បុរសវ័យចំណាស់ម្នាក់ឈ្មោះ Mario អាយុ ៥៤ឆ្នាំ កំពុងតែប្រឈមមុខ ជាមួយនឹងយមរាជ ដែលកំពុង តែតាមផ្តាច់ជីវិត ពេលដែលជម្ងឺមហារីករបស់គាត់ បានឈានចូលដល់ដំណាក់កាលចុងក្រោយ។ ស្ទើរ តែពេញមួយជីវិតរបស់ខ្លួន លោក Mario បានផ្តល់នូវសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ក្នុងការថែរក្សា ការពារគ្រប់បណ្តាសត្វទាំងអស់ នៅក្នុងសួនសត្វ Blijdorp Diergaarde Rotterdam (ប្រទេសហូឡង់)។
សត្វ កវែងមួយក្បាលនេះ ទទួលអារម្មណ៍ ដឹងថា មានរឿងមិនល្អ កំពុងតែកើតឡើង
ភាពផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាល ក្នុងអំឡុងរយះពេលដ៏យូរមួយ បានធ្វើឲ្យលោក Mario មិនអស់ចិត្ត ក្នុងការចាកចេញចោល “គ្រួសារទី២” របស់ខ្លួន បើសិនជាមិនបាននិយាយនូវពាក្យថា “លា” ទៅមិត្ត រួមការងារ សួនសត្វ និងសត្វ ដែលលោកធ្លាប់ថែរក្សា។ ហេតុដូច្នេះហើយ រូបគាត់ក៏បានធ្វើការស្នើសុំ ទៅដល់បុគ្គលិក ពេទ្យ រុញគ្រែពេទ្យ ដែលគាត់កំពុងសម្រាកនៅលើនោះ ចូលទៅសួនសត្វ ដើម្បីឲ្យ គាត់បាននិយាយនូវពាក្យ “លា” លាជារៀងរហូត ដល់បណ្តាមិត្តរួមការងារ និងបានសម្លឹងមើលសួន សត្វ និងសត្វ ជាលើកចុងក្រោយផងដែរ។
អ្វីដែលគួរឲ្យរំជួលចិត្តនោះ ក្នុងពេលដែលលោក Mario ត្រូវបានគេនាំចូលដល់ក្នុងសួនសត្វ ស្រាប់តែ មានសត្វ កវែងមួយក្បាល បានដើរចូលមកជិតរូបគាត់ ហើយបានផ្តល់ដល់ បុគ្គលិកសួនសត្វរូបនេះ នូវការថើបលាមួយ ផងដែរ។ ទិដ្ឋភាពដ៏រំជួលចិត្តនេះ បានធ្វើឲ្យអ្នកដែលបាន ឃើញសកម្មភាពនេះ ផ្ទាល់ភ្នែក មិនអាចទប់ទឹកភ្នែក មិនឲ្យស្រក់ចុះ បានឡើយ។
លោក Mario នៅក្បែរមិត្តរួមការងារ នៅសួនសត្វ
Kees Veldboer អ្នកដែលបង្កើតចេញនូវមូលនិធិ Ambulance Wish Foundation ហើយក៏ជាអ្នកដែល បាន រុញគ្រែពេទ្យឲ្យលោក Mario បានចែករំលែកឲ្យដឹងថាៈ “គ្រប់ប្រភេទសត្វនៅក្នុងសួនសត្វ បាន មើលស្គាល់ថាជារូបលោក Mario ហើយពួកវាដឹងថា មានរឿងអ្វីមួយមិនល្អ កំពុងតែកើតមានលើលោក Mario ហើយ។ នោះគឺពិតជាទិដ្ឋភាពមួយ ពិសេសខ្លាំងណាស់។ អ្នកអាចមើលឃើញ Mario បាន បញ្ចេញស្នាមញញឹម ពេលដែលទទួលបានការថើបពីសត្វ កវែងនោះ” ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14