CamNews

ព័ត៌មានជាតិ 

អង្គភាព ACU អះអាងថា ជនដកកាំភ្លើងគំរាមបាញ់សន្តិសុខ គឺជាទាហានសក្តិ៤ មិនមែនជាមន្រ្តី ACU ទេ (Video)

(ភ្នំពេញ)៖ នៅប្រមាណ៣០នាទីមុននេះ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ គេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា ជនដែលដកកាំភ្លើងគំរាមបាញ់សន្តិសុខកាលពីយប់មិញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ កែងនឹងផ្លូវលេខ១៣​ ក្បែរសាលារចនា ឬ ហៅថា(សាលាក្រហម)​ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ គឺជាមន្រ្តីទាហានសក្តិ៤ ឈ្មោះ ស្រី វារៈ មិនមែនជាមន្រ្តី ACU នោះទេ។

ការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ខាងលើនេះ ធ្វើឡើងបន្ទាប់ពី Fresh News បានចេញផ្សាយនៅព្រឹកមិញថា មន្រ្តីដែលបម្រើការងារ នៅអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ACU បានដកកាំភ្លើងខ្លីអាម៉េ ហើយយកទៅភ្ជង់ក្បាលបុរសសន្តិសុខម្នាក់ ដោយស្រែកគំរាមថា នឹងបាញ់សម្លាប់ចោលដោយសារតែជននេះ ខឹងនឹងជនរងគ្រោះថាជាមេនាំភ្លើង ឲ្យប្តីប្រពន្ធរបស់ខ្លួនឈ្លោះប្រកែកគ្នា ហើយឈានទៅដល់ការប្រើអំពើហិង្សាទៀតផង នេះបើយោងតាមការនិយាយរបស់ជនរងគ្រោះ (សូមទស្សនាវីដេអូ)។

សូមជំរាបថា បុរសរងគ្រោះដែលបំរើការងារនៅ ក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ (Securitas) បានប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះថា មុនកើតហេតុជនសង្ស័យបានដើរត្រឡប់មកពីកន្លែង ផ្ញើរថយន្តសំដៅចូលមកផ្ទះ ​តែពុំទាន់បានចូលផងក៏ជួប និងគាត់ដែលកំពុងឈរ យាមជិតផ្ទះជនសង្ស័យ។ ពេលនោះ​បុរសរងគ្រោះ ដែលធ្លាប់តែសួរនាំជនបង្កជាធម្មតាដូចសព្វដងនោះ​ ក៏បាន​និយាយ​ទៅ​កាន់​ជន​បង្ក​ថា លោកពូទើបមកពីណាស្មើហ្នឹង ដោយឃើញជនបង្កមានកាន់ទូរស័ព្ទ​ នៅនិងដៃក៏គាត់​បាននិយាយទៀតថា ​សង្ស័យ​លោកពូខល ទៅរកស្រីក្មេងហើយមើលទៅ​ តែគាប់ជួនពេលនោះប្រពន្ធរបស់ជនបង្កក៏នៅក្បែរបានលឺធ្វើឲ្យប្រពន្ធ របស់ជនបង្កខឹងក៏កើតជម្លោះ។

ពេលឈ្លោះប្រកែកគ្នានោះ ធ្វើឲ្យប្តីខឹងបានទះកំផ្លៀងប្រពន្ធមួយដៃ បណ្តាលឲ្យដួល​ហើយភ្លាមនោះ ជនបង្កបានមករករឿងសន្តិសុខថា មកពីហ្អែង បានប្តីប្រពន្ធអញឈ្លោះគ្នាហ្អែង ចង់បំបែកបំបាក់គ្រួសារអញ​មែនទេ?

និយាយមិនទាន់ផុតផង ជនបង្កបានដកកាំភ្លើងខ្លី ពីចង្កេះអាមេភ្ជង់ក្បាលហើយ គំរាមបាញ់សម្លាប់​ចោល​ ដោយប្រើភាសាយ៉ាងធ្ងន់ថា «អញបាញ់ហ្អែងងាប់ម្នាក់ពីរនាក់ ក៏គ្មាននរណាហ៊ាន​ ចាប់អញដាក់គុកដែរ» ហើយ​បុរសរងគ្រោះ មិនបានតបតទេ ទោះបីជាគេគំរាមបាញ់សម្លាប់យ៉ាងណាក្តី​ ហើយជនបង្កនៅតែកាន់កាំភ្លើង ទាំងអាមេរួចដើរភ្ជង់គេទៀត៕

 


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh