នាងខ្ញុំទើបតែបានស្គាល់បុរសម្នាក់,គេនោះគឺជាបុរសធម្មតាប៉ុណ្ណោះ មិនមានអ្វីល្អលេចធ្លោ
លើសគេនោះទេ ទាំងរូបសំរស់ និងគ្រួសារ ។ ប៉ុន្តែគេគឺជាមនុស្សម្នាក់ក្នុងចំណោមបុរស
តិចបំផុតដែលធ្វើអោយខ្ញុំចង់និយាយលេងជាមួយគេមិនចេះជិនណាយឡើយ ។
ហើយបើនិយាយចំពោះខ្លួនខ្ញុំវិញក៏មិនសូវស្អាតដែរ នេះបើតាមការវាយតំលៃពីអ្នកដែលនៅ
ជុំវិញនាងខ្ញុំ ប៉ុន្តែខ្ញុំតែងសង្កេតឃើញថាមានបុរសក៏មិនតិចនាក់ឡើយដែលតាមចែចង់ នាង
ខ្ញុំនោះ តែពួកគេមិនបានស្ថិតក្នុងអារម្មណ៍របស់ខ្ញុំនោះទេ ដោយសារតែពួកគេបានត្រឹមតែធ្វើ
ឬកពារជាស្រលាញ់ ម្ញ៉ិកម្ញ៉ក់ ដែលធ្វើអោយខ្ញុំគិតថាវាគ្រាន់ជាសន្ទុះមួយឆាវរបស់មនុស្ស
ប្រុសប៉ុណ្ណោះ ដូច្នេះគ្មានន័យអ្វីសំរាប់ធ្វើអោយចិត្តខ្ញុំរំភើបនោះទេ ។
ដោយឡែកបុរសម្នាក់នោះគេមានលក្ខណៈផ្ទុយទៅវិញ រាល់សំដីរបស់គេដែលនិយាយជា
មួយខ្ញុំគឺបានបង្ហាញយ៉ាងច្បាស់ពីភាពស្មោះត្រង់ ស្និទស្នាលបំផុត រាល់សំដីរបស់គេតែង
តែធ្វើអោយបេះដូងរបស់ខ្ញុំមានក្តីរំភើប និងរីករាយ មានភាពកក់ក្តៅជានិច្ច ហេតុដូច្នេះ
ហើយខ្ញុំតែងតែគិតពីគេម្នាក់នោះគ្រប់វេលា ហើយខ្ញុំចង់និយាយពាក្យមួយម៉ាត់ទៅកាន់គេ
ថា "ខ្ញុំចូលចិត្តគេណាស់" តែខ្ញុំមិនហ៊ាន នេះក៏ដោយសារតែនាងខ្ញុំមិនទាន់យល់ច្បាស់ពី
ជំរៅចិត្ត និងមនោសញ្ចេតនាខ្លួនឯង ហើយអ្វីដែលនាងខ្ញុំខ្លាចបំផុតនោះ គឹខ្លាចទទួលបាន
ចំលើយបដិសេធពីគេ ។ ដូច្នេះខ្ញុំចង់សួរប្រិយមិត្តថា តើមនុស្សស្រីអាចសារភាពថា
"ចូលចិត្ត"គេមុនបានដែររឺទេ? ពីព្រោះស្តាប់ទៅពាក្យនេះវាហាក់ដូចជាងាយស្រួលណាស់
តែសំរាប់នាងខ្ញុំវិញហាក់បីដូចជាមិនងាយស្រួលសោះ ។ សង្ឃឹមថានាងខ្ញុំនឹងទទួលបាន
មតិចូលរួមដ៏ល្អៗពីប្រិយមិត្ត !
ជាចុងបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះគេហទំព័រ Camnews ដែលបាន
អនុញ្ញាតអោយនាងខ្ញុំបានធ្វើការបង្ហាញពីក្តីកង្វល់ខ្លះដែលទាក់ទងនឹងជីវិតនិងស្នេហា
នៅលើទំព័រនេះ និងសូមជូនពរអោយគេហទំព័រទទួលបានការពេញនិយមគាំទ្រកាន់តែខ្លាំង
ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ សូមអរគុណ !
ពីនាងខ្ញុំ ល.វ.ល