CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ និង សម្ដេចម៉ែ ប្រទានប្រាក់រង្វាន់ ៥ពាន់ដុល្លារ ដល់វីរនារី ស៊ន សៀវម៉ី

ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាអាស៊ីកញ្ញា ស៊ន សៀវម៉ី នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤នេះកញ្ញាបានចូល ក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមការអនុញ្ញាត នៅក្នុងព្រះរាជដំណាក់គន្ធបុប្ឋា នៃព្រះបរមរាជវាំង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា “ក្នុងឱកាសចូលគាល់ព្រះ មហាក្សត្រ និងសម្ដេចម៉ែ កាលពីវេលាម៉ោង ១១:០០នាទីព្រឹកមិញនេះ គឺបានប្រព្រឹត្តទៅក្នុងរយៈពេល ប្រមាណជា កន្លះ ម៉ោង ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា, ម្ដាយកញ្ញា ស៊ន សៀវម៉ី និងកញ្ញា ស៊ន សៀវម៉ី និងរូបខ្ញុំ” ។

អគ្គលេខាធិការខាងលើបានបន្ដថា ដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែល ដណ្ដើមបានមេដាយមាស ពីកីឡាអាស៊ី ជូនដល់ប្រទេសជាតិកម្ពុជា នោះព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហមុនី បានប្រទាន ប្រាក់រង្វាន់ចំនួន ៣,០០០ដុល្លារ ខណៈសម្ដេចម៉ែ ប្រទានទឹកប្រាក់ចំនួន ២,០០០ដុល្លារឲ្យកញ្ញា  ស៊ន សៀវម៉ី ។

មិនត្រឹមតែប៉ុណ្ណោះព្រះមហាក្សត្រ ទ្រង់បានប្រទាននូវសៀវភៅឯកសារ ស្ដីពីប្រវត្តិកីឡារបស់សម្ដេចតា និងគប់ ឬជ័យភ័ណ្ឌ (Trophy) ដែលជាកិត្តិយស ដ៏ធំធេងប្រទានដល់ កីឡាការិនី ស៊ន សៀវម៉ី ទៀតផង ។

សូមរំឭកថា កីឡាការិនី  ស៊ន សៀវម៉ី បានដណ្ដើមយកមេដាយមាស ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៧ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅនេះ ក្រោយយកឈ្នះកីឡាការិនីអ៊ីរ៉ង់ នៅវគ្គ ផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៧-៤ ប្រភេទទម្ងន់ ក្រោម៧៣គីឡូក្រាម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh