CamNews

ជីវិត និងការងារ 

ផ្ទះធ្វើអំពីលាមកគោ នៅភូមិក្រីក្របំផុត ក្នុងពិភពលោក

គេអាចនិយាយបានថា Kassena គឺជាជនជាតិដែលមានជីវភាពក្រីក្របំផុតក្នុងពិភពលោក ប៉ុន្ដែ
ផ្ទះសម្បែងដែលធ្វើអំពីដី និងលាមកគោរបស់ពួកគេ ស័ក្ដិសមនឹងចាត់ទុកថា ជាស្ថាបត្យកម្ម
ពិសេសបំផុត។


នៅភាគខាងត្បូងនៃប្រទេស Burkina Faso (ប្រទេសក្រីក្របំផុតមួយ នៅអាហ្វ្រិកខាងលិច)
ក្បែរព្រមដែនជាមួយ Ghana មានភូមិតូចមួយ មានឈ្មោះថា Tiébélé ជាកន្លែងរស់នៅរបស់
កុលសម្ព័ន្ធ Kassena ។ ភូមិនេះ មានឈ្មោះល្បី ដោយសារតែផ្ទះរបស់ពួកគេ ធ្វើអំពីដី និង
លាមកគោ និងមានការតុបតែង យ៉ាងស្រស់ស្អាត។


ជនជាតិ Kassena បានចាប់ផ្ដើមមកតាំងទីលំនៅ ក្នុងភូមិនេះ តាំងពីសតវត្សទី ១៥ ហើយផ្ទះដី
ទាំងនេះ គឺជាវប្បធម៌ ប្រពៃណីពីដូនតារបស់ពួកគេ។

Burkina Faso គឺជាប្រទេសក្រីក្របំផុតនៅអាហ្រ្វិក ចំណែកតំបន់ Tiébélé ត្រូវបានគេចាត់ជា
កន្លែងក្រក្រីបំផុតក្នុងពិភពលោក។ ប៉ុន្ដែប្រជាជនក្នុងភូមិនេះ បែរជាមានវប្បធម៌ ល្អអស្ចារ្យ ពួក
គេតែងមានការសប្បាយរីករាយ ជឿជាក់ក្នុងជីវភាពរស់នៅ។ ការសាងសង់ផ្ទះ និងតុបតាំង
លំអផ្ទះ ក៏មានរបៀបរៀបរយ។


ការសាងសង់ផ្ទះនិមួយៗ គឺតែងមានការចូលរួមពីប្រជាជនទាំងឡាយក្នុងភូមិ ហើយការតុប
តែងផ្ទះ ត្រូវបានចាត់ទុកជាភារៈរបស់ស្ដ្រីមេផ្ទះ។ វត្ថុធាតុដែលត្រូវបានយកមកសាងសង់ផ្ទះ
គឺមាននៅក្នុងភូមិ ដែលពួកគេងាយស្រួលក្នុងការស្វែងរក ដូចជា ដីឥដ្ឋ ឈើ ចម្បើង និង
លាមកគោជាដើម។ ផ្ទះមួយខ្នង នឹងមានគ្រឹះធ្វើអំពីថ្ម ជញ្ជាំងធ្វើអំពីដីឥដ្ឋ មានកម្រស់ពី ៣០ទៅ
៤០សង់ទីម៉ែត្រ ចំណែកដំបូលធ្វើអំពីឈើ និងចម្បើង រីឯបង្អួចមិនត្រូវបានគេយកចិត្តទុកដាក់
នោះទេ ដោយគ្រាន់តែមានរន្ធខ្លះដើម្បីទទួលពន្លឺ និងឱ្យខ្យល់ចូល។


បន្ទាប់ពីដំណាក់កាលសាងសង់ ស្ដ្រីទាំងឡាយ នាំគ្នាប្រើប្រាស់ល្បប់ និងដីស ដើម្បីគូររូប
លំអផ្ទះ។ រូបទាំងនោះ អាចជារូបនិមិត្តរូបនៃសាសនា សកម្មភាពរស់នៅ ឬរូបផើងផ្កា។ល។
ក្រោយពីបានគូររួច ពួកគេក៏នឹងជ្រើសរើសថ្មដែលមានពណ៌ប្រហាក់ប្រហែលនឹងរូប ដើម្បីគូស
ពណ៌ ទើបយកប្រេងរបស់ដើម Nere លាបពីលើ ដើម្បីជួយរក្សាឱ្យរូបភាពគង់វង្សបានយូរ។


ផ្ទះទាំងនេះ ប្រាកដជាមិនមានផាសុខភាពសម្រាប់រស់នៅនោះទេ ប៉ុន្ដែចំណុចពិសេសរបស់វា
កំពុងតែបង្កភាពទាក់ទាញជាខ្លាំង ហើយក៏មានភ្ញៀវទេសចរណ៍កាន់តែច្រើន ទៅទស្សនាស្វែង
យល់វប្បធម៌នៅភូមិក្រីក្រមួយនេះ។


ដោយ ៖ តារា
ប្រភព ៖ dailymail