ភ្នំពេញ៖ តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា បន្ទាប់ពីបែកបាក់ស្នេហាជាលើកទី៣ ជាមួយនារីស្បែកស ជនជាតិបរទេសភ្លាម កាលនោះ លោកបានចេញមុខប្រកាសថា មិនចង់ជួបរឿងស្នេហាទៀតទេ ព្រោះលោកខ្លាចប៉ះចំស្នេហ៍ស្រីមិនស្មោះ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែគេ ឧស្សាហ៍ឃើញ បុរសអភ័ព្វស្នេហ៍ម្នាក់នេះ បែរជាស្និទ្ធស្នាល ជាមួយនារី វ័យក្មេងម្នាក់ទៅវិញ រហូតមានការសង្ស័យថា ជាគូស្នេហ៍ថ្មី។
អស់រយៈពេល ជាង១ឆ្នាំមកហើយ ដែលតារាសម្តែងរាងខ្ពស់ លោក ចន អេឡិចហ្សូរ៉ា បានរស់នៅយ៉ាង ស្ងប់ស្ងាត់ជាមួយភាពឯកា និងការឈឺចាប់ ខណៈដែលនារីដែលខ្លួនធ្លាប់ ស្រលាញ់ពីមុនៗគឺ ត្រូវបានផ្តាច់ទំនាក់ទំនង ស្នេហ៍ជា ពិសេសនារីចុងក្រោយ ជាជនជាតិបរទេស នេះតែម្តង។ កន្លងមកអ្នកទាំងពីរធ្លាប់សាង អនុស្សវរីយ៍ស្នេហ៍ផ្អែមល្ហែម ជាមួយគ្នាស្ទើរតែស្គាល់ គ្រប់រសជាតិ។ដូច្នេះហើយទើបបណ្តាលឲ្យលោក អេឡិច ហ្សូរ៉ា មានវិបត្តិផ្លូវចិត្តខ្លាំង រហូតរកពាក្យហានិយាយ ពុំបាន។
ថ្វីត្បិតតែរឿង ស្នេហ៍អតីតកាល បានកន្លងហួស និងធ្វើឲ្យ លោក ចន អេឡិចហ្សូរ៉ា ឆ្លងកាត់ឈឺចាប់ ស្ទើររាប់មិនអស់យ៉ាងនេះក្ដី តែសម្រាប់ឱកាសព្យាបាល លុបលាងដំបៅស្នេហ៍ឈឺចាប់នេះ ក៏មិនទាន់ហួសពេល ចំពោះរូបលោកដែរ។ រហូតមកទល់ពេលនេះ គេសង្កេតឃើញ លោក អេឡិចហ្សូរ៉ា ហាក់មានទឹកមុខស្រស់ស្រាយជាងពេលមុនៗ ស្របពេលដែលពន្លឺជីវិតស្នេហ៍ថ្មី កំពុងផ្តើមពន្លកដុះឡើងវិញ ស្របពេលមាននារីជាច្រើន ចង់សុំបេះដូងរបស់លោក យកទៅព្យាបាល ជំនួសដំបៅស្នេហ៍ចាស់។
ប្រភពខ្លះបាននិយាយថា បច្ចុប្បន្នបេះដូង របស់លោក អេឡិចហ្សូរ៉ា បានបើកទ្វារស្នេហ៍ ក្រោយពីទទួលបានការលើកទឹកចិត្ត ពីនារីវ័យក្មេងម្នាក់ ដែលគេសង្ស័យថា ជាមនុស្សទី៤សម្រាប់ក្តីស្នេហ៍ ចុងក្រោយ។ ទន្ទឹមគ្នានេះដែរ ចាប់តាំងពីលោកលេចដំណឹងស្នេហ៍ថ្មីមក ទាំងទឹកមុខហាក់មានភាព ស្រស់ស្រាយ និងចាប់ផ្តើមជោគជ័យ ការងារច្រើន។ មិនតែប៉ុណ្ណោះ ជាប្រចាំលោកតែងថតរូបបង្ហោះ បង្ហាញពីកាយវិកាស្និទ្ធស្នាល ជាមួយនារីម្នាក់នោះ បង្អួតនៅលើទំព័រ ហ្វេសប៊ុកផ្ទាល់ ខ្លួនទៀតផង។
ជុំវិញមន្ទិលសង្ស័យនេះ លោក ចន អេឡិចហ្សូរ៉ា នៅមិនទាន់ទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ ខណៈដែលទូរស័ព្ទរបស់លោក ត្រូវបានបិទ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល