រតនគិរីៈ នៅកណ្តាលបេះដូងក្រុងបានលុង ខេត្តរតនគិរី គេសង្កេតឃើញ មានកន្លែងបើកភ្នាល់បាល់ទាត់ ជាច្រើនកន្លែង ដោយសេរី ដោយពុំមានការខ្លាចញញើត សមត្ថកិច្ចខាងណាឡើយ។
សកម្មភាពនេះ ត្រូវបានគេរិះគន់ថា ទំនងជាសមត្ថកិច្ចមួយចំនួន នៅក្នុងខេត្តត្រូវថ្នាំសណ្តំអស់ទៅហើយ ទើបបានជាមានការ បើកលេងយ៉ាងចំហ ផ្ទុយពីគោនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល។
តាមប្រភពព័ត៌មាន ពីអ្នកនិយមល្បែងភ្នាល់បាល់ទាត់ បានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ដូចជាតាមហាងកាហ្វេ និងកន្លែងបុកប៊ីយ៉ែ។
អ្នកក្រុងបានលុងភាគច្រើន និយាយថា អ្វីកាន់តែព្រួយបារម្ភនោះ គឺគេពុំដែលឃើញមានការហាមប្រាម ពីសំណាក់សមត្ថកិច្ចមូលដ្ឋានទេ ហើយជាការពិតល្បែងស៊ីសងនេះ នឹងបង្កឲ្យមានចោរឆក់ ចោរលួច ចោរប្លន់ជាដើម។
អ្នកក្រុងបានលុងនិយាយទៀតថា មិនត្រឹមតែមិនខ្លាចរអែងទេ ក្រុមមេល្បែងភ្នាល់បាល់ទាត់ បានអួតក្អេងក្អាងថា គ្មានអ្នកណាហ៊ានមកចាប់ពួកគេទេ ព្រោះមានខ្សែក្រាស់ និងមានខ្នងធំណាស់ចាំបាច់ខ្លាចអី។ ម្យ៉ាងទៀតពួកគេ បានបង់លុយទៅឲ្យសមត្ថកិច្ច មួយចំនួនអស់ទៅហើយ ទើបបានជាបើកលេងដោយចំហ គ្មានខ្លាចញញើតបែបនេះ។
ទាក់ទិនទៅនឹងសកម្មភាព ល្បែងភ្នាល់បាល់ទាត់រីកដូចផ្សិត នៅកណ្តាលក្រុងបានលុង ដោយគ្មានការបង្ក្រាបនេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺពីលោក អ៊ុក សំអុល អភិបាលនៃគណៈអភិបាលក្រុងបានលុងបានទេ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥នេះ។
សូមបញ្ជាក់ផងដែរថា ល្បែងស្ទូចត្រីផ្សងសំណាង ធ្លាប់មានតែក្នុងកាស៊ីណូ តែបច្ចុប្បន្នមានវត្តមានក្នុងក្រុងបានលុង សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញថា ក្រុងបានលុងពោលពេញ ទៅដោយល្បែងស៊ីសង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល