CamNews

តារា 

ខេមរៈ សេរីមន្ត ទទូច​ឲ្យ​ភាគី​ខាង​ក្រុមហ៊ុន​ យល់ពី​អារម្មណ៍​ជន​រង​គ្រោះ​​ (Video Inside)

ភ្នំពេញៈ បន្ទាប់ពីតុលាការ សាលាដំបូង ខេត្តព្រះសីហនុ បានកាត់សេចក្តី ឲ្យជនរងគ្រោះឈ្នះក្តី និងតម្រូវឲ្យភាគី ខាងក្រុមហ៊ុន ទាំងពីរ សងសំណង ជំងឺចិត្ត ទៅឲ្យជនរងគ្រោះ អស់រយៈពេល ជាច្រើនខែ មកហើយ សម្រាប់ភាគី ខាងក្រុមហ៊ុន ហាក់ដូចជាមិនទាន់ បានបញ្ចេញ កាយវិការ ណាមួយ យកចិត្តទុកដាក់ សងបំណុលដល់ ជនរងគ្រោះឡើយ ។ កាលពីថ្ងទី២៤ ខែធ្នូនេះ តារា ចម្រៀង ប្រចាំផលិតកម្ម សាន់ដេ បានចេញមុខរៀបរាប់ ពីទឹកចិត្ត ឈឺចាប់របស់ជនរងគ្រោះ និង ទទូចឲ្យភាគី ក្រុមហ៊ុនយល់ ពីអារម្មណ៍របស់ពួកលោក និងឆាប់ចេញមុខ ដោះស្រាយ សងជំងឺចិត្ត ឲ្យកាន់តែឆាប់ ។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន នៅស្នាក់ការសមាគម សិល្បករខ្មែរ តារាចម្រៀងល្បីឈ្មោះ បុរសសង្ហា លោក ខេមរៈ សេរីមន្ត បានប្រាប់ឲ្យដឹង ថា អស់រយៈពេល ជិត១ឆ្នាំ ហើយ ដែល លោក និងជនរងគ្រោះ ទាំងអស់ មានអារម្មណ៍ធុញធប់ ក្រោយពីកើតមាន គ្រោះថ្នាក់ចរាចរណ៍ ។ បើទោះបីជាតុលាការ កាត់ក្តីឲ្យជនរងគ្រោះ ឈ្នះក៏ដោយ ក៏យើងនៅមិនទាន់ បានទទួលសំណង ជំងឺចិត្តណាមួយឡើយ ។ រហូតដល់មានដី កាពីតុលាការ ជាលើកទី២ ដោយតម្រូវឲ្យ ក្រុមហ៊ុន កាំមីនកូ ចូលខ្លួនមកដោះស្រាយបង្ហាញ ក៏ដោយ ក៏ពួកគេនៅតែ មិនអើពើដដែល ។

តារាចម្រៀងរូបនេះ បានប្រាប់ទៀតថា “កន្លងមកខ្ញុំទ្រាំ មិនចង់និយាយពី រឿងនេះ ជាសាធារណៈ ទេ ដោយ ខ្ញុំគិតថា ទុកពេលឲ្យពួកគាត់ គិតមើលសិន.. តែដោយឡែក ការរង់ចាំរបស់ពួកខ្ញុំ បែរ ជាឥតប្រយោជន៍ គ្មានចម្លើយ ខ្ញុំសូមបញ្ជាក់ថា កាលដែល ក្រុមហ៊ុនអូសបន្លាយ ពេលវេលាយូរ បែបនេះ មិនបានធ្វើឲ្យជនរងគ្រោះ រសាយពីទុក្ខសោកទេ ផ្ទុយទៅវិញកាន់តែ ធ្វើឲ្យពួកខ្ញុំ តឹង ណែន ដើមទ្រូងកាន់តែខ្លាំង ” ។

ជាមួយគ្នានោះ តារាកំប្លែងចាស់វស្សា លោក ជួង ជី ហៅ នាយកុយ ក៏បានបង្ហាញពីអារម្មណ៍ ទុក្ខសោក ក្រៀមក្រំស្រដៀងគ្នា ដែរថា “ ក្រោយពីតុលាការ បានកាត់ក្តី រកយុត្តិធម៌ឲ្យ ជនរង គ្រោះរួចហើយក៏ពិតមែន ប៉ុន្តែខាងក្រុមហ៊ុនទាំង២ ហាក់មិនបាន យកចិត្តទុកដាក់ ដល់គ្រួសារ សព ទាល់តែសោះ។ ខ្ញុំទទួលស្គាល់ថា ក្នុងនាមពួកខ្ញុំ ដែលជាគ្រួសារជនរងគ្រោះ ពិតជាសប្បាយ ចិត្តណាស់ ពេលទទួលបានយុត្តិធម៌ តែបើយុត្តិធម៌នោះ បានមកហើយ គេមិនបំពេញវា ក៏ដូចជា អត់ន័យអ្វីដែរ ” ។

ជាមួយគ្នានេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានសម្តែងនូវការ ហួសចិត្ត ដោយប្រាប់ ឲ្យដឹងដែរថា លោកពិតជា ខកចិត្តណាស់ ដែលភាគី ខាងក្រុមហ៊ុន មិនបានយក ចិត្តទុកដាក់ ដោះស្រាយជាមួយ ជនរងគ្រោះ មិនគួរពួកគេបណ្តែត បណ្តោយ យូរដល់ថ្នាក់នេះទេ “ ខ្ញុំក៏សូមអំពាវនាវ ដល់ក្រុមហ៊ុន ចូលខ្លួន មកដោះស្រាយ និងបង្ហាញទឹកចិត្តគិតគូរ លើរឿងនេះ ឲ្យបានឆាប់ ព្រោះថា ទឹកចិត្តក្រុមគ្រួសារនីមួយៗ គឺមានការឈឺចាប់ ពុះកញ្ច្រោលកាន់តែខ្លាំង ឡើងៗជារៀងរាល់ថ្ងៃ ខ្ញុំចង់និយាយថា ប្រសិនបើរឿងនេះ កើតឡើងលើ គ្រួសាររបស់គាត់ (ខាងក្រុមហ៊ុន) តើពួកគាត់មានអារម្មណ៍ យ៉ាងណា ដូច្នេះអារម្មណ៍ មនុស្សនៅពេលជួបរឿង ឈឺចាប់ វាមិនខុសគ្នាទេ ” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khemmarak sereymun Entertainment Khmer super star Singer