CamNews

ព័ត៌មានជាតិ 

បញ្ជូនប្តី​ប្រពន្ធ​មេខ្លោង​ ជួញដូរ​គ្រឿងញៀន​ ២នាក់ ទៅឃុំខ្លួន​នៅ​ពន្ធនាគារ​ ព្រៃស ពី​បទ «ជួញដូរ

ភ្នំពេញ៖ មន្ត្រីតុលាការបានឲ្យដឹងថា៖ លោក ឃី ឆៃ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ សៅរ៍ ទី ២៩ ខែវិច្ឆិកា ២០១៤ បានសម្រេចឃុំខ្លួនមេខ្លោងជួញដូរគ្រឿង២នាក់ ដែលត្រូវជាប្តី ប្រពន្ធនឹងគ្នា និងបានបញ្ជូនពួកគេ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ពីបទ«ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន» ដើម្បីរង ចាំការស៊ើបអង្កេតបន្ថែម និង សវនាការនារបស់ពួកគេនា ពេលខាងមុខ។

មន្ត្រីតុលាការរូបនេះ ដែលសុំមិនឲ្យប្រើឈ្មោះ បាននិយាយថា៖  ជនត្រូវចោទទាំង២នាក់ខាងលើ នេះ មានឈ្មោះ ហ៊ាង ពៅ ហៅជុំ ឈឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាអង្គរក្ស (ត្រូវជាប្តី) និង ឈ្មោះនៅ កញ្ញា ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរជាមេឆ្នោតកន្ទុយលេខ។ ពួកគេទាំង២នាក់នេះ  ស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ៣១៨ ក្រុម២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

លោកបានបន្ថែមថា៖ ជនត្រូវចោទទាំង២នាក់នេះ ត្រួវបានចោទប្រកាន់ពីតំណាង អយ្យការ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទ« ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៤០ នៃ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន  ដែលអាចប្រឈមនឹងការជាប់គុក ម្នាក់ៗយ៉ាងតិច២០ឆ្នាំ និង ត្រូវផាកពិនិត្យជាប្រាក់ម្នាក់ៗ យ៉ាងហោចណាស់ ចំនួន ២០លានរៀលទៀត  ប្រសិនបើពួកគេត្រូវបានតុលាការរកឃើញ ពីពិរុទ្ធភាពនោះ។

លោក ប៊ន សំអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនសង្ស័យទាំង២នាក់ខាងលើនេហ ត្រូវបានចាប់ឃាត់ខ្លួន ដោយ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានី នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលរសៀលថ្ងៃទី ២៦ ខែ វិចិ្ឆកា ២០១៤។ ក្រោយប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនពួកគេ សមត្ថកិច្ចនគរបាល ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជិត៣គីឡូក្រាម គ្រឿងញៀនប្រភេទយ៉ាម៉ារាប់ពាន់គ្រាប់, ម៉ាស៊ីនកុំព្យូទ័រ កាំភ្លើងខ្លីម៉ាក TAURUS មួយដើមមានគ្រាប់ចំនួន១៧គ្រាប់, រថយន្តចំនួន៣គ្រឿង និង ប្រាក់ដុល្លារចំនួន ៥៤.៥០០ដុល្លារ និងប្រាក់ខ្មែរ ចំនួន ១៧០លានរៀល ដែលសរុបប្រមាណជិត១០ម៉ឺនដុល្លារ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh