(ភ្នំពេញ)៖ ដូចអ្វីដែល សាន ស្រីឡៃ ធ្លាប់តែមានក្តីស្រមៃ ចង់ក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបនោះ បច្ចុប្បន្នអតីតបេក្ខនារី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក «The Voice Cambodia» រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បានប្រកាសស្នើឲ្យទស្សនិកជនគាំទ្រ នូវចម្រៀងថ្មីរបស់នាង ចេញលើកដំបូងប្រចាំផលិតកម្មភ្លេងរីខត គឺបទចម្រៀង Original Song មានចំណងជើងថា «នឹកគេស្ទើរស្លាប់ខ្លួនហើយ!»។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រី មកពីខេត្តបន្ទាយមានជ័យ អ្នកនាង សាន ស្រីឡៃ មុននេះបន្តិច បានសរសេរបង្ហោះភ្ជាប់ ជាមួយឃ្លីបវីដេអូចម្រៀងរបស់ខ្លួនថា «មិនដឹងថា អាមិចអាម៉ាទេ សាន ស្រីឡៃ អើយ...! តែយ៉ាងណានាងខ្ញុំ សូមអគុណសម្រាប់ការគាំទ្រ របស់ពុកម៉ែបង បងប្អូន និងមិត្ដៗជាទីស្រឡាញ់ទាំងអស់គ្នា អរគុណ ដែលអ្នកទាំងអស់គ្នា ធ្វើឲ្យខ្ញុំមានថ្ងៃនេះ ហើយពិសេសនោះ គឺសូមអគុណដល់គ្រូរបស់ខ្ញុំ គឺបងស្រី ពេជ្រ សោភា គឺគាត់តែម្នាក់ដែលបានផ្ដល់ភាពខ្វះខាត ដែលខ្ញុំមាន គាត់ព្យាយាមធ្វើឲ្យក្មេងល្ងង់ម្នាក់នេះ ឲ្យស្គាល់នូវអ្វីដែលហៅថាសិល្បៈ»។
អ្នកនាង សាន ស្រីឡៃ បាន្តថា «ខ្ញុំហ្នឹងធ្វើតាមដំបូន្មានរបស់បងរហូតទៅ អរគុណខ្លាំងណាស់ បើគ្មានការស្រឡាញ់ពីបងៗទាំងអស់នោះ ម្ល៉េះពេលនេះក្ដីបំណង សាន ស្រីឡៃ មិនដឹងថា យ៉ាងមិចឡើយស្រឡាញ់ SP ស្រឡាញ់ក្រុម SP ទាំងអស់។ ខ្ញុំមានបទផ្ទាល់ខ្លួនហើយសង្ឃឹមថា ពុកម៉ែបងប្អូន និងមិត្ដៗស្រលាញ់គាំទ្រទាំងអស់គ្នា អរគុណច្រើនចា៎!»។
សូមបញ្ជាក់ថា បទ Original Song ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា អ្នកនាង សាន ស្រីឡៃ គឺជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ថ្មី ដោយ ទ្រី សក្កដា និងនិពន្ធបទភ្លេងថ្មី ដោយ មាស សុគន្ធ ។ បទ «នឹកគេស្ទើរស្លាប់ខ្លួនហើយ» ដែលទើបត្រូវបានប្រកាស ចេញលក់ឆាប់ៗនេះ ដោយផលិតកម្មភ្លេងរីខត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង