ភ្នំពេញ៖ បើទោះបីជាកម្មវិធី The Voice Cambodia ទើបតែលេចចេញ ជារូបរាងប្រមាណ ជិត១ខែ ក៏ដោយ តែកម្មវិធីនេះទទួលបាន ប្រជាប្រិយភាព និងឆក់យកបេះដូងមិត្តយុវវ័យ គ្រប់ស្រទាប់វណ្ណៈ នៅក្នុងប្រទេសកម្ពុជា មិនតិចទេ។
ជួបសម្ភាសន៍ជាមួយគេហទំព័រ Looking TODAY អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅក្នុងស្ថានីយទូរទស្សន៍ និងផលិតកម្ម ហង្សមាស លោក អ៉ឹង សុខលាភ បានប្រាប់ឲ្យ ដឹងថា ទោះជាកម្មវិធីនេះ ទើបតែចាប់ផ្តើមដំណើរ ការផ្សាយនៅលើក ញ្ចក់ទូរទស្សន៍ នៅពេលថ្មីៗនេះក៏ពិតមែន តែសន្ទុះនៃការគាំទ្រ ខ្លាំងមិនអន់ទេ លោកពិតជាមាន មោទនភាពខ្លាំងណាស់។ កម្មវិធី The Voice នេះកំពុងតែពេញនិយម នៅបណ្តាលប្រទេសមិនតិច ជាង៦០នៅទូទាំង ពិភពលោក ដែលបានចាក់ផ្សាយ កម្មវិធីនេះ ដើម្បីផ្តល់ឱកាសឲ្យយុវវ័យខ្មែរ បានឈានជើង មកបង្ហាញសមត្ថភាព នៅលើឆាកអន្តរជាតិ ដូចប្រទេសដ៏ទៃនោះ ខាងស្ថានីយទូរទស្សន៍ហង្សមាស បានទិញសិ្នទ្ធនេះពីបរទេស ដើម្បីរៀបចំការប្រឡងកម្មវិធីនេះ នៅក្នុងប្រទេសយើង ផងដែរ ហើយលោកបានបញ្ជាក់ថា កម្មវិធី The Voice នេះមានដើមកំណើតចេញពីប្រទេស ហូឡង់ ។
លោក អ៉ឹង សុខលាភ បានប្រាប់ឲ្យដឹងទៀតថា “ រហូតមកដល់ពេលនេះកម្មវិធី The Voice Cambodia បានបញ្ចប់វគ្គ Blind Audition ហើយដោយ Coach ទាំង ៤ មានកូនក្រុម ១៣ រូប ក្នុង Coach ម្នាក់ៗ បន្ទាប់ពីកូនក្រុមទាំងអស់ បានទទួលការបង្ហាត់បង្រៀនពី Coach និងគ្រូផ្សេងៗដែលមាន ជំនាញយ៉ាងច្បាស់ ទៅលើការច្រៀងរួច នៅក្នុងវគ្គបន្ត គឺយើងនឹងធ្វើការជម្រុះ កូនក្រុមរបស់ Coach ជាបន្ត ដែលវគ្គបន្តនេះ មានឈ្មោះថា Battle Rounds” ។
អ្នកគ្រប់គ្រងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីកូនក្រុមរបស់ Coach ទាំង៤ បង្ហាញ សមត្ថភាពផ្ទាល់ខ្លួនហើយ មានតែបេក្ខភាព មួយរូបប៉ុណ្ណោះ ដែលអាចបន្តទៅកាន់វគ្គ Live Show បន្តបាន ហើយសម្រាប់ជ័យលាភីក្នុងកម្មវិធី The Voice Cambodia មានតែម្នាក់គត់ ហើយក្រៅពីទទួល បានប្រាប់រង្វាន់ ក្នុងកម្មវិធី អ្នកជាប់ជ័យលាភីរូបនោះ ក៏បានចូលច្រៀងឲ្យផលិតកម្ម ហង្សមាស ជាស្វ័យប្រវត្តិផងដែរ ។
ចង់ដឹងថា បេក្ខជន-បេក្ខនារី រូបណាអាចមានវាសនា បានឆ្លងកាត់វគ្គជម្រុះ ឈានទៅដល់ការលើក ពានរង្វាន់ក្នុងកម្មវិធី The Voice Cambodia នោះ មានតែរង់ចាំទស្សនា កម្មវិធីទាំងអស់គ្នា នៅថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង៨យប់ តទៅនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស៕