ការសិក្សាស្រាវជ្រាវថ្មីមួយរបស់សកលវិទ្យាល័យ Portland នៅ Oregon អាមេរិក ឱ្យដឹងថា មនុស្ស លោកបើចង់ចូលទៅគ្រប់គ្រងភពណាមួយ ក្រៅប្រព័ន្ធព្រះអាទិត្យ ក្រៅពីត្រូវការយានអវកាសដ៏ធំ
មួយ ក៏ពួកគេត្រូវតែមានមនុស្សប្រហែលពី ២០.០០០ ទៅ ៤០.០០០នាក់។
យោងតាមការបកស្រាយរបស់នរវិទូ Cameron Smith មកពីសកលវិទ្យាល័យ Portland គេត្រូវការ
មនុស្សច្រើនបែបនេះ ដើម្បីទៅគ្រប់គ្រងភពថ្មីមួយផ្សេងទៀត ព្រោះថា មនុស្សទាំងនេះនឹងបង្កើត
បានពូជសាសន៍ចម្រុះគ្នា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ភពមួយដែលនៅឆ្ងាយ។
មុននេះ មានក្រុមអ្នកស្រាវជ្រាវមួយក្រុម យល់ថា គេត្រូវការមនុស្សតែប៉ុន្មានរយនាក់ប៉ុណ្ណោះ គឺ
គ្រប់គ្រាន់។ ប៉ុន្ដែ លោក Cameron Smith ថ្លែងថា បញ្ហានេះ គឺតែពិនិត្យឡើងវិញ ៖ “ពេលនេះ
យើងបានយល់ដឹងច្រើន អំពីការតំណពូជ ពីហ្សែន”។
ការស្រាវជ្រាវដែលបានចុះផ្សាយនៅលើទំព័រ ទស្សនាវដ្ដី Acta Astronautica លោក Cameron
Smith យល់ថា ការធ្វើដំណើរពីផ្កាយមួយទៅផ្កាយមួយ អាចចំណាយពេលប្រហែល ១៥០ឆ្នាំ។ នេះក៏ត្រូវទៅនឹងការព្យាករណ៍របស់ក្រុមតារាវិទូ Icarus Instellar ដែលជំនាញខាងតាមដានផ្កាយ។
យោងតាមរយៈពេលខាងលើនេះ លោក Smith បង្កើតបានតារាងគំរូមួយ អំពីការរួមផ្សំនៃទិន្នន័យ
ទាក់ទិននឹងបញ្ហាតំណពូជ ជាមួយនឹងមនុស្ស ចាប់ពី ១៤.០០០ ដល់ ៤០.០០០នាក់។ លទ្ធផល
បានបង្ហាញថា ចំនួនដែលមានសុវត្ថិភាព គឺប្រហែល ៤០.០០០នាក់ ក្នុងនោះ មានបុរស និងស្ដ្រី
ប្រហែល ២៣.០០០នាក់ ស្ថិតក្នុងវ័យបន្តពូជ។
ចំនួននេះ ត្រូវបានលោក Smith អះអាងថា នឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធានានូវសុខភាព
សម្រាប់កូនចៅ ៥ជំនាន់ខាងមុខ ដោយសារតែអាចបញ្ជៀសនូវបញ្ហាដែលកើតឡើងដោយការ
យកសាច់ញាតិធ្វើជាប្ដីប្រពន្ធ។ ម្យ៉ាងទៀត ចំនួនមនុស្សច្រើន ក៏ជួយការពារមិនឱ្យមានបញ្ហាផុត
ពូជផងដែរ។
មនុស្សត្រូវការយានអវកាសយក្ស ដើម្បីទៅគ្រប់គ្រងភពដទៃ
ក្រៅពីលើកឡើងនូវកត្តាមនុស្សច្រើនខាងលើ លោក Smith ក៏បានយកចិត្តទុកដាក់ទៅលើការនាំ
យកមេជីវិត និងពងទៅតាម ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ភពដទៃ។ ប៉ុន្ដែ លោកមិនផ្ដោត
សំខាន់ទៅលើវិធីនេះ ព្រោះថា វាមិនល្អប៉ុន្មាន ធៀបនឹងមនុស្សដែលមានបទពិសោធ រស់នៅលើ
ផែនដី៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Space