CamNews

កីឡាជាតិ 

លោក វ៉ាត់ ចំរើន៖ ពិធីបិទកីឡាជាតិ នឹងមានការប្រគុំតន្ដ្រីយក្សដ៏អស្ចារ្យ កុំភ្លេចចូលរួមឲ្យសោះណា

(ភ្នំពេញ)៖ ពិធីបើកការប្រកួតកីឡាជាតិ លើកទី១ បានបញ្ចប់ដោយភាពជោគជ័យ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ប៉ុន្ដែពិធីបិទព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្ដនេះវិញ នឹងធ្វើឡើងកាន់តែអស្ចារ្យបន្ថែមទៀត ពិសេសនឹងមានការប្រគុំតន្ដ្រីយក្ស ដែលចូលរួមដោយតារាងចម្រៀងល្បីៗ ក្រៅពីលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ទៀតផង ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ពិធីបិទការប្រកួតកីឡាស្ដង់ដាអន្ដរជាតិលើកដំបូងនេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកាចុងសប្ដាហ៍នេះ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល ក្រោមការផ្ដល់កិត្តិយសដ៏ខ្ពងខ្ពស់អញ្ជើញចូលរួមជាថ្មីពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីប្រកាសបិទព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្ររបស់កម្ពុជានេះ ហើយក្នុងឱកាសនោះ ក៏នឹងមានការរៀបចំកម្មវិធីផ្សេងៗ ដូចថ្ងៃប្រកាសបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅដែរ ។

អគ្គលេខាធិការ NOCC រូបនេះ បានបន្ដថា ពិធីបើកថ្ងៃមុន គឺពិតជាសម្រេចបាននូវលទ្ធផលគួរឲ្យភ្ញាក់ផ្អើល និងគួរជាទីមោទនៈបំផុត ដែលការរៀបចំប្រព្រឹត្ដទៅតាមគម្រោង ។

ចំណែកពិធីបិទនាចុងសប្ដាហ៍នេះ គឺរឹងតែអស្ចារ្យបន្ថែមទៀត ក្នុងនោះក្រៅពីការបង្ហាញនូវទស្សនីភាពកីឡា សិល្បះ វប្បធម៌ និងការបាញ់កាំជ្រួច គណៈកម្មការបានត្រៀមអញ្ជើញតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជាជាច្រើន មកចូលរួមកម្មវិធីប្រគុំតន្ដ្រីយក្សដែលមានដូចជាលោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា រួមទាំងតារាល្បីៗផ្សេងទៀត តែលោកមិនទាន់បង្ហើបឲ្យដឹងពីសមាសភាពតារាចម្រៀងណាខ្លះនោះទេ ។

តាមរយៈការខិតខំរៀបចំនេះដែរ លោក វ៉ាត់ ចំរើន បានធ្វើការអំពាវនាវដល់មហាជនឲ្យចូលរួមទស្សនាពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅថ្ងៃទី០៥ ខែវិច្ឆិកានេះឲ្យបានច្រើនកុះករ ព្រោះការចូលមិនតម្រូវឲ្យមានការលក់សំបុត្រឡើយ គឺចូលរួមដោយសេរី ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន និងឆ្ពោះទៅឆ្នាំ២០២៣ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news