(ភ្នំពេញ)៖ តារាសម្តែងប្រុសមាឌធំ ខ្ពស់សង្ហាលោក ចន អេឡិចដាហ្វី ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលស្រឡាំងកាំង ស្ទើរគ្រប់គ្នា បន្ទាប់ពីលោកបានចេញមុខ ប្រកាសក្តែងៗថា ខ្លួនកំពុងតែត្រៀមធ្វើឪពុកគេ ខណៈដែលតារារូបនេះ មិនធា្លប់បានបង្ហាញមុខ នារីជាគូស្នេហ៍ ឬចូលរោងការជាមួយ នារីណាម្នាក់ឡើយ នាពេលកន្លងមកនោះ។
តាមរយៈសារខ្លីមួយ ដែលតារាសម្តែងប្រុស លោក ចន អេឡិចដាហ្វី បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបថតឆ្លុះអេកូសាស្រ្ត នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកប្រកាសជាសាធារណៈ បង្ហាះពីអារម្មណ៍ដោយខ្លីថា «ទើបតែដឹងថា ខ្លួនឯងក្លាយជាប៉ាៗគេឆាប់ៗនេះ…!»។ ដោយឡែកទន្ទឹមគ្នា នឹងប្រកាសយ៉ាងដូច្នេះ កាលពីព្រឹកថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦នេះ តារាប្រុកលោក ចន អេឡិចដាហ្វី ក៏បានសរសេរពាក្យមួយឃ្លាទៀត ដោយមានន័យប្លែកពីធម្មតាថា «សូមមិត្តភក្តិបងប្អូនទាំងអស់ កុំភ្លេចចូលរួមកម្មវិធីភ្ជាប់ពាក្យរបស់ខ្ញុំ នៅថ្ងៃនេះផងណា…»។
នេះពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅសុខៗតារាប្រុសរូបនេះ បែរជាចេញមុខបង្ហាញ ពីអារម្មណ៍ផ្ទាល់ខ្លួន ខណៈដែលលោកកំពុងតែត្រៀមខ្លួន ធ្វើជាឪពុកទារកម្នាក់ និងមានគ្រួសារដូចជាមនុស្សប្រុសដទៃ តាមក្តីប្រាថ្នា។ ប៉ុន្តែអ្វីដែលជាមន្ទិលសង្ស័យ និងចំងល់សម្រាប់មហាជននោះ គឺនារីជាភរិយារបស់ អេឡិចដាហ្វី មិនទាន់ដឹងថា ជានរណា ? មានមុខមាត់ដូចម្តេច ? ហេតុអ្វីមិនបង្ហាញមុខឲ្យដឹងជា សាធារណៈថា តើចំណងស្នេហ៍របស់ពួកគេចាប់ផ្តើម ដុះពន្លកជាមួយគ្នា តាំងពីពេលណាមក?
ជុំវិញព័ត៌មានដែល លោក ចន អេឡិចដាហ្វី ប្រកាសបើកចំហ ជាសាធារណៈអំពីរឿង មានកូននោះដែរ គេហទំព័រ Khmertalking មិនអាចទាក់ទងសួរនាំ លោកពីរឿងមានកូនមិនទាន់រៀបការនេះបានទេ ព្រោះទូរស័ព្ទលោកពេលតេចូលចំនួន២លើក មិនអាចនិយាយគ្នាស្តាប់បានឡើយ។ ប៉ុន្តែក្រោយមកទៀត ពេលទំនាក់ទំនង ទៅត្រូវបានលោកបិទផ្តាច់តែម្តង៕






ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី