បុរសជនជាតិម្នាក់ បានបត់លុយធ្វើជាផ្កាកូលាប ចំនួន ៩៩៩ផ្កា ដែលសរុបមានតំលៃជិតដល់ ២០០ ០០០ យន់ (ប្រហែល ៣៣ ០០០ ដុល្លារ) ដើម្បីធ្វើជាការដូ សុំមិត្តស្រីរៀបការ នៅក្នុងថ្ងៃ ខួបកំណើតរបស់នាង។
កាលពីថ្ងៃម្សិលមិញ បុរសដែលមានត្រកូល Chen បានធ្វើការស្នើសុំមិត្តស្រីរបស់ខ្លួន រៀបការ តាមរយះកាដូដ៏ពិសេសមួយ ដូចនិយាយខាងលើ ហើយជាលទ្ធផលបុរសនោះ ទទួលបានការ យល់ព្រម ពីនារីជាសង្សាររបស់ខ្លួន។ នោះបើតាមការឲ្យដឹងពី Ecns ។
ផ្កាកូលាបនីមួយៗ ត្រូវបានបត់ដោយប្រើក្រដាសប្រាក់ ១០០ យន់ ពីរសន្លឹក។ Chen បានបត់ប្រាក់ ធ្វើជាផ្កាកូលាបនេះ ជារៀងរាល់យប់ គិតចាប់តាំងពីថ្ងៃទី ៨ ខែកុម្ភះ មក។ គាត់ក៏បានពឹងពាក់មិត្ត ភក្តិ អ្នកធ្វើការជាមួយ ជួយបត់លុយនេះឲ្យរួចសព្វគ្រប់ មុនថ្ងៃទី១២ កុម្ភះ ដើម្បីធ្វើជាកាដូ មិត្តស្រី នៅថ្ងៃខួបកំណើតនាង។
Chen គឺអ្នកអភិវឌ្ឍន៍ ផ្នែកព័ត៌មានវិទ្យា ធ្វើការនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៩មក។ គាត់បានជួបគ្រួសារ មិត្តស្រីរបស់គាត់ នៅថ្ងៃឈប់សម្រាក បុណ្យចូល ឆ្នាំថ្មី។
បើទោះបីជាមិនបានហាមរាម អ្នកទាំងពីរទាក់ទងគ្នា ប៉ុន្តែម្តាយខាងស្រី តែងតែបង្ហើបពីការចង់ បានរបស់គាត់ ជាច្រើនដងថា Chen គួរតែទិញផ្ទះ និងរថយន្តថ្មី បើសិនជាពិតជាចង់បាន កូនស្រី របស់គាត់។ ក្រោយមក Chen បានសម្រេចចិត្ត ប្រើលុយដែលខ្លួនសន្សំទាំងអស់ ដែលមាន ចំនួន ២០០ ០០០ យន់ (ប្រហែល ៣៣ ០០០ ដុល្លារ) បត់ជាផ្កាកូលាប ដើម្បីសុំមិត្តស្រី រៀបការ។
Chen បានបង្ហោះនូវផែនការរបស់ខ្លួននេះ នៅលើអ៊ីនធឺណេត ហើយក៏ត្រូវបាន អ្នកប្រើប្រាស់ អ៊ីនធឺណេត ជាច្រើននាក់ គាំទ្រផងដែរ។
ទស្សនាវីដេអូ នៃការសុំមិត្តស្រីរៀបការ ដ៏រ៉ូមែនទិច របស់ Chen ខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress