CamNews

ព័ត៌មានជាតិ 

ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះ លក់ក្រណាត់ នៅម្តុំផ្លូវភ្លោះអូរឬស្សី

ភ្នំពេញ៖ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះផ្ទះអ្នកលក់  ក្រណាត់តាមបណ្តោយផ្លូវ១២៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា (ម្តុំផ្លូវភ្លោះអូរឫស្សី )។

យោងតាមសេចក្តីរាយការណ៍ភ្លាមៗពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ ផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាស។  ហើយផ្ទះ ដែលរងការឆាបឆេះជាផ្ទះជាន់ទី១ ដែលមានផ្ទុកទៅដោយដុំក្រណាត់។

រហូតដល់ម៉ោង ៨ និង៥១នាទីថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំងកងកម្លាំងពន្លត់អគ្គិភ័យកំពុង ជួយអន្តរាគមន៍ និងបាញ់ទឹកពន្លត់។ សេចក្តីរាយការណ៍បន្តថា រថយន្តពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ ចំនួន ៣គ្រឿង.

រហូតមកដល់វេលាម៉ោង ៩ និង៣៩នាទី ពោលក្រោយការឆាបឆេះរយៈពេលជាង ១ម៉ោងនេះ ភ្លើងមិនទាន់រលត់ទៅវិញនៅឡើយទេ តែការអន្តរាគមន៍នៅតែបន្ត ញាប់ដៃញាប់ជើងដដែល។ សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅកាន់កន្លែងកើតហេតុ ហើយបាញ់ទឹកអស់ ២០រថយន្តផងដែរ។

ដោយសារតែកន្លែងឆាបឆេះមានផ្លូវតូចចង្អៀត និងនៅខ្ពស់ ពីបាកក្នុងការបាញ់ពន្លត់នោះ នៅពេលនេះ រថយន្តពន្លត់អគ្គិភ័យមកពីកងពលអន្តរាគមន៍ង៧០ បានបញ្ចេញរថយន្ត ដែលមានជណ្តើរវែង បានចេញមកជួយអន្តរាគមន៍ផងដែរ។

សេចក្តីរាយការណ៍បន្តថា អគ្គិភ័យបានឆេះរាលដាលទៅផ្ទះ ដែលក្បែរនោះផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh