(ភ្នំពេញ)៖ ប៉ូលិសរាជធានីភ្នំពេញបានឱ្យដឹងថា អាថ៌កំបាំងនៅពីក្រោយខ្នង នៃរឿងបោកគ្រាប់បែក ប៉ងសម្លាប់មួយគ្រួសារ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ គឺកើតឡើងដោយសារតែសង្រ្គាមដណ្តើមតំណែង ចៅសង្កាត់គោករកា ដែលមេក្លោងក្នុងករណីនេះ ខ្លាចជនរងគ្រោះចូលកាន់តំណែងជំនួសខ្លួន។
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២នាក់ថ្មីទៀត ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកខាងលើ ដែលក្នុងនោះមានម្នាក់ឈ្មោះ ពៅ ប៊ុនធឿន ជាអ្នករត់ការជួលឃាតក និងម្នាក់ទៀតជាចៅសង្កាត់គោករកា ឈ្មោះ ភី ណុប អាយុ៥០ឆ្នាំ ដែលសមត្ថកិច្ចអះអាងថា ជាអ្នកជួលឃាតករក្នុងតម្លៃ ១ម៉ឺនដុល្លារ ដើម្បីសម្លាប់ជនរងគ្រោះ ព្រោះតែខ្លាចជនរងគ្រោះ ដណ្តើមយកដំណែងរបស់ខ្លួន។
យ៉ាងណាក៏ដោយសមត្ថកិច្ច នឹងបញ្ជូនជនសង្ស័យទាំងពីរនេះ ទៅឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយសារតែករណីនេះ អាវុធហត្ថជាអ្នកគ្រប់គ្រង ព្រោះកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់មុន ឈ្មោះ នួន សំរិទ្ធ ហៅម៉ាប់ អាយុ២៧ឆ្នាំ ។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ មានករណីបោកគ្រាប់បែកទៅលើ ក្រុមគ្រួសារមួយ ខណៈដែលជនរងគ្រោះកំពុងហូបបាយក្នុងផ្ទះ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងមនុស្ស៥នាក់រងរបួស។ ឥឡូវជនសង្ស័យទាំង២នាក់ថ្មីនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ អាវុធហត្ថរាជធានី ដើម្បីចាត់ការតាមផ្លូវច្បាប់
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល