ភ្នំពេញៈ តារាស្រីរាងតូច ច្រឡឹងចង្កេះអង្ក្រង កញ្ញា រតនៈ ពិសី បានបង្ហើបឲ្យដឹងថា ក្នុងមួយរយៈពេល ចុងក្រោយនេះ នាងមានការមមាញឹក ជាមួយការងារ សិល្បៈ ស្ទើរតែរក ពេលសម្រាកគ្មាន ។ ជាក់ស្ដែងសូម្បីតែ ថ្ងៃខួបកំណើត ក៏នាងត្រូវបង្ខំចិត្ត លើកពេល ព្រោះតែគ្មានពេល ទំនេររៀបចំកម្មវិធី ឲ្យបានត្រឹមត្រូវ ។
កញ្ញា រតនៈ ពិសីបានប្រាប់ LookingTODAY កាលពីពេលថ្មីៗនេះថា សម្រាប់ខួបកំណើត របស់នាងឆ្នាំនេះ ត្រូវលើកពេលទៅធ្វើក្នុងអំឡុង ខែមិថុនាជំនួសវិញ ដោយសារនាង មានការមមាញឹកហត់នឿយ ជាមួយការងារច្រើន គ្មានពេលក្នុងការរៀបចំពិធីធំដុំទេ ។ ដូច្នេះនាងត្រូវលើក ទៅធ្វើពេលក្រោយប្រហែលជា អាចមានពេលទំនេរ ឆ្លៀតពេល បានខ្លះ ។
តារាស្រីស្រស់ក្មេងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "កាលដែលខ្ញុំលើកពេលនេះ គឺដោយសារខ្ញុំជាប់រវល់ការងារ សិល្បៈ មិនមែនដូចព័ត៌មាន ដែលលេចឮថា ខ្ញុំមិនធ្វើខួបកំណើត ដោយសារគ្មានអ្នកទំនុកបម្រុងទេ ។ សម្រាប់ខ្ញុំរៀងរាល់ឆ្នាំ ការរៀបចំពិធីខួបកំណើតនេះ ខ្ញុំធ្វើដោយខ្លួនឯង មិនចាំបាច់ទទួលយក ការឧបត្ថម្ភពីអ្នកណាឡើយ ។
ម្យ៉ាងទៀតការ រៀបចំពិធីនោះ ខ្ញុំក៏មិនដែលរៀបចំជាលក្ខណៈធំដុំ ចាយទុនរាប់ពានរាប់ម៉ឺនដុល្លារទេ គឺខ្ញុំធ្វើលក្ខណៈធម្មតាៗ រៀបចំកម្មវិធី ជួបជុំមិត្តភក្តិក្រុមគ្រួសារគ្មានអីធំដុំ នោះទេ "។
សម្រាប់ការលើកពេល ធ្វើខួបកំណើតគម្រប់២២ឆ្នាំ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា រតនៈ ពិសី បង្ហើបឲ្យដឹងថា នាងពន្យារពេលដល់ខែមិថុនា ហើយនាង ក៏មិនទាន់អាច និយាយបាននៅឡើយទេ ថាពិធីនោះមានការរៀបចំធំដុំ កម្រិតណាទេ ពោលគឺគម្រោងនៅមិនទាន់ច្បាស់ ទាល់តែសោះ ៕