CamNews

កំសាន្ត 

នាយ កុយ ជួយចាត់ចែង បុណ្យសពយាយខ្លី និងអំពាវ នាវឲ្យអ្នកសិល្បៈចូលរួម គោរពវិញ្ញាណក្ខន្ធមុនពេល បូជាសព

ភ្នំពេញៈ បន្ទាប់ពីអតីតតារាកំប្លែងល្បីឈ្មោះ ក្នុងក្រុមនាយ កុយ គឺលោកយាយ នេត ផល្លី ហៅយាយខ្លី បានទទួលមរណភាព កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឲ្យអ្នកសិល្បៈ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលនិយមគាំទ្រ ការសម្តែងរបស់គាត់ជាច្រើន បានសម្តែងអារម្មណ៍ ក្រៀមក្រំ ទុក្ខសោក ចំពោះការបាត់បង់សិល្បៈ ជើងចាស់មួយរូប ។ ជាមួយគ្នានោះ តារាកំប្លែង នាយ កុយ ក៏បានធ្វើការអំពាវនាវ ទៅដល់អ្នកសិល្បៈរួមអាជីព ទាំងអស់ ដែលមិនទាន់បានទៅគោរពវិញ្ញាណក្ខន្ធ យាយខ្លី គឺអាចអញ្ជើញទៅបាន ព្រោះថាថ្ងៃស្អែកពេលព្រឹក(ថ្ងៃអាទិត្យ) សពត្រូវបូជាហើយ ។

តារាកំប្លែងចាស់វស្សា មានឈ្មោះល្បី នាយ កុយ បានថ្លែងប្រាប់ LookingTODAY ឲ្យដឹង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤នេះ ថាលោក និងយាយខ្លីបានធ្វើការជាមួយគ្នា ជាច្រើនឆ្នាំណាស់មកហើយ ដូច្នេះនៅពេលដែលលោក ទទួលបានដំណឹងថា គាត់ (យាយខ្លី) ទទួលមរណភាព លោកពិតជាមាន អារម្មណ៍រន្ធត់ សោកសៅខ្លាំងមែនទែន ។ អ្វីដែលលោក ក៏ដូចជាអ្នកសិល្បៈ អាចចូលរួមចំណែកជួយគាត់ ជាលើកចុងក្រោយ គឺមានតែការរៀបចំ ពិធីបុណ្យសពឲ្យបានល្អ និងចូលរួមគោរពវិញ្ញាណក្ខន្ធគាត់។

នាយ កុយ បានប្រាប់ដោយសំឡេង សោកសៅថា “ជាការពិតណាស់យាយខ្លី គាត់មានជីវភាព មិនសូរធូរធាទេ រស់នៅខ្វះមុខខ្វះក្រោយ ហើយកន្លងមក ខ្ញុំក៏ដូចជា សប្បុរសជន ថ្នាក់ដឹកនាំក៏ធ្លាប់បានផ្តល់ជំនួយ ឧបត្ថម្ភដល់គាត់មួយចំនួនធំ ដើម្បីឲ្យគាត់យកមកព្យាបាលជំងឺ។ តែមួយរយៈក្រោយនេះ ដោយសារតែជំងឺគាត់ ឈឺកាន់តែធ្ងន់លុយក៏អស់ ហើយដល់ពេលគាត់ ទទួលមរណភាព ក៏មានការខ្វះខាត ក្នុងការធ្វើបុណ្យសពទៀត។ ហេតុដូច្នេះហើយក្នុងនាមខ្ញុំ ជាប្រធានក្រុមគាត់ ខ្ញុំក៏សូមអំពាវនាវទៅដល់អ្នកសិល្បៈទាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ សពយាយខ្លី ឲ្យបានច្រើន និងអាចចូលរួមបុណ្យសពគាត់ តាមរយៈក្រុមគ្រួសារឬ ក៏ខ្ញុំផ្ទាល់បាន ព្រោះថាលុយចូលបុណ្យនោះ គឺយើងនឹងយកទៅធ្វើបុណ្យ ៧ ថ្ងៃឲ្យគាត់ បន្តទៀត ” ។

ជាមួយគ្នានោះ នាយ កុយ ក៏បានប្រាប់បន្ថែមទៀតថា សម្រាប់ពិធីបុណ្យសពនេះ លោកក៏បានយកថវិការផ្ទាល់ខ្លួន មួយចំនួន ផ្តល់ទៅខាងគ្រួសារសព និងមានអ្នកសិល្បៈមិត្តភក្តិ របស់លោក ក៏បានចូលបុណ្យ តាមរយៈលោក ។ លោកបានប្រមូលយក ទៅឲ្យគ្រួសារ យាយខ្លី អស់ហើយ ដើម្បីទុកសម្រាប់រៀបចំពិធីបុណ្យសព៧ថ្ងៃ នៅក្នុងពេលឆាប់ៗនេះ ។

នៅក្នុងនោះដែរ ប្រធានក្រុមតារាកំប្លែង របស់យាយខ្លីរូបនេះ ក៏បានបង្ហើបឲ្យដឹងថា សពយាយខ្លីត្រូវបានក្រុមគ្រួសារ សម្រេចបូជា នៅថ្ងៃអាទិត្យស្អែក ម៉ោងជាង៨ព្រឹក នៅវត្តញាណរង្សី ក្នុងសង្កាត់ទួលសង្កែ ។ ហេតុដូចបានជម្រាបខាងលើ ប្រសិនបើមានបងប្អូន ប្រជាពលរដ្ឋ អ្នកដែលស្គាល់រាប់អានយាយខ្លី ក៏ដូចជាអ្នកសិល្បៈ ទាំងអស់អាចចូលរួម នៅថ្ងៃស្អែកបាន សូមចូលរួមឲ្យបានទាំងអស់គ្នា។

សូមជម្រាបថា យាយខ្លី ត្រូវបានគ្រូពេទ្យនិយាយថា មានជំងឺច្រើនមុខ ដូចជា ជំងឺទឹកនោម ផ្អែម, ជំងឺថ្លើម, ពុកឆ្អឹង និងរបេងឆ្អឹង លើសឈាម ផងដែរ ។ យាយខ្លី បានទទួលមរណភាព កាលពីវេលា ម៉ោង ១២យប់ថ្ងៃទី១ ឈានចូលទី២ ខែឧសភា ឆ្នាំ ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ ក្នុងវ័យ៦៣ឆ្នាំ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news