CamNews

តារា 

ញ៉ែម សុគន្ធ បង្ហើបប្រាប់​ពី​ម្ចាស់​​បេះដូង តែ​មិន​ទាន់​គិត​រឿង​រៀបការ

ភ្នំពេញ៖ តារាសម្តែង និង ជាពិធីករ ដ៏ស្រស់សង្ហាចង្ការព្រែក លោក ញ៉ែម សុគន្ធ មួយរយៈមកនេះ
ទាំងប្រជាប្រិយភាព និង ការគាំទ្រហាក់ឈាន ឡើងទៅមុខជាលំដាប់។ ពិសេសជាងនេះទៅទៀត
នោះ ស្ទើរតែគ្រប់សាច់រឿងទាំងអស់ គឺគេតែងតែសង្កេត ឃើញវត្តមានរបស់លោក សម្តែងជាតួឯក
ទៀតផង។

តារាសម្តែងពូកែខាងសម្រក់ ទឹកភ្នែកលោក ញ៉ែម សុគន្ធ បាននិយាយឆ្លើយឆ្លង ជាមួយភ្នាក់ងារ
គេហទំព័រ LookingTODAY នៅរសៀលថ្ងៃនេះថា សម្រាប់ការងារសិល្បៈសព្វថ្ងៃ គឺចាប់ពីដើមឆ្នាំ
២០១៣ រហូតមកដល់ក្រោយចូលឆ្នាំខ្មែរនេះ មានភាពរវល់ច្រើន ព្រោះមានការងារជាបន្តបន្ទាប់
គ្នាមករហូត។ ណាមួយមុននេះបន្តិច លោកទើបតែថតបញ្ចប់ពីរ រឿងគឺ រឿង “Road to freedom”
និងរឿង កុមារី ២៥ ឆ្នាំវគ្គពីរ ហើយ និងស្ប៉តពាណិជ្ជកម្ម មួយចំនួនទៀត។

តារាសម្តែង ញ៉ែម សុគន្ធ បានបន្តថា ទាំងការសម្តែងខ្សែរឿង ការថតស្ប៉តពាណិជ្ជកម្ម និង តំណែង
ជាពិធីករ នៅស្ថានីយទូរស្សន៍ហង្សមាស រាល់ថ្ងៃ គឺមានភាពមមាញឹកខ្លាំង។ ក្រៅពីមានឱកាសច្រើន
ក្នុង ការបង្ហាញមុខនៅ ទូរស្សន៍ហង្សមាស លោកក៏មានឱកាស តាមរយៈការធ្វើជាពិធីករ នៅតាម
កម្មវិធីមួយចំនួនផ្សេងៗទៀតជាច្រើន។

ដោយឡែកទាក់ទងរឿងជីវិតស្នេហាផ្ទាល់ខ្លួនក្រៅឆាកវិញ ត្រូវបានបុរសសង្ហា ញ៉ែម សុគន្ធ និយាយ
ប្រាប់ថា "បាទ..បង! ទាក់រឿងជីវិតស្នេហានេះ គឺខ្ញុំគិតយូរមកហើយ តែគ្រាន់ថាថ្ងៃរៀបការ មិនទាន់
ហ៊ានសម្រេច...(សើច) ស្នេហាវាមានយូរមកហើយ..អាយុប៉ុនហ្នឹងហើយ មិនដែលអត់ទេ..!" ។
បើទោះបីជាលោក ញ៉ែម សុគន្ធ បានបង្ហើបប្រាប់ថា មានស្នេហ៍រួចមក ហើយយ៉ាងណាក្តី ប៉ុន្តែលោក
មិនបាន ប្រាប់ឲ្យដឹងច្បាស់ថា នារីម្នាក់នេះជានណា មានការងារជាអ្វី ហើយនៅទីណានោះដែរ គ្រាន់
តែលោកនិយាយថា "ខ្ញុំមិនទាន់ហ៊ាននិយាយអី ឲ្យច្រើនជាងនេះទៀតនោះទេ ចាំដល់ថ្ងៃចូលរោងការ
ទើបដឹងថា ជាមនុស្សបែបណា ពេលដែលឃើញ គឺពេលនឹងតែម្តង"។

តារាសម្តែង លោក ញ៉ែម សុគន្ធ ជាអតីតហ្រេ្វស៊ីប៊យ កាលពីអំឡុងឆ្នាំ២០០២ ចាប់ពីពេលនោះមក
លោកបានក្លាយខ្លួន ជាតារាសម្តែងតែម្តង។ ផ្លែផ្កាពីសិល្បៈ ប៉ុន្មានឆ្នាំមកនេះ បានប្រែក្លាយឲ្យលោក
ញ៉ែម សុគន្ធ ទៅជាតារាប្រុសមួយដួង ដែលទទួលបានជោគជ័យ ថែមទាំងមានប្រជាប្រិយភាព និង
ការគាំទ្រខ្លាំង ពីសំណាក់ទស្សនិជន គ្រប់ស្រទាប់វណ្ណៈ រហូតដល់បច្ចុប្បន្ននេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nhem sokun entertainment khmer star