CamNews

ព័ត៌មានជាតិ 

ការប្រគុំតន្រ្តី លាយឡំ ការដើរស្រាត និង រួមភេទ (Kazantip) លើកោះពស់ ត្រូវបញ្ជាអោយផ្អាកភ្លាមៗ

ភ្នំពេញ ៖ ការអនុញ្ញាតឲ្យក្រុមហ៊ុនមួយ មកពីប្រទេសរុស្ស៊ី បានសិទ្ធិរៀបចំប្រគំតន្រ្តី និងពិធីជប់លៀងកំសាន្តដោយ មានបង្កប់នូវរូបភាពអាសអាភាស និងសិចខ្នាតអន្តរជាតិ នៅលើកោះពស់ ដោយមន្រ្តីមួយចំនួនដែលរួមមានទាំងអភិ បាលខេត្តស្តីទីផងនោះ ឥឡូវត្រូវបានអភិបាលខេត្តប្រកាសឲ្យផ្អាក ជាបណ្តោះអាសន្នហើយ ដោយរង់ចាំឆ្លងយោបល់ សម្រេចពីថ្នាក់លើជាមុនសិន ។ ក្នុងនោះបើតាមប្រភពបានបង្ហើបឲ្យដឹងថា ការសម្រេចប្រកាសផ្អាកខាងលើនេះ គឺ នឹងឈានទៅដល់ការបញ្ឈប់មិនឲ្យដំណើរការតែម្តង ព្រោះតែកម្មវិធីកំសាន្តដែលគេស្នើឡើងនោះ ត្រូវបានគេដឹងថា គឺជាការប្រគំតន្រ្តី ការដើមបង្ហាញម៉ូដ រួមទាំងសកម្មភាពអាសអាភាស របស់អ្នកសម្តែង រួមទាំងភ្ញៀវដែលទិញសំបុត្រ ចូលទស្សនា និងជប់លៀងផងដែរ ។

សូមបញ្ជាក់ថា យោងតាមការស្នើសុំរៀបចំពិធីប្រគំតន្រ្តី Kazantip ដែលគេដឹងថា ជាក្រុមហ៊ុនមានមូលដ្ឋាននៅ ប្រទេសរុស្ស៊ីនោះ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ អភិបាលស្តីទីខេត្តព្រះសីហនុ លោក សំ សំអាត បានចេញលិខិតអនុញ្ញាត ឲ្យក្រុមហ៊ុន Kazantip Asia.co-ltd រៀបចំកម្មពិធីប្រគំតន្រ្តី និងលេងល្បែងកំសាន្តនៅលើ កោះពស់ ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល ១០ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ ចាប់ពីព្រឹក រហូតដល់យប់ ។ ក្នុងនោះសាលាខេត្តព្រះសីហនុ ក៏បានធ្វើការណែ នាំផងដែរថា សកម្មភាពប្រគំតន្រ្តី និងលេងល្បែងកំសាន្តខាងលើនេះ ត្រូវធានាថា មិនធ្វើឲ្យប៉ះពាល់ដល់ប្រពៃណី និង វប្បធម៌ជាតិឡើយ ។

ក្រោយពីសាលាខេត្តព្រះសីហនុ ចេញលិខិតអនុញ្ញាតឲ្យមានការប្រគំតន្រ្តីខាងលើ ហើយត្រូវបានលេចលឺជា សាធារណៈរួចមកនោះ បានធ្វើឲ្យមតិមួយចំនួន ដែលធ្លាប់បានដឹងពីសកម្មភាព នៃការប្រគំតន្រ្តី Kazantip ខាងលើ នេះ នាំគ្នាធ្វើការរិះគន់ ទៅលើអាជ្ញាធរខេត្ត ដោយពួកគេអះអាងថា មិនគួរណាអាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឲ្យ ការប្រគំតន្រ្តី Kazantip ប្រព្រឹត្តនៅលើទឹកដីនៃខេត្តព្រះសីហនុ នោះឡើយ ព្រោះការប្រគំតន្រ្តីនេះ ត្រូវបានគេដឹងថា ជាសកម្មភាពតាមបែបអាសអាភាស និងអាណាចារ្យមួយដែលពួកអ្នកមានៗ ពួកសេដ្ឋីនៅក្នុងប្រទេសរុស្ស៊ី និង ប្រទេសអ៊ុយក្រែនចូលចិត្តបំផុត ។ ក្នុងនោះសូម្បីតែសមាគមទេសចរណ៍ ប្រចាំខេត្តព្រះសីហនុ ក៏សម្តែងនូវការចាប់ អាម្មរណ៍ពីការអនុញ្ញាត ឲ្យមានការប្រគំតន្រ្តីខាងលើនេះផងដែរ ។

យោងតាមលិខិត ដែលធ្វើឡើងដោយលោក ដាកលេស ម៉ាកកូ អនុប្រធានសមាគមទេសចរណ៍ខេត្តព្រះសីហនុ ជម្រាបជូនទៅលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ គឺលោកបានសម្តែងពីការព្រួយបារម្ភយ៉ាងខ្លាំងទៅលើ បញ្ហាសុវត្ថិភាព និងសន្តិសុខ ពាក់ព័ន្ធទៅនឹងការប្រគំតន្រ្តីខាងលើនេះ ។

