CamNews

ព័ត៌មានជាតិ 

អភិបាល ខេត្តតាកែវ បង្ហាញពីចំណាត់ យ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្ក ជះទឹកអាស៊ីត នៅលើអាជីវករ ផ្សារទម្លាប់

ភ្នំពេញ ៖ ដោយមើល ឃើញពីភាពឈឺផ្សា របស់ស្រ្តីអាជីវករម្នាក់ នៅផ្សារ ទម្លាប់ ដែលរងគ្រោះ ព្រោះតែការ ជះទឹកអាស៊ីតនោះ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ កន្លងទៅ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានព្រម តាមចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កដែល ជះទឹកអាស៊ីត លើស្រ្តីរងគ្រោះ និងកូនស្រី ។

ការបង្ហាញពីចំណាត់ការ ការពារ និង ជួយរកយុត្តិធម៌ជូនពលរដ្ឋ របស់ខ្លួន ខាងលើនេះ បានធ្វើឡើង ខណៈដែល លោកបានអញ្ជើញ ចុះសួរសុខទុក្ខ និងបាននាំយកថវិកា ព្រមទាំងគ្រឿង ឧបភោគ បរិសភោគ មួយចំនួន ជូនជនរងគ្រោះ ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ មូលនិធិជនពិការ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅចំពោះមុខស្រ្តីរងគ្រោះ អភិបាល ខេត្តតាកែវវ័យក្មេងរូបនេះ បានមានប្រសាសន៍ ថា លោកនឹងមាន ចំណាត់ការម៉ឺងម៉ាត់ ចំពោះជនបង្កដើម្បីយក មកផ្តន្ទាទោស តាមផ្លូវច្បាប់ ជាធរមាន មិនឲ្យរួចខ្លួននោះទេ ។

អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភ ថវិកា ២០០ដុល្លារ ថវិការបស់កាកបាទក្រហម៥០ម៉ឺនរៀល ថវិកា ស្នងការនគរបាលខេត្ត ៣០ម៉ឺនរៀល ថវិកា អភិបាល ស្រុកគិរីវង្ស ២០ម៉ឺនរៀល ថវិកាអភិបាល ក្រុងដូនកែវ២០ម៉ឺនរៀល និងត្រីខ៣ឡូ មី២កេះ ទឹកដោះគោ ៣ឡូ មុង ភួយ ព្រមទាំងកន្ទេលផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណីជះ ទឹកអាស៊ីត ដ៏សាហាវមួយ បានកើតឡើងនៅក្នុងផ្សារទម្លាប់ ស្ថិតភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលបង្កឡើង ដោយ ក្រុមគ្រួសារអាជីវករ ៤នាក់ រួមមានឈ្មោះដេង ជាឪពុក ឈ្មោះ អ៊ីស្រី ជាម្តាយ ឈ្មោះមាស ជាបងប្រុស និងឈ្មោះលក្ខិណា ជាជនដៃដល់ ព្រោះតែប្រជែងលក់ដូរ នៅតូបក្បែរគ្នា។

ករណីនេះ បានបង្កឱ្យស្រី្ត មានកូនក្នុងផ្ទៃ២ខែម្នាក់ ឈ្មោះមូល ស្រីមុំ រងរបួសធ្ងន់ ដោយ រលាក ទឹកអាស៊ីត គ្រប់រាងកាយ ហើយកូនស្រីរបស់គាត់ អាយុ ២ឆ្នាំ ម្នាក់ទៀត រងរបួសសើស្បែក នៅពេលដែលទឹក អាស៊ីតខ្ទាតត្រូវ ខណៈកុមារីនោះ ឈរនៅក្បែរម្តាយ។

ដោយឡែកប្តី របស់ជនរងគ្រោះ ក៏ត្រូវ បានបងប្រុសជនដៃដល់ យកដំបងទៅវាយឱ្យរបួសធ្ងន់ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ២នាក់បងប្អូន បានរត់គេច ចេញពីផ្ទះ របស់ពួកគេ នៅមាន ចម្ងាយ១០០ម៉ែត្រ ពីផ្សារទម្លាប់ ខណៈដែល ឪពុក-ម្តាយ របស់ជនដៃដល់ រស់នៅដូចធម្មតា៕


អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកថវិកា អំណោយ ជូនស្រ្តីរងគ្រោះ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh