ភ្នំពេញ៖ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី បានសម្ដែងអារម្មណ៍ក្ដៅក្រហាយ នឹងព័ត៌មានជាមួយនឹងវីដេអូ ដែលបានចុះផ្សាយថា នាងឱបថើបជាមួយនឹងប្រុសក្នុងរថយន្ត តែការពិតវីដេអូដែលបង្ហាញថា នាងឱបថើបនោះ មិនមែនជាមនុស្សប្រុសទេ គឺជាមួយនឹងមិត្តភ័ក្តិរួមអាជីព កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ប៉ុណ្ណោះ។
ការប្រតិកម្មរបស់ស្រីស្រស់ គង់ វង្សយ៉ាទី ពិធីការិនី កម្មវិធីរាត្រីកម្សាន្តនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានអនឡាញ មួយចំនួនធំបានបង្ហោះវីដេអូ និងកាត់-តថា អ្នកដែលនៅក្នុងវីដេអូ ថើបគ្នាជាមួយនាងនោះជាមនុស្សប្រុស តែការពិតគឺជាកញ្ញា ម៉ាក សែនសូនីតា ស្រីដូចគ្នាប៉ុណ្ណោះ។
កញ្ញា គង់ វង្សយ៉ាទី បានសរសេរប្រតិកម្មរបស់ខ្លួន តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយភ្ជាប់ជាមួយរូបភាពផងដែរថា "ទាំងអស់គ្នាជួយគិតមើល វីដេអូនេះ គឺជាមិត្តភ័ក្តិរបស់ខ្ញុំ ម៉ាក សែនសូនីតា ហៅតូតា ដែលបានថើបខ្ញុំក្នុងថ្ងៃបុណ្យណូអែល ហើយមានអ្នកយករូបទៅកាត់ ថាខ្ញុំថើបគ្នាជាមួយមនុស្សប្រុស"។
សូមជម្រាបថា វីដេអូរបស់កញ្ញា គង់ វង្សយ៉ាទី ថើបជាមួយនឹងកញ្ញា ម៉ាក សែនសូនីតា កំពុងល្បីល្បាញពេញ Facebook ដោយសារការ Share តៗគ្នា ពីម្នាក់ទៅម្នាក់ ដូច្នេះទើបពិធីការិនីរូបនោះអត់ទ្រាំពុំបាន ក្ដៅស្លឹកត្រចៀក ប្រតិកម្មវិញភ្លាមៗ៕