យោងតាមប្រវត្តិនៃការប្រគំតន្រ្តី Kazantip ដែលត្រូវបានគេស្រាវជ្រាវរកឃើញ បានឲ្យដឹងថា ប្រវត្តិតន្រ្តីខាងលើបានកកើតឡើងតាំងពីឆ្នាំ ១៩៩២ មានដើមកំណើតនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសនៅតំបន់គ្រីមៀតែម្តង ហើយ នៅឆ្នាំ ២០០២ ក្រុមតន្រ្តី Kazantip បានធ្វើការប្រគំនៅក្នុងភូមិមួយ ភូមិ Popvka នៅជិតទីក្រុង Myrnyi ក្នុងប្រទេស អ៊ុយក្រែន ដោយអ្នកសម្តែងរួមទាំងភ្ញៀវ ដែលចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តីខាងលើភាគច្រើនគេច្រើនតែស្លៀកពាក់ ពណ៌ទឹកក្រូច និងពណ៌លឿង ។


យោងតាមគេហទំព័រ Kazantip ដែលចេញផ្សាយបានឲ្យដឹងថា ពិធីប្រគំតន្រ្តីដែលលាយឡំដោយការដើរស្រាត និង ខ្លះទៀត រួមភេទគ្នាតាមបែបអាវ៉ាសែនៅលើវាលខ្សាច់ តាមបណ្តាឆ្នេរសមុទ្រនោះ គឺប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ុយក្រែនតែប៉ុណ្ណោះ តែនៅឆ្នាំ ២០១៤ ការប្រគំតន្រ្តីនេះ ត្រូវបានគេធ្វើឡើង នៅក្រៅប្រទេសអ៊ុយក្រែន គឺនៅក្នុង ប្រទេសរុស្ស៊ី នាទីក្រុងតូចមួយឈ្មោះ Anaklia ក្នុងរដ្ឋ Georgia ហើយសម្រាប់ឆ្នាំ ២០១៥ នេះ ពួកគេនឹងមកប្រគំនៅ លើកោះពស់ ស្ថិតក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ ។


មន្រ្តីរដ្ឋាភិបាលមួយរូប ដែលសូមមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា តាមការ ធ្លាប់ដឹង ពិធីប្រគំតន្រ្តី Kazantip នេះ ភ្ញៀវទេសចរដែលចូលរួម សុទ្ធសឹងតែជាភ្ញៀវអ្នកមានលំដាប់ពិភពលោក ដោយ គេលក់សំបុត្រចាប់ពី ១០ អ៊ឺរ៉ូ រហូតដល់ ៨០អ៊ឺរ៉ូ ក្នុង១យប់ៗ ហើយមានការប្រើប្រាស់គ្រឿងញៀន និងការស្លៀកពាក់សិចស៊ី ខ្លះស្រាត និងដើរពេញឆ្នេរសមុទ្រ ជួនកាលឈានដល់ការ ធ្វើអំពើផ្តេសផ្តាស រួមភេទដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសយើងផងដែរ ។

ក្រោយពីមានការរិះគន់ និងការទម្លាយឲ្យដឹងពីគោលបំណង នៃការប្រគំតន្រ្តីខាងលើនេះ ដែលគេមិនគួរអនុញ្ញាតឲ្យ ធ្វើនៅក្នុងប្រទេសកម្ពុជានោះ នៅរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ លោក ឈិត សុខុន អភិ បាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិនិត្យមើលទៅលើការអនុញ្ញាតខាងលើ ហើយចុងក្រោយ លោក ឈិត សុខុន បានសម្រេចបញ្ជាឲ្យផ្អាកសិន ដោយរង់ចាំសាលាខេត្តព្រះសីហនុធ្វើសំណើ ទៅក្រសួងទេសចរ និងថ្នាក់លើសិន ប្រសិនបើថ្នាក់លើអនុញ្ញាត អាជ្ញាធរខេត្តនឹងអនុវត្តតាម ។ ប៉ុន្តែ ដោយយោងតាមព័ត៌មានពីមន្រ្តី សាលាខេត្តព្រះសីហនុមួយរូប បានបង្ហើបឲ្យដឹងថា ការអនុញ្ញាតឲ្យមានការប្រគំតន្រ្តី Kazantip នៅលើកោះពស់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ ទំនងជាត្រូវលុបចោលតែម្តង ។

ប្រភពព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយអភិបាលខេត្តសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននោះ ភាគីខាង ក្រុមហ៊ុនដែលគេដឹងថា ជាជនជាតិរុស្ស៊ី បាននិយាយប្រាប់គ្នីគ្នារបស់គេថា ការសម្រេចផ្អាកខាងលើនេះ ពួកគេមិន សុខចិត្តឡើយ ព្រោះមុននឹងសាលាខេត្តចេញច្បាប់អនុញ្ញាតឲ្យ ពួកគេបានចំណាយលុយរត់ការអស់ច្រើនណាស់ ហើយគេនឹងប្រកាសឈ្មោះមន្រ្តីដែលជាអ្នកយកលុយទៅរត់ការថែមទៀតផង ៕

- អាន ៖ សមាគម ទេសចរណ៍ បរទេសសម្តែង ក្តីបារម្ភពី សុវត្ថិភាព ជនបរទេស ក្នុងកម្មវិធីKazantip (មានដើរស្រាត រួមភេទ)


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh