CamNews

តារា 

ណុប បាយ៉ារឹទ្ធិ ខឹងច្រឡោត អតិថិជនមួយគូ ជួលសំអាងការខ្លួន មិនឲ្យលុយគ្រប់

តារាចម្រៀងប្រុសល្បី ចាស់វស្សា ប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារឹទ្ធិ បានបង្ហាញ ពី ការខឹងច្រឡោតយ៉ាងខ្លាំង ចំពោះអតិថិជនមួយគូ ដែលបានរៀបការ និងជួលសំអាងការបស់លោក រួច រាល់ហើយ មិនព្រមបង់លុយឲ្យគ្រប់ចំនួន ។ បើតាមការចែករំលែក នៅលើបណ្តាញទំនាក់ទំនង សង្គម ហ្វេសប៊ុក (Facebook) កាលពីពេលថ្មីៗនេះ លោក ណុប បាយ៉ារឹទ្ធិ បានឲ្យដឹងថា មានគូស្វាមី ភរិយា មួយគូ ដែលបានប្រារព្ធអាពាហ៍អាពាហ៍ កាលពីថ្ងៃទី០១ ខែធ្នូ នៅមជ្ឈមណ្ឌល កោះពេជ្រ បានមកជួល សំអាងការរបស់គាត់ ក្នុងតំលៃ ១៧០០ ដុល្លារ ក្នុងនោះបានកក់លុយមុនចំនួន ៥០០ ដុល្លារ។ តាមរយះ ការចែករំលែក នៅក្នុងហ្វេសប៊ុក បានឲ្យដឹងបន្ថែមទៀតថា ជាទូទៅរាល់អតិថិជន ដែលបានមកជួល សំអាងការរបស់គាត់ គឺរូបគាត់ផ្ទាល់ នឹងចូលរួមច្រៀង ក្នុងពិធីមង្គលនោះ ចំនួន ៣បទ ដោយមិនគិតថ្លៃ ប៉ុន្តែលុះត្រាណាតែ នៅថ្ងៃនោះ គាត់មិនមានជាប់ រវល់ការងារសំខាន់អ្វីដែរ។

លោក ណុប បាយ៉ារឹទ្ធិ បានខឹងសម្បារទៅលើអតិថិជនមួយគូ ខាងលើ ដែលក្នុងនោះ យ៉ារឹទ្ធិ ក៏បាន បង្ហើបឲ្យដឹងថា បុរសជាស្វាមី ធ្វើដល់ទៅអ្នកច្បាប់ផងនោះ ដោយសារតែ គូស្វាមីមួយគូនេះ មិនព្រម ប្រគល់លុយដែលនៅសល់ចំនួន ១២០០ ដុល្លារ ទៀត នៃថ្លៃសំអាងការ ព្រមទាំងចង្អុលមុខ និងប្រើ សំដីមិនសមរម្យ ដល់ម្តាយរបស់គាត់ ថែមទៀតផង។

