(ភ្នំពេញ)៖ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្លិបបឹងកេតអង្គរ បានសម្ដែងពីក្ដីព្រួយបារម្ភ ចំពោះការបង្ហាញវត្តមានជាថ្មីនៃកីឡាករឆ្នើម ២នាក់របស់ក្លិបភ្នំពេញក្រោន គឺកីឡាករ ធារី ចន្ថាប៊ីន និងកីឡាករ កែវ សុខផេង មុននឹងក្លិបជើងខ្លាំងទាំងពីរ ជួបគ្នាជើងទី១ នៃពានលីគកំពូលកម្ពុជា នៅថ្ងៃទី៣០ ខែមេសាចុងសប្ដាហ៍នេះ ។
គ្រូបង្វឹក ៤០ឆ្នាំប្លាយរូបនេះ បានបញ្ជាក់ថា «បច្ចុប្បន្នភ្នំពេញក្រោន បានវិលមករកធាតុដើមវិញហើយ ព្រោះកីឡាករល្អៗ បានជារបួសអស់ហើយ ពិសេសគឺ ធារី ចន្ថាប៊ីន និង កែវ សុខផេង ពួកគេបានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពកាលពីចុងសប្ដាហ៍កន្លងទៅ ហើយ សុខផេង ថែមទាំងរកបានគ្រាប់បាល់យ៉ាងល្អទៀតផង» ។
លោកបន្ដថា នេះជាការព្រួយបារម្ភរបស់លោក ព្រោះ ធារី ចន្ថាប៊ីន និង កែវ សុខផេង គឺជាកីឡាករល្អ ប៉ុន្ដែដោយសាររបួស ទើបពួកគេមិនអាចបង្ហាញខ្លួនលើទីលាន ៤ប្រកួតមកហើយ ។ ពួកគេមានការយល់ដឹងច្រើនពីបាល់ទាត់ ហើយចេះបង្កើតឱកាសរកគ្រាប់បាល់ឲ្យមិត្តរួមក្រុមទៀតផង ។
ម្យ៉ាងវិញទៀត លោក Sam ដែលធ្លាប់ដឹកនាំភ្នំពេញក្រោន លើកពានលីគ ២ឆ្នាំជាប់គ្នា(ឆ្នាំ២០១៤-២០១៥) ក៏វិលមកធ្វើជាគ្រូបង្វឹកដែរ ដូច្នេះលោកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ការប្រកួតចុងសប្ដាហ៍នេះ ។ ប៉ុន្ដែលោករំពឹងថា កីឡាករបឹងកេតទាំងអស់ នឹងរៀបរយ ដើម្បីសង្គ្រោះក្រុមឲ្យទទួលបានលទ្ធផលល្អ ពីការប្រកួតដ៏អស្ចារ្យមួយនេះ ។
គួរបញ្ជាក់ផងដែរថា ក្លិបភ្នំពេញក្រោន នឹងត្រូវបើកទ្វាកីឡាដ្ឋាន RSN ទទួលក្លិបបឹងកេតអង្គរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង ៦ល្ងាច ហើយជំនួបដ៏តឹងតែងមួយនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕
គ្រូបង្វឹកក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ កែវ សុខផេង
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង