CamNews

ព័ត៌មានជាតិ 

តុលាការឃុំខ្លួនកម្មករសំណង់ ដាក់ពន្ធនាគារ ករណីចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំ

(ភ្នំពេញ)៖ មន្ត្រីតុលាការរាជធានីភ្នំពេញ បានថ្លែងថា បុរសម្នាក់ជាកម្មករសំណង់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីស៊ើបអង្កេតករណីរួមភេទ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

ជនជាប់ចោទឈ្មោះ កែវ សុផល ហៅកុយ អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិគល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ អាយុ៧ឆ្នាំ។

ពាក់ព័ន្ធករណីនេះ អ្នកស្រី ឯក សោភ័ណ្ឌ អាយុ៣៧ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ថា នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ គាត់ត្រឡប់មកពីធ្វើការវិញ ហើយកូនប្រុសគាត់ម្នាក់ទៀត អាយុ១៣ឆ្នាំ បានប្រាប់គាត់ថា «ម៉ែ! ខ្ញុំឃើញពូកុយ (ជនសង្ស័យ) បានចាប់ប្អូនស្រីរំលោភ» ពេលនោះគាត់ក៏ហៅកូនស្រីមកសួរនាំ ទើបកូនស្រីគាត់ប្រាប់ថា «ពូកុយបានចាប់ខ្ញុំរំលោភបានសម្រេចចំនួន២លើក ហើយដោយយកកូនកាំបិតមកភ្ជង់គំរាមនាងមិនឲ្យប្រាប់ម្តាយឡើយ»

ស្ត្រីម្តាយក្មេងស្រីរងគ្រោះបានបន្តថា ជនសង្ស័យឈ្មោះ កែវ សុផល ត្រូវជាប្អូនជីដូនមួយរបស់គាត់ ហើយក្រោយពីកូនស្រីប្រាប់ពីដំណើររឿងរួចមក គាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅនគរបាលរដ្ឋបាលឃ្មួញ ទាំងយប់តែម្តង ដើម្បីចាត់ការតាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh