CamNews

ព័ត៌មានជាតិ 

ក្មេងស្រី៣នាក់នាំគ្នាវេចបង្វិច រត់ចេញពីផ្ទះម្ដាយចិញ្ចឹម ស្វែងរកអង្គការឲ្យជួយដោយសារការវាយធ្វើបាប

(ភ្នំពេញ)៖ ក្មេងស្រី៣នាក់ ដែលមានអាយុចន្លោះពី៧ឆ្នាំ ទៅ១១ឆ្នាំ បាននាំគ្នាវេចបង្វិចខោអាវរត់ចេញពីផ្ទះម្ដាយចិញ្ចឹម ស្វែងរកអង្គការឲ្យជួយ ក្រោមហេតុផលមិនអាចរស់នៅជាមួយម្ដាយចិញ្ចឹមបានតទៅទៀត ព្រោះតែការវាយដំស្ទើររាល់ថ្ងៃ និងឲ្យអាហារហូបមិនគ្រប់គ្រាន់រួមទាំងបញ្ហាមួយចំនួនទៀតផងដែរ។

ក្មេងស្រីដែលនាំគ្នារត់ចេញពីផ្ទះម្ដាយចិញ្ចឹមខាងលើនេះ ត្រូវបានអ្នករត់ម៉ូតូឌុបចិត្តធម៌ឌុបនាំយកទៅកាន់ទីស្នាក់ការ អង្គការដោយមិនយកលុយ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ហើយត្រូវបានមន្ត្រីអង្គការនាំយកទៅជួបអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យទទួលស្គាល់តាមផ្លូវច្បាប់ជៀសវាងមានបញ្ហាផ្សេងៗទៅថ្ងៃក្រោយ។

ក្មេងស្រីទាំង៣នាក់ខាងលើនេះទី១ មាន ឈ្មោះ អៀ យូអ៊ី អាយ១១ឆ្នាំ ដោយនាងអះអាងថា នាងមានស្រុកកំណើតនៅស្រុកស្រែអំបិល ខេត្តកោះកុង តែមិនដឹងភូមិច្បាស់នោះទេ ព្រោះនាងជាក្មេងកំព្រាឪពុកម្ដាយ ត្រូវបងប្អូនយកមកឲ្យនៅជាមួយម្ដាយចិញ្ចឹមតាំងពីតូច។ ក្មេងស្រីទី២ មានឈ្មោះ ស្រី ម៉ៅ អាយុ៧ឆ្នាំ ត្រូវនាងអះអាងតាមគេនិយាយថា នាងត្រូវម្ដាយចិញ្ចឹមរើសបានពីធុងសម្រាម យកមកចិញ្ចឹមតាំងពីនៅកូនង៉ែតមកម៉្លេះ។

ក្មេងស្រីទី៣ ត្រូវបានគេស្គាល់ឈ្មោះ ស្រី នាង ហៅស្រីណែតដោយនាងត្រូវបានម្ដាយយកមកលក់តាំងពីនៅតូចដូចៗគ្នា។ ចំណែកម្ដាយចិញ្ចឹមដែលក្មេងស្រីទាំង៣នាក់ខាងលើនេះនាំគ្នា រត់ចេញត្រូវបានក្មេងស្រីខាងលើអះអាងថាមានឈ្មោះ អន ចិន្ថា ហៅយាយតោ មានទីលំនៅផ្ទះលេខ៣៧០អឺសូន្យ ផ្លូវលេខ៥២៨ ក្រុមទី៣៤ ភូមិ៩សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក។

បច្ចុប្បន្នក្មេងស្រីខាងលើកំពុងស្ថិតនៅក្រោមការឃុំគ្រងពីអង្គការមេត្រីអន្តរជាតិដើម្បីអាស៊ី និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានកំពុងចុះធ្វើការស្រាវជ្រាវរកមូលហេតុពិតនៅផ្ទះម្ដាយចិញ្ចឹមដែលក្មេងស្រីរត់ចេញ។

តាមការអះអាងពីក្មេងស្រីរងគ្រោះបានឲ្យដឹងថា មូលហេតុដែលពួកគេនាំគ្នារត់ចេញគឺដោយសារតែមិនអាចរស់នៅជាមួយម្ដាយចិញ្ចឹម បានតទៅទៀតព្រោះតែគាត់វាយធ្វើបាបស្ទើគ្មានលោះថ្ងៃរួមទាំងឲ្យហូបចុកមិនគ្រប់គ្រាន់ ប្រើឲ្យធ្វើការគ្មានពេលសម្រាក និងមិនឲ្យរៀនសូត្រជាដើម។

តែទោះជាយ៉ាងណានេះ គ្រាន់តែជាការអះអាងពីក្មេងស្រីតែប៉ុណ្ណោះ រីឯរឿងពិតយ៉ាងណានោះ គ្មានអ្នកណាដឹងឡើយព្រោះភ្នាក់ងារFresh News នៅមិនទាន់អាចធ្វើការទាក់ទងពីម្ដាយចិញ្ចឹមដើម្បីសុំការបំភ្លឺបាននៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh