ភ្នំពេញ៖ ក្នុងកម្មវិធីបណ្ដុះបណ្ដាល មន្ត្រីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ទូទាំងរាជធានី-ខេត្ត នាសាលប្រជុំក្រសួង មហាផ្ទៃនៅព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០១៥ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា មន្ត្រីគ.ជ.ប ទូទាំងប្រទេស នឹងត្រូវបញ្ចូលជាមន្ត្រីរាជការស៊ីវិល និងមានក្របខ័ណ្ឌពេញសិទ្ធិ ។
លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ក្រោយពី ព្រះរាជក្រឹត្យបានចូលជាធរមានហើយ ដោយបានពិនិត្យទៅលើ សមាហរណកម្មនៃមន្រ្តី គ.ជ.បទាំងអស់ ដើម្បីចូលជាមន្រ្តីក្របខ័ណ្ឌ ។ នៅពេលដែលមន្រ្តីណាម្នាក់ បានសម្រេចជ្រើសរើស ធ្វើការឲ្យស្ថានប័នគ.ជ.ប មន្រ្តីរូបនោះ អាចទទួលបានការលើកតម្កើង ឲ្យក្លាយជាមន្រ្តីរាជការដូចស្ថាប័នដទៃដែរ។
លោកបន្តថា បើទោះបីជាមានការផ្លាស់ប្ដូរ រចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំ គ.ជ.ប យ៉ាងម៉េចក៏ដោយ ក៏មន្រ្តីលេខាធិការដ្ឋាន នៅតែរក្សាដដែល គឺស្ថិតនៅក្នុងក្របខ័ណ្ឌ គ.ជ.ប។
លោកបានបញ្ជាក់ថា «ដើម្បីឲ្យមានគោលការណ៍ស្មើភាពគ្នា ដោយសារពួកគាត់ បានបំពេញការងារជូនជាតិ អស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះនៅពេលចុងបញ្ចប់ នៃការងារគាត់ត្រូវតែមានសិទ្ធិ និងបុព្វសិទ្ធិ ជាពិសេសសិទ្ធិ នៃការចូលនិវត្តន៍ដូចមន្រ្តីឯទៀត ដែលគេបម្រើជាតិដែរ គឺនៅពេលគេចប់ ពួកគេមានសិទ្ធិចូលនិវត្តន៍ និងទទួលបានប្រាក់សោធននិវត្តន៍ផងដែរ”។
សូមបញ្ជាក់មន្រ្តី គ.ជ.ប ដែលអាចចូលជាមន្រ្តីរាជការស៊ីវិល ហើយមានក្របខ័ណ្ឌពេញសិទ្ធិបាន លុះត្រាតែពួកគេជាមន្រ្តី ដែលបម្រើការងារឲ្យស្ថាប័ន គ.ជ.ប ដោយមិនមានមុខតំណែង ២ឬ៣ឡើយ៕