CamNews

តារា 

ដំណឹងល្អ!!! ក្រុមត្រួតពិនិត្យយានយន្តចល័តបានចេញដំណើរហើយ

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានធ្វើការប្រកាសកាលពីម្សិលមិញថា ក្រុមត្រួតពិនិត្យយានយន្តចល័តបានដាក់ពង្រាយទីតាំងរហូតទៅដល់ ១៤ ខេត្ត ក្នុងឆ្នាំ ២០១៨នេះ។

លោក វ៉ា ស៊ីមសូរិយា ជាអ្នកតំណាងរបស់ក្រសួងបាននិយាយថា មានតែកន្លែងត្រួតពិនិត្យយានយន្តចំនួន ១៤ប៉ុណ្នោះ ប៉ុន្តែគោលបំណងរបស់ក្រុមត្រួតពិនិត្យនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់ជុំវិញព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្ថែមទៀតថា​ ក្រសួងនឹងព្យាយាមជំរុញសេវាកម្មនេះឲ្យបានកៀកកន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចមកទទួលសេវាកម្មដោយពុំចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយតទៀតឡើយ។


ឥលូវនេះ ក្រុមការងារចល័តកំពុងតែប្រតិ្តបត្តការនៅក្នុងខេត្តកំពង់ធំ និងខេត្តតាកែវ ហើយពួកគាត់នឹងធ្វើការចល័តទីប្រមាណជា ៩២ដងក្នុងរយៈពេលពេញមួយឆ្នាំនេះ។

លោកមានមតិបន្ថែមទៀតថា សម្រាប់យានយន្តណាដែលមានអាជ្ងាប័ណ្ណត្រួតពិនិត្យបច្ចេកទេសផុតកំណត់ គួរតែទៅត្រួតពិនិត្យម្តងទៀតដោយមិនត្រូវរងចាំក្រុមត្រួតពិនិត្យចល័តនោះទេ ដោយសារតែប៉ូលីសនឹងធ្វើការផាកពិន័យប្រសិនបើយានយន្តរបស់ពួកគាត់មិនមានអាជ្ងាប័ណ្ណត្រួតពិនិត្យបច្ចេកទេសដែលមានសុពលភាពត្រឹមត្រូវ។

នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចារិវ៉ា បាននិយាយថា ក្រុមត្រួតពិនិត្យចល័តនេះគឺធ្វើដំណើរចល័តដើម្បីទៅជួយសម្រួលនៅតាមតំបន់ទាំង ១៤ ដោយមិនមានទីតាំងអចិន្រ្តៃយ៍ឡើយ។

លោកបានបន្ថែមទៀតថា រថយន្តដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជាមានរហូតទៅដល់ ៨០% សុទ្ធសឹងតែជារថយន្តទិញតពីគេ និងរថយន្តមួយទឹកពីបរទេស នេះជាមួលហេតុដែលរថយន្តទាំងនោះតែងតែមានបញ្ហាបច្ចេកទេសជាច្រើនដូចជា កង់ឡាន ហ្វ្រាំង ឬប្រព័ន្ធចង្កូតជាដើម ដែលតម្រូវឲ្យមានការត្រួតពិនិត្យទៅលើបញ្ហាបច្ចេកទេសទាំងនេះ។

យោងតាមរបាយការណ៍របស់ក្រសួងបានបង្ហាញថា មានរថយន្តប្រមាណ ២៣៤ ០០០គ្រឿងបានមកធ្វើការត្រួតពិនិត្យនៅក្នុងឆ្នាំ​២០១៦ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៧ យើងសង្កេតឃើញមានការធ្លាក់ចុះដោយមានរថយន្តត្រឹមតែ ២១៦ ០០០ គ្រឿងប៉ុណ្នោះ ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news