(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងមកនេះ មកមហាជនធ្លាប់ដឹងហើយថា បេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២ កញ្ញា សាន ស្រីឡៃ បានជួបរឿងរ៉ាវដ៏គួរសង្វេគ និងរន្ធត់ចិត្តមួយ ខណៈអ្នកម្តាយជាទីស្រឡាញ់របស់នាង ត្រូវឪពុកកាប់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យរហូតធ្វើឲ្យទស្សនិកជនជាច្រើន បង្ហាញពីក្តីព្រួយបារម្ភខ្លាចបេក្ខនារីរូបនេះ បាក់ទឹកចិត្តក្នុងការប្រឡងវគ្គ «Live show» សប្តាហ៍ទី៤ដែលបានកន្លងផុតទៅ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
ប៉ុន្តែអ្វីដែលជារឿងល្អបំផុតនោះ គ្រាដែលនាងឡើងប្រឡងលើឆាក «The Voice Cambodia» រដូវកាលទី២វគ្គ Live show សប្តាហ៍ទី៤បេក្ខនារី សាន ស្រីឡៃ មិនបានធ្វើឲ្យអ្នកគាំទ្រ អស់សង្ឃឹមឡើយ ខណៈដែលបេក្ខនារីមកពី ខេត្តបន្ទាយមានជ័យ និងជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា រូបនេះ គ្រប់គ្រងអារម្មណ៍ខ្លួន តម្រូវតាមស្ថានការណ៍បានយ៉ាងល្អ រហូតទទួលបានការបោះឆ្នោតគាំទ្រ បន្តឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។
ទន្ទឹមនឹងការទទួលបាន ការបោះឆ្នោតគាំទ្រ ឈានជើងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់បេក្ខនារី សាន ស្រីឡៃ ថ្មីៗនេះ បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបភាពម្តាយ ពីមន្ទីពេទ្យគួរឲ្យរំជួលចិត្តថា «សប្បាយចិត្តណាស់កូនប្រឡងរួចហើយ យប់នេះកូនសូមគេងកំដរម៉ែ មួយយប់ទល់ភ្លឺ ហើយឆាប់ជាណាម៉ែ កូនសន្យានឹងប្រឡងឲ្យជាប់ យកលុយមកវះកាត់ម៉ែឲ្យបាន.!»។
បេក្ខនារី សាន ស្រីឡៃ បានបន្តថា «កូនស្រលាញ់ម៉ែជាងគេលើលោកនេះ ម៉ែជាកំលាំងចិត្តឲ្យកូនតស៊ូ ម៉ែជាជីវិត ម៉ែជាខ្យល់ដង្ហើយចេញចូល របស់កូន ទ្រាំបន្តិចទៀតណាម៉ែ កូនសន្យាថា កូនមិនធ្វើឲ្យម៉ែអស់សង្ឃឹមឡើយ!»។
តាមរយៈការបង្ហោះសារបែបនេះ គេសង្កេតឃើញអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងការណិតអាសូរខ្លាំង ចំពោះបេក្ខនារី សាន ស្រីឡៃ ដោយខ្លះលើកឡើងថា មិនគួរណាជីវិតនាង ត្រូវជួបរឿងបែបនេះ គ្រាដែលកំពុងប្រឡងកម្មវិធីលំដាប់ ពិភពលោកដូច្នេះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង