CamNews

ព័ត៌មានអន្តរជាតិ 

បុរសម្នាក់មិនព្រមប្រគល់ខ្លួន ក្លាហានតដៃ ត្រូវប៉ូលិសបាញ់ស្លាប់

ទីក្រុងស៊ីដនី៖ បុរសម្នាក់ ត្រូវបានប៉ូលីសបាញ់សម្លាប់ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាមួយ នៅខាងក្រៅស្ថានីយ៍រថភ្លើង ដែលមមាញឹកបំផុតរបស់អូស្ត្រាលី។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតហាងលក់ផ្កាមួយកន្លែង ស្ថិតនៅច្រកទ្វារធំមួយ ឆ្ពោះទៅកាន់ស្ថានីយ៍កណ្តាលក្រុងស៊ីដនី ក្នុងអំឡុងពេលមមាញឹកបំផុត នៅល្ងាចថ្ងៃពុធ។

ប៉ូលីសត្រូវបានប្រជាពលរដ្ឋតេទូរស័ព្ទឱ្យមកកន្លែងកើតហេតុ បន្ទាប់ពីមានការរាយការណ៍ពីការប្លន់ប្រដាប់អាវុធមួយ ហើយមិនទាំងបានប៉ុន្មានផង បុរសម្នាក់នេះ ក៏ត្រូវប៉ូលិសបាញ់សម្លាប់ ។ មន្រ្ដីប៉ូលីសរដ្ឋ New South Wales បាននិយាយថា ឧបទ្ទវហេតុនេះមិនមែនពាក់ព័ន្ធនឹងអំពើភេរវកម្មទេ។

សាក្សីឃើញហេតុការណ៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា បុរសម្នាក់នេះត្រូវបានគេឃើញ មានកាន់កន្ត្រៃក្នុងដៃ នៅពេលគាត់ត្រូវបានបាញ់សម្លាប់។ ម្ចាស់ហាងផ្កាលោក Manuel Theoharas បាននិយាយថា បុរសម្នាក់នេះ កាលពីមុនបានយកដបមកភ្ជង់កគាត់ ហើយបញ្ជាឱ្យគាត់ទូរស័ព្ទទៅប៉ូលីស។

លោក Theoharas បានប្រាប់ BBC ថា៖ "គាត់បាននិយាយមកកាន់ខ្ញុំថា៖" នៅឱ្យស្ងៀម ហើយឆាប់តេទូរស័ព្ទទៅប៉ូលីសភ្លាម "។ នៅពេលដែលខ្ញុំរត់ចេញពីគាត់ គាត់បានឆក់យកកន្ត្រៃពីហាងផ្កា។ "

ស្នងការនគរបានរងលោក Mark Walton បាននិយាយថា៖ "ការស៊ើបអង្កេតពីឧប្បត្តិហេតុដ៏សំខាន់មួយនេះ បានចាប់ផ្តើម បន្ទាប់ពីការស្លាប់របស់បុរសម្នាក់នេះ ក្នុងពេលតដៃជាមួយប៉ូលីស" ។

បុរស ដែលមានរូបរាងបែបអាស៊ីម្នាក់នេះ បានស្លាប់ បន្ទាប់ពីតដៃជាមួយប៉ូលីស។ "ក្រុមមន្រ្ដីទទួលបន្ទុកផ្នែកឃាតកម្ម នឹងធ្វើការស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយជុំវិញឧបទ្ទវហេតុ ដែលរួមមានការបាញ់កាំភ្លើងរបស់ប៉ូលីស ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា ជាមួយបុរសម្នាក់នោះ" ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC