CamNews

ជីវិត និងការងារ 

ក្លាយជាសេដ្ឋី ដោយសារសំរាម ក្រោយពីរត់ចោល មហាវិទ្យាល័យ

កាលពីនៅតូច Brian Scudamore ជាកុមារដែលមានសណ្ដាបធ្នាប់ម្នាក់ ក្នុងបន្ទប់របស់គេ ពុំមាន
របស់របរសម្រាប់លេង ឬរបស់ដទៃ ដែលដាក់ចោលរប៉ាត់រប៉ាយនោះទេ។ ទម្លាប់នេះ ត្រូវបាន
គាត់រក្សាជាប់ មកដល់បច្ចុប្បន្ន។ លោក Brian Scudamore ថ្លែងថា ខ្លួនមិនចូលចិត្តសំរាម ប៉ុន្ដែ
នៅពេលទៅធ្វើការ ពាក្យគន្លឹះសំខាន់ទីមួយរបស់គាត់ គឺពាក្យ “សំរាម”។ បច្ចុប្បន្ន ក្រុមហ៊ុន 1-800
-GOT-JUNK? របស់គាត់ មានតម្លៃរាប់លានដុល្លារ មានតួនាទីប្រមូលសំរាម និងដឹកជញ្ជូនវាទៅ
កាន់រោងចក្រកែច្នៃ ឬហាងលក់ទំនិញមួយទឹក។

បណ្ដាញរបស់ក្រុមហ៊ុននេះ មានមូលដ្ឋាននៅ Vancouver ហើយគិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន
របស់ Brian Scudamore បានពង្រីកសាខាឡើងដល់ ៣២៥តំបន់។ ពីទឹកប្រាក់វិនិយោគ តែ ៧០០
ដុល្លារ កាលពីឆ្នាំ ១៩៨៩ 1-800-GOT-JUNK? បានក្លាយជាក្រុមហ៊ុនដែលមានការរីកចម្រើន លឿន
បំផុតក្នុងពិភពលោក ដោយមានរថយន្ដចំនួន ១.០០០គ្រឿង នឹងប្រាក់ចំណូលជាង ១០៧លាន
ដុល្លារអាមេរិក។ សម្រាប់ Brian Scudamore សំរាមគឺជាប្រាក់។

ជោគជ័យដែលមានដូចបច្ចុប្បន្ន តាមពិតវាត្រូវបាន Brian Scudamore កំណត់នៅក្នុងខួរក្បាល
តាំងពីយូរមកហើយ ចាប់ពីថ្ងៃបង្កើតក្រុមហ៊ុនដំបូង។ រំលឹកនូវមុខរបររយៈពេល ២០ឆ្នាំកន្លង លោក
Brian Scudamore សង្កត់ធ្ងន់ថា ៖ “ខ្ញុំមានចក្ខុវិស័យច្បាស់លាស់ អំពីការងារដែលខ្លួនចង់ធ្វើ អំពី
សមត្ថភាពពិតរបស់ខ្លួន”។

ចំណូលចិត្តនៃការរកស៊ីរបស់ Brian Scudamore បានកើតឡើងកាលពីគាត់នៅជាកុមារ។ នៅ
ពេលមិត្តរបស់គាត់ម្នាក់ បង្កើតសេវាកម្មលាងរថយន្ដ ក្នុងតម្លៃ ២ដុល្លារ/គ្រឿង Brian Scudamore
ក៏បង្កើតតង់លក់ទំនិញមួយ តម្លៃ ១,៥ដុល្លារ/ទំនិញ។ ពេលធំឡើង និងទៅរៀន Scudamore ក៏
បាន បើកហាងតូចមួយក្នុងសាលា ដើម្បីលក់ស្ករគ្រាប់ នំ និងអាហារនានា។ ហាងនេះ មានភ្ញៀវ
កាន់តែច្រើនឡើងៗ រហូតដល់សាលាត្រូវបង្ខំឱ្យបិទទ្វារ។ អារម្មណ៍ចង់ធ្វើជំនួញ កាន់តែពុះ
កញ្ជ្រោល នៅពេលគាត់ជិតបញ្ចក់ការសិក្សាកម្រិតទីបី។

Brian Scudamore នៅតែដាក់ពាក្យចូលសិក្សា នៅសាលា Concordia ក្នុងតំបន់ Montreal។ នៅ
ថ្ងៃមួយ ពេលកំពុងហូបអាហារក្នុងហាង McDonald's លោក Brian Scudamore មើលតាមបង្អួច
ឃើញរថយន្ដដឹកសំរាមមួយគ្រឿង ផ្ទុករបស់របរចាស់ៗ។ ភ្លាមនោះ គំនិតជំនួញមួយបានកើត
ឡើងក្នុងខួរក្បាលរបស់គាត់។ “នេះហើយ រថយន្ដមាសរបស់យើង។ ហេតុអ្វីមិនទិញរថយន្ដមួយ
គ្រឿង ដើម្បីដឹកសំរាមដោយមិនគិតថ្លៃ?”។ ដូច្នេះ Brian Scudamore ក៏ចាប់ផ្ដើមតាមប្រមាញ់
គំនិតជំនួញរបស់ខ្លួន។ Brian Scudamore វិនិយោគ ៧០០ដុល្លារអាមេរិក ដើម្បីទិញរថយន្ដចាស់
មួយគ្រឿង។ មុខរបររបស់គាត់ ចាប់ផ្ដើមដំណើរការយ៉ាងឆាប់រហ័ស។

នៅពេលការងារកាន់តែមមាញឹក Brian Scudamore ក៏សម្រេចចិត្តឈប់សិក្សា ដោយពេលនោះ
គាត់មានរថយន្ដ ៣គ្រឿង។ មកដល់ដំណាក់កាលនេះ គាត់មានអារម្មណ៍ថា ត្រូវតែគូសវាស
សម្រាប់ក្រុមហ៊ុន។ ឆ្នាំ ១៩៩៨ លោកបានដាក់គោលដៅ ៖ ក្នុង ៥ឆ្នាំទៅមុខ ក្រុមហ៊ុនដឹកជញ្ជូន
សំរាមរបស់គាត់ ត្រូវតែមានវត្តមាននៅក្នុងក្រុងធំៗចំនួន ៣០ នៅអាមេរិក និងកាណាដា។

ដំបូងឡើយ ក្រុមហ៊ុនរបស់គាត់ មានឈ្មោះថា “The Rubbish Boys” ប៉ុន្ដែ នៅពេលមិត្តម្នាក់នឹក
ឃើញឃ្លា “Got Junk?” Scudamore ក៏យល់ថា គម្រោងដែលគាត់បានគូសវាស បានក្លាយជាការ
ពិត ហើយគាត់ច្បាស់ក្នុងចិត្តថា ឈ្មោះ 1-800-GOT-JUNK? នឹងក្លាយជាឈ្មោះក្រុមហ៊ុនរបស់ខ្លួន
ហើយលោក ត្រូវតែមានខ្សែទូរស័ព្ទ ដែលមានលេខដូចក្នុងឈ្មោះក្រុមហ៊ុន។ លោក Scudamore ចាប់ផ្ដើមទូរស័ព្ទទៅអង្វរសុំឱ្យម្ចាស់លេខទូរស័ព្ទ ដែលជាការិយល័យគ្រប់គ្រងអាកាសចរណ៍ក្នុង
តំបន់ Idaho ឱ្យផ្ទេរលេខទូរស័ព្ទនេះដល់ខ្លួន។ ក្រោយពីការអង្វរសុំ មួយលើកជាពីរលើក ចុង
ក្រោយ ការិយល័យគ្រប់គ្រងអាកាសចរណ៍ក្នុងតំបន់ Idaho ក៏យល់ព្រមផ្ដល់លេខទូរស័ព្ទនោះ
ដល់គាត់ ដោយមិនយកប្រាក់។

ដោយមានឈ្មោះថ្មី មានបុគ្គលិកឆ្នើមក្នុងការិយាល័យ នៅ Vancouver មុខជំនួញរបស់លោក
Scudamore ក៏រីកចម្រើនដូចខ្លែងត្រូវខ្យល់។ មកដល់ពេលនេះ ក៏បានបង្កើតការិយាល័យមួយ
ក្រុង Sydney ប្រទេសអូស្ដ្រាលី ព្រោះថា នៅទីនេះ មានវប្បធម៍ប្រហាក់ប្រហែលនឹងកាណាដា។

កាលពីពេលមួយនោះ ក្រុមបុគ្គលិករបស់គាត់ បានចំណាយពេល ៥ថ្ងៃ ដើម្បីបែងចែក​ប្រភេទ
​របស់សំរាមដែលបានទុកអស់រយៈពេល ១ទសវត្ស នៅក្នុងហាងលក់របស់ចាស់ៗមួយ នៅ
Vancouver ។ នៅកណ្ដាលគំនរ សំរាម ពុំមានអ្នកណាម្នាក់គិតថា នឹងមានរបស់ដ៏មានតម្លៃ ប៉ុន្ដែ
ក្រដាស់ប្រាក់របស់ធនាគារកាណាដា ឆ្នាំ ១៩៣០ មានតម្លៃ ៤០០.០០០ដុល្លារ បានលេចឡើង
ហើយបើកគិតទៅតាមតម្លៃបច្ចុប្បន្ន ក្រដាស់ប្រាក់នេះ មានតម្លៃដល់ទៅ ៥លានដុល្លារអាមេរិក
នេះបើតាមសម្ដីរបស់ Scudamore ។

ដោយមានខួរក្បាលជាអ្នកជំនួញ លោក Scudamore អះអាងថា 1-800-GOT-JUNK? នៅតែមាន
កន្លែងរកស៊ីដែលមានតម្លៃខ្ពស់។ គោលដៅធំបន្ទាប់របស់គាត់ គឺ ប្រាក់ចំណូល ១ពាន់លានដុល្លារ ហើយក្រុមហ៊ុននឹងបើកការិយាល័យនៅក្នុងប្រទេសធំៗចំនួនពីរផ្សេងទៀត៕

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ americanexpress/entrepreneurs