(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីកររបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ១១ លោក ចន អេឡិចហ្សូរ៉ា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបខ្លាំង នាឱកាសថ្ងៃខួបកំណើត គ្រប់អាយុ២៩ឆ្នាំ ខណៈក្រុមគ្រួសាររបស់លោក បានរៀបចំធ្វើពិធីនេះ ដោយស្ងាត់ៗ បង្កបរិយាកាសសប្បាយរីករាយ នៅក្នុងគ្រួសារ កាលពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែឧសភា នេះ ពោលគឺមុន១ថ្ងៃ នៃខួបកំណើតលោក។
ថ្លែងប្រាប់ Khmertalking នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោក ចន អេឡិចហ្សូរ៉ា បាននិយាយប្រាប់ឲ្យដឹងថា «នៅថ្ងៃទី២៦ ឧសភា ស្អែកនេះ ជាថ្ងៃខួបកំណើតរបស់ខ្ញុំមែនតែមិនបានរៀបចំ ធ្វើពិធីនេះទេ ព្រោះរវល់ត្រូវចេញទៅធ្វើកម្មវិធី នៅតាមបណ្តាខេត្តច្រើន ស្ទើរតែរកពេលសម្រាកគ្មាន។ ជាស្តែងនៅល្ងាចថ្ងៃនេះ ខ្ញុំត្រូវចេញដំណើរទៅ ខេត្តកំពត ធ្វើកម្មវិធីនៅទីនោះ ហើយមិនដឹងត្រូវត្រឡប់ មកភ្នំពេញវិញថ្ងៃណាទេ..!»។
តារាសម្តែងរូបសង្ហា លោក ចន អេឡិចហ្សូរ៉ា បានបញ្ជាក់ថា យ៉ាងណាមិញ ទោះបីជាថ្ងៃស្អែកនេះ លោកមិនបានរៀបចំធ្វើពិធីជួបលៀង ខួបកំណើតក៏មែន តែកាលពីព្រឹកថ្ងៃ២៥ ខែឧសភានេះ គឺក្រុមគ្រួសារនឹងមិត្តភ័ក្តិ បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ម្តងរួចមកហើយ ដោយសារពួកគាត់ បានរៀបចំធ្វើកម្មវិធីនេះ នៅឯផ្ទះដោយលោកពុំបាន ដឹងខ្លួនមុនឡើយ។
លោក ចន អេឡិចហ្សូរ៉ា បាននិយាយទៀតថា «ពិធីខួបកំណើត ដែលពួកគាត់រៀបចំ ធ្វើឲ្យខ្ញុំកាលពីព្រឹកមិញ មិនបានរៀបចំ ជាលក្ខណៈធំដុំ ឬចាយលុយច្រើនទេ គ្រាន់តែមានការជួបក្រុម គ្រួសារ៤ឬ៥នាក់ប៉ុណ្ណោះ។ ណាមួយកម្មវិធីនេះ ខ្ញុំក៏មិនបានដឹងខ្លួនមុនដែរ ព្រោះពួកគាត់រៀបចំ ដើម្បី Surprisek ដល់ខ្ញុំ។ ពេលខ្ញុំងើបពីគេងភ្លាម ក៏ស្រាប់តែឃើញមានការរៀបចំ ទិញនំទុករួចជាស្រេច..!»។
តារាប្រុសលោក អេឡិចហ្សូរ៉ា ក៏បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ និងអរគុណដល់គ្រួសារ មិត្តទាំងអស់ ដែលបានរៀបចំ Surprisek និងចូលរួមជូនពរ នាឱកាសថ្ងៃខួបកំណើតនេះ។ ម្យ៉ាងទៀត លោកក៏បានអរគុណ ដល់មិត្តភក្តិ និង Fan អ្នកគាំទ្រ នៅក្នុងហ្វេសប៊ុក ទាំងអស់ផងដែរ ដែលបានផ្ញើសារជូនពរ និងនៅតែបន្តការគាំទ្រ សម្រាប់លោករហូតមក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង