CamNews

តារា 

ប្រេម៉ា បង្ហាញមហិច្ឆតា មិនច្រណែនឈ្នានីស តារារួមទ្រនំ

ភ្នំពេញ៖  ផលិតកម្ម ភ្លេងរីខដ ដែលជាមែកធាង របស់ផលិតកម្ម ហង្សមាស បានចាប់កំណើត
យូរក្រែលមកហើយ ខណៈតារាចម្រៀង ប្រុសស្រីជាច្រើនដួង បានរះបញ្ចេញពន្លឺ ព្រោងព្រាត
ក្នុងនោះរួមមាន គៀត សុវណ្ណាឡាង លាង សុផាឡែន សុខ វ៉ានេសា លោក ម៉ុង មានិត លោក
ខេ អាយ និង ចុងក្រោយ គឺលោក វីរៈ សិទ្ធ ។ ចំណែកឯតារាចម្រៀង ដ៏ទៃទៀត ត្រូវបានកប់
បាត់ ដោយចេញទាំងអស់ មានចំនួន៦វ៉ុល ខ្លះបានតែ ២បទប៉ុណ្ណោះ។ ដោយហេតុថា តារា
ចម្រៀងខ្លះ នៅមានសមត្ថភាព ស្ទើរ ដូចនេះ មិនអាច ទាក់ទាញ ប្រជាប្រិយភាពបាន ។

ចំណែកតារាចម្រៀង រាងតូចច្រឡឹង កញ្ញា ប្រេម៉ា វិញ មានសមត្ថភាព តែហាក់ខ្វះការជំរុញ
បន្ថែម ទើបធ្វើឲ្យនាង កប់ពន្លឺ មិនបានមករះឲ្យ ភ្លឺចិញ្ចែងចិញ្ចាច ដូចតារាចម្រៀង រួមទ្រនំនឹង
គេ ។ តារាចម្រៀង ប្រេម៉ា ដែលមានឈ្មោះដើមថា ភឿក ច័ន្ទប្រេម៉ា ជានិស្សិតឆ្នាំទិ២ នៃ
សកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលស្រីស្អាតរាងតូចច្រឡឹងរូបនេះ ទើបតែមានអាយុ ១៩ ឆ្នាំ
ប៉ុណ្ណោះ ។ តារាចម្រៀងស្រីរូបនេះ បានចេញបទចម្រៀង ៣បទហើយ គឺបទ "បងមានចិត្ត
ប៉ុន្មានសម្រាប់ក្បត់" និងថ្មីៗនេះ នាងបាន ចេញបទចម្រៀង ចំនួន ២ បទបន្ថែមទៀត គឺបទ
"មិត្តបងក្បត់មិត្តអូន និង បទញាក់ "Brave" ដែលទើបចេញលក់ លើទីផ្សារ ក្ដៅៗ ។

ផ្ទុយពីតារាចម្រៀងដ៏ទៃ នាង ប្រេម៉ា ហាក់នៅតែសប្បាយជាមួយ ផលិតកម្ម ខុសស្រឡះពី
ពាក្យ ដែលគេបានលើកឡើងថា នាងបានច្រណែន ជាមួយនឹង តារាចម្រៀងដ៏ទៃ ដែលបាន
បទចម្រៀងច្រើន និងការទំនុកបម្រុងបន្ថែម កំលាំងរុញឲ្យល្បី ដែលអាចទាញប្រជាប្រិយភាព
និងមានអ្នកស្គាល់ច្រើន ។

ជំនួបជាមួយ LookingTODAY តារាចម្រៀងស្រីវ័យក្មេង ប្រេម៉ា បាននិយាយថា នាងមិនបាន
ច្រណែន នឹងអ្នកណាវាចាពាក្យ ចចាមអារ៉ាមទេ នាងមានតែសប្បាយចិត្ត ព្រោះផលិតកម្ម
បានផ្ដល់ភាពកក់ក្ដៅ មួយសម្រាប់នាង គឺបានរើសនាងចូល ផលិតកម្មតាមរយៈការធ្វើតេស្ត
សមត្ថភាព ត្រឹមត្រូវ ។ ពិសេសនាងបានប្រើប្រាស់ សមត្ថភាពរបស់នាង ដូចនេះ នាងមាន
ជំនឿចិត្ត លើខ្លួនឯង ។ ផលិតកម្ម មានគោលការណ៍ ច្បាស់លាស់ណាស់ថា បែងចែកបទ
ចម្រៀង ប៉ុណ្ណាៗ មិនទុកនាងចោលទេ ។

ប្រេម៉ា បន្តថា នាងក៏មមាញឹក ក្នុងការសិក្សាដែរ អ៊ីចឹងបានប៉ុណ្ណឹង ក៏ល្អពេកទៅហើយ ព្រោះ
សិល្បៈជាអ្វីដែល នាងស្រឡាញ់ តែការសិក្សារៀនសូត្រ ជាទុនដ៏ធំ សម្រាប់ជីវិតនាង ព្រោះ
សម័យនេះ ត្រូវការអ្នកចេះដឹង ទើបដើរទាន់សម័យនឹងគេ ។ ចំណែករឿង ស្នេហាវិញ នាង
និយាយថា មិនទាន់ចង់មានទេ ព្រោះនៅរៀនផង ច្រៀងផង រវល់ណាស់ និងនៅក្មេងទៀត
អត់ទាន់ចង់គិតទេ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: brama entertainment khmer star singer ប្រេម៉ា ភ្លេងរីខត