ក្រុមហ៊ុន Vivos Group កំពុងសាងសង់ទីជម្រកទំហំ ២៣គីឡូម៉ែត្រក្រឡា ដែលអាចដាក់មនុស្ស
បាន ៥ពាន់នាក់ នៅ Dakota អាមេរិក ដើម្បីជួយឱ្យបណ្ដាកំពូលអ្នកមាន លាកខ្លួនពីគ្រោះថ្នាក់
នៅពេលថ្ងៃអវសាននៃផែនដីមកដល់។
Vivos Group គឺជាក្រុមហ៊ុនដែលជំនាញខាងសាងសង់ទីជម្រកលាក់ខ្លួននៅពេលថ្ងៃអវសាននៃ
ផែនដីមកដល់ កំពុងសាងសង់បណ្ដាបន្ទប់ឯកជនក្រោម ធំបំផុតក្នុងលោក មានឈ្មោះថា Vivos
xPoint នៅ Dakota អាមេរិក នេះបើតាមទំព័រ The Sun។
Vivos xPoint មានបន្ទប់ចំនួន ៥៧៥បន្ទប់ ជាមួយនឹងផ្ទៃក្រឡា ២៣គីឡូម៉ែត្រ ដែលអាចដាក់
មនុស្សបាន ៥ពាន់នាក់ និងអាចទប់ទល់នឹងកម្លាំងនៃការផ្ទុះរបស់ម្សៅផ្ទុះ ២៥០តោន។
បន្ទប់និមួយៗ ត្រូវបានសាងសង់ឡើងពីដែកថែប និងបេតុង មានទទឹង ៨ម៉ែត្រ បណ្ដោយជាង
២៤ម៉ែត្រ។ បន្ទប់និមួយៗ មានរបស់របរប្រើប្រាស់ និងអាហារ ភេសជ្ជៈដែលអាចប្រើប្រាស់បាន
ក្នុងរយៈពេល១២ខែ។
ក្រោយពីបានកក់ប្រាក់ ២៥.០០០ដុល្លារអាមេរិក អ្នកជួលនឹងអាចប្រើបន្ទប់នេះក្នុងរយៈពេល
៩៩ឆ្នាំ ប៉ុន្តែ ក្នុងមួយឆ្នាំៗ ត្រូវបង់ប្រាក់បន្ថែម ១.០០០ដុល្លារ។
បន្ទប់ក្រោមដីនេះ មិនមានច្រកសង្គ្រោះបន្ទាន់ មិនមានប្រព័ន្ធអគ្គីសនី ឬប្រព័ន្ធបន្សុទ្ធខ្យល់។
អ្នកជួលត្រូវបង់ប្រាក់បន្ថែម ១២.០០០ដុល្លារទៀត បើសិនចង់មានប្រព័ន្ធខាងលើនេះ។
អ្នកជួលក៏អាចជ្រើសរើសឧបករណ៍តុបតែង ដូចជាអេក្រង់ LED ដែលមានលក្ខណៈដូចបង្អួច
នៅលើជញ្ជាំង។
ក្រៅពីនេះ ក្រុមបុគ្គលិកដែលធ្វើការនៅទីនេះ ត្រៀមខ្លួនគ្រប់ពេល សម្រាប់បំរើដល់តម្រូវការ
របស់អតិថិជន។
ក្រុមហ៊ុនខាងលើនេះក៏គ្រោងនឹងសាងសង់សាលារៀន វិហារ និងសួន។ល។ ក្នុងតំបន់នេះ។
ខាងក្រុមហ៊ុនឱ្យដឹងថា បន្ទប់ក្រោមដីដំបូងដែលត្រៀមខ្លួនជាស្រេចសម្រាប់ដាក់ឱ្យជួល គឺនៅ
រដូវក្ដៅខាងមុខ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun