CamNews

តារា 

សាន ស្រីឡៃ ៖ «​យក​ប្ដី​តាម​​ការ​​ទុក​ដាក់​របស់​ម្តាយ ជា​ការ​សង​គុណ ដ៏​ធំ​ធេង​បំផុត របស់​កូន​ស្រី!»

(ភ្នំពេញ)៖ អតីតបេក្ខនារីធ្លាក់ក្នុងការប្រឡងវគ្គផ្តាច់ព្រ័ត្រ របស់កម្មវិធីប្រឡងចម្រៀងលំដាប់ ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាល២ របស់ស្ថានីយទូរទស្សន៍ ហង្សមាស អ្នកនាង សាន ស្រីឡៃ ក្រោយពីបែកធ្លាយដំណឹងមានស្វាមី ក្រោយពី​ប្រឡងចប់​ថ្មីៗនោះ នាងបានបង្ហាញពីភាពក្លាហាន បញ្ជាក់ការពិតប្រាប់មហាជនថា នាងពិតជាមួយស្វាមីរួចហើយមែន។ មិនតែប៉ុណ្ណោះ ស្រីឡៃ ក៏បានបង្ហាញរូបភាពផ្អែមល្ហែម ជាមួយស្វាមីនៅលើហ្វេសប៊ុក ផងដែរ។

ភ្ជាប់ជាមួយរូបថត២ស​ន្លឹក ​អតីតបេក្ខនារី សាន ស្រីឡៃ បានសរសេរជាសំណួរថា «ក្នុងមួយជីវិតរបស់មនុស្សស្រី តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលតាមស្រឡាញ់យើង? ក្នុងមួយជីវិតរបស់មនុស្សស្រី មានមនុស្សប្រុសប៉ុន្មាននាក់ ដែលសុំអ្នកធ្វើសង្សារ ? ហើយមានមនុស្សប្រុសប៉ុន្មាននាក់ ដែលចូលស្តីដណ្តឹងអ្នកពីម្តាយរបស់អ្នក?»។

សាន ស្រីឡៃ បានលើកឡើងទៀតថា «សម្រាប់ខ្ញុំ​ មនុស្សប្រុសដែលសុំខ្ញុំធ្វើសង្សារ ដាច់ខាតខ្ញុំមិនអា​ចស្រឡាញ់ឡើយ ព្រោះសង្សារទោះស្រឡាញ់គ្នាយ៉ាងណា ក៏បានត្រឹមជាតែសង្សារ ពេលគេអស់ចិត្ត នោះយើងក៏អស់តម្លៃ។ ទោះមនុស្សប្រុសម្នាក់នេះ មិនស្អាតមិនក្មេង មិនមានតែគាត់ហ៊ាន ចូល​ដល់ម្តាយរបស់ខ្ញុំ។ ទោះបីខ្ញុំមិនស្រឡាញ់គាត់ មិនដែលស្គាល់គាត់ តែបើម្តាយព្រមលើ​កខ្ញុំឲ្យទៅគាត់ ខ្ញុំក៏យល់ព្រម ព្រោះខ្ញុំជឿជាក់ថា ម្តាយរបស់ខ្ញុំ មើលមនុស្សមិនខុស ហើ​យក៏គ្មានម្តាយ​ណា ដែលចង់ឲ្យកូនពិបាកទេ។ ការរៀបការតាមការទុកដាក់របស់ម្តាយ ជាការសងគុណ ដ៏ធំធេងបំផុតរបស់កូនស្រី !»។

អតីតបេក្ខជារី សាន ស្រីឡៃ បានបន្តថា «ពីមនុស្សមិនដែលស្រឡាញ់គ្នា មិនដែលស្គាល់គ្នា ទីបំផុតយើងក៏ស្រឡាញ់គ្នា យល់ចិត្តគ្នា​ ទោះបីគាត់មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភ តែគ្រប់ពេលដែលខ្ញុំនៅក្បែរគាត់ ខ្ញុំប្រៀបបាននឹងម្ចាស់ក្សត្រីយ៍ម្នាក់ ដ៏សែនមានក្តីសុខ។ មានគ្រួសារ​មា​នអ្វីត្រូវខ្មាស់ខ្លាចគេ គ្រាន់តែបង្ហាញពិភពលោកឲ្យបានដឹងថា ពួកយើងស្រឡាញ់គ្នា បើគ្រាន់តែក្លាយជាអ្នកសិល្បៈម្នាក់ ត្រូវបោះបង់មនុស្សដែលស្រឡាញ់យើងចោល បោះបង់មនុស្សប្រុសល្អម្នាក់ មិនចាំបាច់ឡើយ!» ។

ជាមួយគ្នានេះដែរ សាន ស្រីឡៃ ក៏បានបន្ថែមទៀតថា «មួយជីវិតរបស់មនុស្សស្រី អ្វី​ដែលចង់បាន​គឺប្តីល្អម្នាក់ នេះហើយជាអ្វីដែលមនុស្សស្រីគ្រប់រូប ជៀសមិនផុត។ អរគុណអ្នកម្តាយជាទីស្រឡាញ់ ដែលបានមើលមនុស្សមិនខុស។ សូមឲ្យក្តីស្រឡាញ់មួយនេះ ស្ថិតស្ថេរយូរអង្វែង មិនថាមា​នអ្វីកើតឡើង ក៏ពួកយើងនៅតែជាគ្រួសារល្អ!»។

សូមបញ្ជាក់ថា ការចេញមុខទម្លាយអាថ៌កំបាំងស្នេហា រឿងមានស្វាមីនេះ​ អតីតបេក្ខនារី សាន ស្រីឡៃ បានធ្វើឡើងក្រោយពេលមានការបែកធ្លាយដំណឹងថា ស្រីឡៃ មានប្តីរួចហើយ ខណៈ​ការប្រឡងត្រូវបានបញ្ចប់ និងប្រកាសលទ្ធផលមិនទាន់ បានមួយសប្តាហ៍ផងនោះ។ ប៉ុន្តែយ៉ាងណា ការពិតក៏ត្រូវបានទទួលស្គាល់​ ពីសាមីខ្លួន សាន ស្រីឡៃ ផងដែរ ដើម្បីស្រាយមន្ទិលបង្ហា​ញ ការពិតដល់ទស្សនិកជន ដោយនាងមិនខ្លាចក្នុងការប្រឈមមុខ នឹងការពិតនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង