ភ្នំពេញ៖ ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំ ខ្លួននៅពន្ធនាគារព្រៃសហើយ ក្រោមបទចោទប្រកាន់កាន់កាប់អាវុធខុសច្បាប់។ ជនជាប់ចោទអាចជាប់ពន្ធនាគារ ពី៦ខែ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ ១លានរៀលទៅ ៦លានរៀល។
សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១២ថ្ងៃទី០៧ ខែធ្នូ លោក ថោង ចំរើន និងអ្នកស្រី កែវ សារី មន្រ្តីយោធាស័ក្តិ៤កន្លះនៃក្រសួងការពារជាតិ ត្រូវបានបញ្ជូនតាមរថយន្តទៅកាន់ពន្ធ នាគារព្រៃសហើយ។
សេចក្តីបានបន្តឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស្វាយ តុច បានចេញដីកាឃុំខ្លួន ជនជាប់ចោទទាំងពីរក្រោមបទចោទប្រកាន់កាន់កាប់អាវុធដោយខុសច្បាប់។
តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ លោក ថោង ចំរើន និង អ្នកស្រី កែវ សារី អាចនឹងត្រូវជាប់ពន្ធនាគារពី ៦ខែទៅ៣០ឆ្នាំ និងពិន័យជាប្រាក់ពី ១លានទៅ៦លានរៀល។
មុនចេញពីសាលាដំបូងឡើងរថយន្តទៅកាន់ពន្ធនាគារព្រៃស ជាមួយទឹកមុខនៅតែស្រស់ស្រាយ អ្នកស្រី កែវ សារី បានស្រែកផ្តាំផ្ញើតាមអ្នកព័ត៌មាន សម្តែងការសុំទោសដល់លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ ចំពោះពាក្យសម្តីមិនសមរម្យ ដែលអ្នកស្រីបានប្រើលើរូបលោកកាលពីថ្ងៃទី៣ ខែធ្នូ នៅក្នុងសន្និ សីទព័ត៌មាន៕
- អាន ៖ ភរិយាទី១ និងបងប្អូន៣នាក់ទៀត របស់មេខ្លោង ថោង សារ៉ាត់ កំពុងរត់គេចខ្លួន
- អាន ៖ តើឧកញ៉ា ថោង សារ៉ាត់ ជានរណា ?
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល