CamNews

តារា 

អ្នកបន្លំ Account Facebook របស់ នីកូ បោកយក​​លុយ​​ពី​ក្រៅប្រទេស ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន

ភ្នំពេញៈ បុរសវ័យក្មេងម្នាក់បានបង្កើត Account Facebook របស់ តារាចម្រៀងល្បីឈ្មោះ និយមតែងខ្លួនបែបសា្តយកូរ៉េ លោក នីកូ បាន យកបណ្តាញ ទំនាក់ទំនងសង្គមមួយនេះ ធ្វើជាធ្នាក់បោកប្រាស់លុយពីអ្នកគាំទ្រ និង ស្រលាញ់លោក នៅក្រៅប្រទេស អស់រយៈពេលជិត២ឆ្នាំមកនោះ ត្រូវបានសមត្ថកិច្ចចាប់ ខ្លួនហើយ ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក នីកូ បានទូរស័ព្ទមកប្រាប់គេហទំព័រ Looking TODAY ឲ្យដឹង នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះថា អស់រយៈពេលជិត២ ឆ្នាំ ហើយ ដែលបុរសវ័យក្មេងម្នាក់បានបង្កើត Account Facebook របស់លោក ដោយដាក់ឈ្មោះថា “Nico Valentine” ធ្វើការឆបោកទៅលើទស្សនិកជន និងអ្នកដែលស្រលាញ់គាំទ្រ លោកជាពិសេសបងប្អូន ដែលរស់នៅក្រៅប្រទេស ហើយនៅក្នុងនោះ មានអ្នកគាំទ្ររបស់លោក នៅក្រៅប្រទេសម្នាក់ បានក្លាយជាជនរងគ្រោះ ដោយសារតែអ្នកបន្លំ Account នោះ បានលួងលោម ឲ្យគាត់ផ្ញើលុយមក ឲ្យដោយក្នុងមួយខែ ៣០០ទៅ៤០០ដុល្លារ ។

តារាចម្រៀងដែលទើបតែ បានគ្រងតំណែងតួឯកក្នុងរឿង “សង្សារខ្មោច” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “សម្រាប់ខ្ញុំគឺបានប្រកាសឈប់លេង Facebook ៣ឆ្នាំហើយ ព្រោះតែខ្ញុំមិនចង់ឲ្យមានបញ្ហា អ្វីកើតឡើងជាយថាហេតុ តាមរយៈបណ្តាញមួយនេះ ប៉ុន្តែនៅទីបំផុតអ្វីដែលខ្ញុំខ្លាចរអា គឺបានកើតឡើងមែន ដោយថ្មីៗខ្ញុំទើបតែដឹងថា មានបុរសម្នាក់ដែលក្លែងធ្វើជាអ្នកគាំទ្រខ្ញុំបានបង្កើត Account Facebook ខ្ញុំយកទៅបោកប្រាស់ទស្សនិកជន នៅក្រៅប្រទេសតាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយគេបានឲ្យអ្នករស់នៅក្រៅប្រទេស ដែលស្រលាញ់រាប់អាន ខ្ញុំប្រៀបដូចជាកូនចៅ ផ្ញើរលុយឲ្យជារឿយៗ បើគិតរហូតមកដល់ពេលនេះ ប្រហែលជារាប់ពាន់ដុល្លារហើយ។

នីកូ បានបញ្ជាក់ថា បក្ខពួកមានគ្នា ៣នាក់ (ប្រុស២ ស្រីម្នាក់) ដោយស្រីដើរតួធ្វើជាសង្សារក្លែងក្លាយ របស់លោក ដើម្បីបោកប្រាស់គេ ហើយឲ្យតែលោក ចុះខនសឺតម្តងៗ នាងតែងតែមកសុំថតរូបជាមួយលោក ហើយយកទៅបង្អួតគេថា ខ្លួនជាស្រីគូស្នេហ៍របស់លោក ។ មិនត្រឹមតែប៉ុណ្ណោះអ្នកបន្លំម្នាក់នោះ ថែមទាំងមានសំលេងស្រដៀង និងលោកហើយប្រើលេខទូរស័ព្ទដូចគ្នា (ខុសតែក្បាល) ជាមួយលោកទៀតផង ដែលនេះគឺជាចេតនាមួយដែលពួកគេ ចង់ធ្វើឲ្យទស្សនិកជនមាន ការយល់ច្រឡំថារូបគេគឺជាតារាចម្រៀង នីកូ ៕

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបន្លំ Account Facebook របស់លោក នីកូ មានឈ្មោះថា ពេជ្រ ភីរុណ មានអាយុ២៣ឆ្នាំ ភេទប្រុស ដែលត្រូវបានកំលាំងសមត្ថកិច្ច នាយកដ្ឋាន ព្រហ្មទ័ណ្ឌ ក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនបាន នៅភោជនីយដ្ឋាន “តាយម៉េង” កាលពីម្សិលមិញ ហើយនឹងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃស្អែក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news