ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដ ត្រូវបានគេស្គាល់ថា ជាបងស្រីបង្កើត របស់កញ្ញា ម៉ា នីកា គឺកញ្ញា ម៉ា នីតា ថ្មីៗនេះធ្លាយដំណឹងថា បច្ចុប្បន្ននាង បានសម្រេចចិត្ត ដើរចេញពីវីថីសិល្បៈទាំងស្រុង ខណៈជីវិតស្នេហារបស់នាង នឹងឈានដល់ដំណាក់កាលរៀបអាពាហ៍ពិពាហ៍ ក្នុងពេលដ៏ខ្លីខាងមុខជាមួយបុរស ក្នុងស្រុកម្នាក់។
ផ្អែកតាមប្រភពច្បាស់ការណ៍ ពីអ្នកនៅក្បែរតារាសម្តែង កញ្ញា ម៉ា នីតា បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថ្មីៗនេះថា នីតា រាល់ថ្ងៃមានម្ចាស់ចិត្តរួចទៅហើយ ដែលបុរសម្នាក់នោះ គឺជាអ្នកធ្វើការងារ នៅក្នុងក្រុមហ៊ុនទេសចរណ៍ ក្នុងស្រុកមួយ។ ម្យ៉ាងទៀតគូស្នេហ៍ទាំងពីរ ក៏បានសម្រេចចិត្តចូលរោងការ ជាមួយគ្នានៅអំឡុងដើមខែ មិថុនា ឆ្នាំ២០១៤នេះ។ ប្រភពបានបញ្ជាក់ថា ឥឡូវនេះកញ្ញា ម៉ា នីតា បានលាឈប់ ពីអាជីពអ្នកសិល្បៈទាំងស្រុង ព្រោះនាងជិតក្លាយជាកូនក្រមុំ និង គ្រងឈុតអាពាហ៍ពិពាហ៍ ក្នុងពេលឆាប់ៗខាងមុខនេះ។
ផ្តល់សម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០ ១៤នេះ កញ្ញា ម៉ានីតា បាននិយាយប្រាប់ ដោយមិនលាក់លៀមថា "ចាស់…បង! ជាការពិត ខ្ញុំឈប់ពីសិល្បៈហើយពេលនេះ…!ការសម្រេចចិត្តឈប់ពីសិល្បៈ ព្រោះនៅ ខែ៦ (មិថុនា) នេះ ខ្ញុំត្រូវរៀបការជាមួយគូស្នេហ៍ ខ្ញុំហើយ..!"។
នីតា បានបន្តថា "ខ្ញុំមិនលាក់ទេ នៅថ្ងៃទី៦ ខែ៦ ឆ្នាំ២០១៤នេះ ខ្ញុំនឹងត្រូវរៀបអាពាហ៍ពិពាហ៍ ជាមួយគាត់ (បុរសជាម្ចាស់បេះដូង)។ ចំណែកអាជីពសិល្បៈរបស់ខ្ញុំ គឺត្រូវចប់ទាំងស្រុក ក្រោយពេលបានសម្រេចចិត្ត ទទួលយកគូអនាគតម្នាក់នេះ ។ ឥឡូវខ្ញុំមានគ្រួសារហើយ នៅពេលរៀបការរួចរាល់នោះ ប្រាកដជាគ្មានពេលទំនេរ សម្រាប់សិល្បៈទៀតនោះទេ "។
តារាសម្តែងធ្លាប់ មានឈ្មោះល្បីគួរសម ក្នុងពិភពសិល្បៈកញ្ញា ម៉ា នីតា បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីរៀបអាពហ៍ពិពាហ៍រួច បុរសជាម្ចាស់ស្នេហ៍ នឹងបើកមុខជំនួញថ្មីឲ្យរកស៊ី គឺបើកហាងសាឡង ដែលមានទីតាំង នៅក្បែរផ្ទុះម្តាយក្មេកម្តុំទឹកថ្លា។ បុរសដែលត្រូវជាអនាគតស្វាមីរបស់កញ្ញា ម៉ានីតា បច្ចុប្បន្នកំពុងរស់នៅស្រុកខ្មែរ ហើយធ្វើការងារ នៅក្រុមហ៊ុនទេសចរណ៍ មួយកន្លែងក្នុងក្រុងភ្នំពេញ និងមានអាយុ៣២ឆ្នាំ នេះបើតាមការឲ្យដឹង ពីតារាស្រីរូបនេះ។
ជាមួយគ្នានេះ កញ្ញា នីតា បានបន្ថែមថា សម្រាប់ពិធីរៀបមង្គលការរបស់នាង នៅថ្ងៃទី ៦ ខែមិថុនា ខាង នេះ នឹងត្រៀមហៅភ្ញៀវ ចូល ចំនួន៥៥ តុ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងនោះ៧០ភាគរយ ជាអ្នកសិល្បៈ ត្រូវបានចូលរួម៕