CamNews

ព័ត៌មានជាតិ 

តុលាការ ផ្តន្ទាទោសនិស្សិត ព័ត៌មានវិទ្យា២នាក់ ដាក់គុកព្យួរ២ឆ្នាំម្នាក់ៗ ពីហែកគេហទំព័ររបស់ស្ថាប័នរដ្ឋ

-ពួកគេទាំង២នាក់ ត្រូវបានអនុញ្ញាតឲ្យ ចូលបម្រើការងា នៅផ្នែកព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ៍ទី៣០ ខែកញ្ញា ឆ្នាំ២០១៤ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ២នាក់ ដែលជានិស្សិត ជំនាញផ្នែកព័ត៌មានវិទ្យា នៃ សាកលវិទ្យាល័យស៊ីតិច ដោយសម្រេច ដាក់ពន្ធនាគារពួកគេ ម្នាក់ៗ រយៈពេល២ឆ្នាំ តែអនិវត្តទោស នៅក្នុងពន្ធនាគារ ម្នាក់ត្រឹមតែ ៥ខែ និង២០ថ្ងៃ ប៉ុណ្ណោះ ទោសនៅ សេសសល់ ត្រូវព្យួរទាំងអស់។

តែបានបង្គាប់ឲ្យពួកគេទាំង២នាក់ ចូលធ្វើការនៅផ្នែកព័ត៌មានវិទ្យា នៅនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅពេលបំពេញការជាប់ទោស នៅក្នុង ពន្ធនាគាររយៈពេល ៥ខែ និង២០ថ្ងៃ រួចរាល់នោះ ជាប់ពាក់ព័ន្ធ នឹងករណី ប្រើប្រាស់បច្ចេក វិទ្យាព័ត៌មាន ទំនើប ហែកនិង បំផ្លាញទៅ លើវិបសាយ ឬ គេហទំព័ររបស់ ស្ថាប័នរដ្ឋាភិបាលសំនាន់ៗ មួយចំនួន អង្គការក្រៅរដ្ឋាភិបាល និង ក្រុមហ៊ុនឯកជនមួយចំនួន ទៀត ប្រព្រឹត្តិកាលពីកំឡុង មេសា ឆ្នាំ ២០១៤។

លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង២នាក់ ខាងលើនេះ មានឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា ភេទប្រុស អាយុ ២១ ឆ្នាំ និង ឈ្មោះ ជូ សុងហេង ភេទប្រុស អាយុ២០ ឆ្នាំ ។

ពួកគេជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យស៊ីតិច ជំនាញព័ត៌មានវិទ្យា។ ពួកគេទាំង២នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ «ចូលទៅដល់ ឫស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តិកម្ម ស្វ័យប្រវត្ត នៃទិន្នន័យ និងបង្កើតជាឧបសគ្គដល់ ដំណើរការនៃប្រព័ន្ធប្រព្រឹត្តិកម្ម ស្វ័យប្រវត្ត នៃទិន្នន័យ» តាមមាត្រា ៤២៧ និង៤២៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ឃុំខ្លួន ដោយសមត្ថកិច្ចនគរបាលសន្តិសុខ ផ្ទៃក្នុង ក្រសួងមហាផ្ទៃ កាលពីថ្ងៃ ១០ ខែមេសា  ឆ្នាំ ២០១៤៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh