CamNews

ព័ត៌មានជាតិ 

ជនជាតិវៀតណាម ជីកស្រះចំនួន ៥ នៅក្នុងតំបន់ហាមឃាត់ ច្រករបៀង ភូមិឡុំ ស្រុកអូរយ៉ាដាវ

រតនគិរីៈ យោងតាមសេចក្តី រាយការណ៍ ពីសមត្ថកិច្ច ប្រចាំការ ច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា ពួកគាត់ប្រទះ ឃើញស្រះចំនួន ៥ត្រូវបានជនជាតិវៀតណាម ជីករួចរាល់ ជាស្ថាពរហើយ នៅក្នុងតំបន់ ហាមឃាត់។

សេចក្តីរាយការណ៍ ខាងលើប្រាប់បន្តទៀតថា ស្រះចំនួន៥នេះ ស្រះនីមួយមានទំហំប្រវែង៥x១០ម៉ែត្រ ។

ស្រះទី១/ ជីកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ស្រះទី២/នៅចំណុច និយាមការ 0776221.1515200 ស្រះទី៣ /នៅចំណុច និយាមការ0775522.1516084 ស្រះទី៤/នៅចំណុច និយាមការ0775436.1516122 និងស្រះទី៥/ នៅចំណុចយាមការ0775537.1516303 ។

សេចក្តីរាយការណ៍ ខាងលើបញ្ជាក់ឲ្យដឹងទៀតថា ទោះបីសមត្ថកិច្ចប្រចាំការ (ភាគីកម្ពុជា) បានទៅប្រាប់គេឲ្យ ផ្អាក់ជីកតែពួកគេមិនស្តាប់។

គួរបញ្ជាក់ផងដែរថា តំបន់មហាឃាត់ខាងលើនេះ សមត្ថកិច្ច(កម្ពុជា) មានកម្លាំងនគរបាលវរសេនា តូចការពារ ព្រំដែនលេខ៦២៣ និងកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ១០២ប្រចាំការប៉ុស្តិ៍សង្កេតការណ៍៦០៣ ច្រករបៀងស្ថិតក្នុង ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ចំណែកឯសមត្ថកិច្ចខាង វៀតណាម ប៉ុស្តិ៍សង្កេត ការណ៍៧២៣ ស្ថិតក្នុងភូមិសេសៅ ឃុំយ៉ាណាង ស្រុកដាក់កឺ ខេត្តយ៉ាឡាយ។

ទាក់ទិនទៅនឹងជនជាតិវៀតណាមជីកស្រះចំនួន៥នៅតំបន់ហាមឃាត់នេះដែរ លោករចំ ចីប ប្រធានប៉ុស្តិ៍ច្រក របៀងភូមិឡុំ បានប្រាប់មជ្ឈមណ្ឌលពត៌មានដើមអម្ពិលតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ យ៉ាងខ្លីថា សូមឲ្យសួរទៅថ្នាក់លើទៅ។ ដោយឡែកលោកហេង រតនា ស្នងការរងទទួលបន្ទុកការងារ ព្រំដែនមិន អាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh