាំងពីរនេះ គឺជា
បងប្អូនជីដូនមួយ។

នៅក្នុងគ្រួសារនេះ ក៏ធ្លាប់មានកូនប្រុសពីររូបដែលបានស្លាប់ដោយសារខ្វិន។ ប៉ុន្តែ ពួកគេក៏មាន
កូនទីប្រាំដែលជាកូនស្រី មានសុខភាពល្អធម្មតា។

ក្រុមគ្រូពេទ្យកំពុងប្រមូលយកដី និងខ្យល់ពីភូមិដែលគ្រួសារនេះរស់នៅ ដើម្បីពិសោធស៊ីជម្រៅ។
គ្រូពេទ្យក៏បានបញ្ជូនឈាមរបស់កុមារទាំងពីរនេះ ទៅក្រៅប្រទេសដើម្បីពិសោធមើលហ្សែន និង
ស្នើសុំជំនួយពីបណ្ដាអង្គការវេជ្ជសាស្រ្ដពិភពលោក។

ព័ត៌មានល្អនោះគឺថា ក្រុមគ្រូពេទ្យបានរកឃើញថ្នាំមួយប្រភេទដែលជួយកាត់បន្ថយបញ្ហាខ្វិនរបស់
ក្មេងទាំងពីរខាងលើ។ គ្រូពេទ្យ Akram និយាយថា “ក្មេងទាំងពីរនេះនឹងមានជីវភាពជិតដូចធម្មតា
ដោយមានជំនួយនៃប្រភេទថ្នាំមួយចំនួន”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: ជម្ងឺចម្លែក ខ្វិន ប៉ាគិស្ថាន