"មានអតិថិជន ដែលបានរៀបមង្គលការមួយគូ ពិតជាថោកទាបណាស់។ មង្គលការនោះ បានប្រារព្ធ ធ្វើនៅថ្ងៃទី ០១ ខែធ្នូ នៅកោះពេជ្រ យកសំអាងការខ្ញុំ ហើយអត់ឲ្យលុយ។ ធ្វើដល់ទៅជាអ្នកច្បាប់ ហើយនៅថោកទៀត។ ជាធម្មតាខ្ញុំតែងតែទៅច្រៀងជូន ចំនួន ៣បទ មិនគិតថ្លៃ សម្រាប់អតិថិជនណា បានជួលសំអាងការខ្ញុំ។ ច្រៀងជូនមិនគិតថ្លៃ ប៉ុន្តែល្គឹកណាខ្ញុំទំនេរដែរ បានខ្ញុំទៅច្រៀងជូនបាន ព្រោះ ខ្ញុំមិនបានគិតលុយ ចម្រៀង ៣បទហ្នឹង ក្នុងថ្លៃឈ្នួលសំអាងការទេ។ ដោយសារតែ នៅថ្ងៃទី ០១ ខែធ្នូ ខ្ញុំរវល់ទៅច្រៀង ខនសឺត (Concert) យុវជន នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ដោយកម្មវិធី ត្រូវចូល រួមតាំងពីម៉ោង ៣រសៀល"។ ប្រហែលជា មានការឈ្លោះប្រកែកគ្នា ដោយខាង អតិថិជន មិនជឿថា លោក ណុប បាយ៉ារឹទ្ធិ រវល់ច្រៀងនៅ ស្តាតអូឡាំពិក, យ៉ារឹទ្ធិ បានបន្តចែករំលែកឲ្យដឹងបន្ថែមទៀត ថាៈ "នៅពេលដែលម៉ាក់ខ្ញុំ និយាយថា បើមិនជឿ គាត់នឹងសុំខាងកម្មវិធី ធ្វើក្រដាស់បញ្ជាក់ថា ខ្ញុំពិត ជារវល់ច្រៀង នៅស្តាតអូឡាំពិកមែន នៅថ្ងៃទី ០១ ខែធ្នូ ហ្នឹង វាទៅជាថាឲ្យម៉ាក់ខ្ញុំ កុំនិយាយរឿង Concert អ្នកធំ ទៅគំរាមវា...។ យី! អាឡប់ធ្វើដល់ទៅអ្នកច្បាប់...! ពិតជាថោកណាស់ រៀបការអត់ មានភ្ញៀវចូលរួម សល់ដល់ជាង ២០តុ ស្រាប់តែមករករឿង សំអាងការខ្ញុំ និងមិនឲ្យលុយម៉ាក់ខ្ញុំទៀត ហើយថែមទាំងប្រើសំដីថោកទាប ដេញឲ្យម៉ាក់ខ្ញុំទៅប្តឹង។ អូខែ! បើអ្នកឯងមិនឲ្យលុយទេ ខ្ញុំនឹង បង្ហាញរូបថតអ្នកឯង នៅក្នុងហ្វេសប៊ុក ទំព័រសារព័ត៌មាន ទូរទស្សន៍ ហើយខ្ញុំនឹងប្តឹងទៅ គណៈ មេធាវី។ កុំគិតថា ខ្លួនឯងធ្វើជាអ្នកច្បាប់ ចង់ឡូយដាក់អ្នកណា ក៏បាននោះ កុំច្រឡំ ស្រុកមាន ច្បាប់..."។

ដូច្នេះ ហេតុផលដែលអតិថិជនមួយគូខាងលើ  ដែលតាំងពីលោក បើកសំអាងការ ៥ឆ្នាំមកហើយ មិនដែលបានជួប រឿងរ៉ាងប្រភេទនេះ មិនព្រមប្រគល់លុយដែលនៅសល់ ១២០០ ដុល្លារទៀតនោះ គឺដោយសារតែ មិនឃើញលោក ណុប បាយ៉ារឹទ្ធិ ទៅច្រៀងជូន ៣ បទ នៅក្នុងពិធីការរបស់គេ។​ ជាក់ស្តែង នៅថ្ងៃទី ០១ ខែធ្នូ ដែលគូស្វាមីភរិយាមួយគូ ខាងលើប្រារព្ធធ្វើពិធីនោះ គឺចំថ្ងៃដែល លោក ណុប បាយ៉ារឹទ្ធិ បាន រវល់ជាប់ច្រៀង នៅក្នុងកម្មវិធីប្រគុំតន្រ្តីដ៏ធំមួយ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ដែលលោក ណុប បាយ៉ារឹទ្ធិ បានចូលរួម តាំងពី ម៉ោង ៣រសៀល មកម្ល៉េះ។ 

ទន្ទឹមនឹងការចែករំលែក នៅក្នុងហ្វេសប៊ុក របស់លោក ណុប បាយ៉ារឹទ្ធិ ខាងលើនេះ មានមិត្តៗយុវវ័យ ដែលជាអ្នកគាំទ្រ របស់លោក បានចូលរួមបញ្ចេញមតិជាច្រើន គាំទ្រលោក ក៏ដូចជាបានបញ្ចេញ កំហឹងតិះដៀល  ទៅលើអ្នកច្បាប់ម្នាក់នោះ យ៉ាងចាស់ដៃផងដែរ ៕

ដោយ៖ សិលា
ប្រភព៖ ហ្វេសប៊ុក Nop Bayyareth


Tags: nop bayyareth singer hangmeas entertainment khmer super star