CamNews

តារា 

កែវ ផល្លីកា ត្រៀម អូសវ៉ាលីទៅបង្ហាញសម្រស់ នៅវៀតណាមរយៈពេល ៣ថ្ងៃ

ភ្នំពេញ៖  តារាសម្តែងសាច់សរ និងជាពិធីការិនី ឡើងកូដប្រចាំស្ថានីយ ទូរសទ្សន៍ ប៉ុស្តិ៍លេខ៣
កញ្ញា កែវ ផល្លីកា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជន ទូទៅមើលឃើញថា នាងក្តាប់បាន
តំណែង ជាពិធីការិនី រហូតទៅដល់ ៥ កម្មវិធីផ្សេងគ្នា នៅក្នុងស្ថានីយ ទូរសទ្សន៍តែមួយ ។

ចំពោះការក្តោបបាន ជាពិធីការិនីច្រើន ក្នុងដៃនៅស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នេះ ក៏មានការ
លេចឮ ព័ត៌មានថា ស្រីស្រស់ កែវ ផល្លីកា មានគេជួយជ្រោមជ្រែង នាងឲ្យកាន់កម្មវិធី ច្រើនក្នុង
ដៃ ។ ពោលគឺគេចង់មានន័យថា នាងមានខ្នងបង្អែកនៅទីនោះ ទើបនាងមានឱកាសក្តាប់បាន កម្ម
វិធីច្រើនបែបនេះ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។ ប៉ុន្តែបើទោះជា មានការលេចឮ ព័ត៌មាន
បែបនេះ យ៉ាងណាក្តី ក៏មិនបានធ្វើឲ្យ តារាសម្តែងថ្ពាល់ខួច បង្កប់ដោយមន្តស្នេហ៍រូបនេះ ឈឺក្បាល
វិលមុខ ដេកមិនលក់បក់មិនល្ហើយនោះដែរ ។

ប៉ុន្តែផ្ទុយទៅវិញ ការបង្ហាញវត្តមានរបស់នាងជាច្រើន ក្នុងនាមជាពិធីការិនី នៅក្នុងកម្មវីធី របស់
ស្ថានីយទូរសទ្សន៍ បាននាំឱ្យតារាសម្តែងវ័យក្មេង កែវ ផល្លីកា កាន់តែរីកសាយនូវប្រជាប្រិយភាព
និងកេរ្តិ៍ឈ្មោះរបស់នាង មួយកម្រិតថែមទៀត ។ បើទោះបីជានាងមិនសូវបង្ហាញវត្តមាន ក្នុងការ
សម្តែង ខ្សែភាពយន្ត និង ខារ៉ាអូខេបទចម្រៀងក៏ដោយ ។

បន្ទាប់ពីទទួបានជោគជ័យ ជាបណ្តើរៗ ខាងអាជីពជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣
ស្រាប់តែថ្មីៗនេះ មានដំណឹង លេចចេញពីចង្កោម អ្នកសិល្បៈមកថា កញ្ញា កែវ ផល្លីកា កំពុងតែ
ត្រៀមខ្លួនអូសវ៉ាលី ចេញទៅបង្ហាញសម្រស់ដ៏ខ្ចីល្វក់ របស់នាងនៅប្រទេសវៀតណាម ។ ប្រភព
ដដែល បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា កញ្ញា ផល្លីកា នឹងចេញទៅប្រទេស
វៀតណាម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ ជាមួយតារាបង្ហាញម៉ូដ ប្រុសស្រីនៅក្នុង
ក្រុម Sun Super Model ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ការចេញទៅបង្ហាញសម្រស់របស់ស្រីស្រស់ សម្បូរមន្តស្នេហ៍
ផល្លីកា នៅប្រទេសវៀតណាម នាពេលខាងមុខនេះ គឺនាងទៅដើរម៉ូដឲ្យខាងក្រសួងទេសចរណ៍
ហើយមិនមានរយៈពេលយូរនោះទេ គឺត្រឹមតែរយៈពេល៣ថ្ងៃនឹងត្រឡប់មកវិញ ពោលគឺនាង នឹង
ត្រឡប់មកវិញ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៣ ។

គួរបញ្ជាក់ថា កន្លងមកស្រីស្រស់ថ្ពាល់ខួច សម្បូរមន្តស្នេហ៍កញ្ញា កែវ ផល្លីកា បានរងព្យុះភ្លៀងព័ត៌
មាន យ៉ាងសន្ធាប់មក ថា នាងបានលួចសាងស្នេហ៍ស្ងាត់ៗ ជាមួយបុរសម្នាក់ ដែលជាអ្នកសិល្បៈ
និងជិតស្និទ្ធជាមួយគ្នា ។ តែយ៉ាងណាមហាជន មិនទាន់ដឹងច្បាស់ ពីការព័ត៌មានលេចឮនេះ នៅ
ឡើយទេ ព្រោះកញ្ញា ផល្លីកា មិនទាន់បានបកស្រាយប្រាប់បណ្តាញសារព័ត៌មាន ឲ្យបានដឹង
ឡើយ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keo phallyka entertainment khmer star actress mc tv កែវ ផល្លីកា