(ភ្នំពេញ)៖ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ Fresh News ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ អ្នកពុលស្រានៅខេត្តក្រចេះ មានចំនួនរហូតដល់១៩០នាក់ ហើយអ្នកស្លាប់កើនដល់២១នាក់ ខណៈអ្នកពុលមួយចំនួនទៀត កំពុងសង្រ្គោះនៅតាមមន្ទីរពេទ្យនៅឡើយ។
បើតាមលោក លី សុវណ្ណ ការពុលនេះ ដោយសារក្នុងស្រា មានជាតិមេតាណុលខ្ពស់ ដែលធ្វើឲ្យអ្នកផឹកអាចស្លាប់ភ្លាមៗតែម្តង។ ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា មកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ករណីពុលស្រានៅក្នុងខេត្តក្រចេះ បានផ្ទុះឡើងជាបន្តបន្ទាប់ នៅក្នុងឃុំខ្សឹម ឃុំស្នួល ឃុំបុសលាវ និង ឃុំសំបុក នៅក្នុងស្រុកស្នួល និងស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រោយផ្ទុះករណីពុលស្រា.ស នាំឲ្យប្រជាពលរដ្ឋពុល និង ស្លាប់ជាបន្តបន្ទាប់នេះ អាជ្ញាធរខេត្តក្រចេះ បានចុះបិទ និងផ្អាករាល់អាជីវកម្មបិតស្រានៅក្នុងខេត្ត។ មិនមែនតែខេត្តក្រចេះនោះទេ ដែលប្រជាពលរដ្ឋ បានរងគ្រោះដោយសាស្រាស កាលពីប៉ុន្មានឆ្នាំមុន នៅខេត្តពោធិ៍សាត់ ក៏កើតមានករណីនេះផងដែរ ហើយបណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះ និង ស្លាប់មួយចំនួនធំ។
ស្រា.ស ធ្វើពីអង្ករ និងមេដំបែ ដែលប្រៀបដូចជា សម្បត្តិវប្បធម៌មួយរបស់ខ្មែរដែរនោះ គេមិនដែលឃើញមានអ្នកផឹក ហើយពុលរហូតស្លាប់បែបនេះឡើយ។ ការពុលនេះ ត្រូវបានមន្រ្តីបញ្ជាក់ថា បណ្តាលមកពីបិទខុសបច្ចេកទេស និងមិនគោរពតាមស្តង់ដារ។
លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រាប់ Fresh News ថា ការពុលនេះ ដោយសារតែអ្នកបិតស្រា បានធ្វើខុសបច្ចេកទេស និងគោលការណ៍ណែនាំ ពោលពួកគេមិនបានប្រើជាតិ អេតាណុលនោះទេ បែរជាប្រើជាតិមេតាណុល មានកម្រិតជាតិពុលខ្ពស់ ហើយអ្នកបិតស្រាទាំងនោះ ក៏មិនបានសុំច្បាប់អនុញ្ញាត ពីក្រសួងសិប្បកម្ម ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ។
បន្ទាប់ពីមានការពុលនេះ លោក ហេង សុខគង់ បានបញ្ជាក់ថា ក្រសួងសិប្បកម្ម បាននិងកំពុងត្រួតពិនិត្យរកប្រភព នៃការនាំចូលជាតិមេតាណុល។
ក្នុងពិធីផ្សព្វផ្សាយការបញ្ជ្រាប ទស្សនទាន សីលធម៌ សាសនា ដើម្បីសុខុដមនីយកម្ម ក្នុងប្រទេសនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះម្ហូបអាហារ និងទទួលទានស្រា។ សម្តេចតេជោ បានរិះគន់ចំពោះអ្នកបិតស្រាស ដែលបានធ្វើខុសបច្ចេកទេស ដើម្បីកេងចំណេញប្រាក់កាន់តែច្រើន ប៉ុន្តែមិនបានគិតពីសុវត្ថិភាព របស់អ្នកទទួលទាន។
ជាវិធានការ ដើម្បីទប់ស្កាត់ការពុលស្រានេះ លោក ហេង សុខគង់ បានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើតការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋពីបច្ចេកទេស និងផលប៉ះពាល់ នៃការបិតស្រាខុសបច្ចេកទេស។ មិនតែប៉ុណ្ណោះលោកចង់ ឲ្យអ្នកបិតស្រាត្រូវសុំការអនុញ្ញាតពីអាជ្ញាធរ និងមានការត្រួតពិនិត្យត្រឹមត្រូវ មុនពួកគេបើកអាជីវកម្មបិតស្រា៕







ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី