CamNews

តារា 

អ្នកថតរូបម្នាក់ ត្រូវឃាត់ខ្លួនសាកសួរ ក្រោយពីនាង Kim Kardashian ត្រូវចោរភ្ជង់ប្លន់

(អាមេរិក)៖ ជាងថតរូបម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ បន្ទាប់ពីតារាទូរទស្សន៍ដ៏ល្បីរបស់អាមេរិក គឺនាង Kim Kardashian ត្រូវបានក្រុម ចោរបន្លំខ្លួន ជាប៉ូលិសចូលទៅប្លន់ប្រាក់ អស់រាប់សិបលានដុល្លារ ខណៈដែលនាងកំពុងស្នាក់ នៅក្នុងអាផាតមិនឯកជនមួយ នៅទីក្រុងប៉ារីស ទឹកដីបារាំង កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា កន្លងទៅនេះ។

សារព័ត៌មានអាមេរិកមួយ បានឲ្យដឹងថា អ្នកថតរូបនេះ ដើរតាមតារាស្រីវ័យ៣៥ឆ្នាំ Kim Kardashian រហូតតាំងតែពីនាង មកដល់ទឹកដីបារាំង ហើយប៉ូលិស ជឿថា ក្រុមចោរពិតជាមានថ្វីដៃខ្ពស់ ទើបអាចរៀបចំផែនការប្លន់ ទុកជាមុនរហូតបានសម្រេច។ ក្រោយពីកើត​ហេតុការណ៍បន្តិច តារាស្រីរូបនេះ ក៏បានចាកចេញពីបារាំង តាមជើងហោះហើរឯកជនភ្លាមៗ​ដែរ ប៉ុន្តែកន្លែង ដែលនាងស្នាក់ កំពុងត្រូវប៉ូលិសឡោមព័ទ្ធរាល់ថ្ងៃ ដើម្បីស្រាវជ្រាវរកភស្តុតាងបន្ថែម បន្ទាប់ពីនាងត្រូវជនមិនស្គាល់ មុខពីរនាក់ លួចចូលទៅក្នុងបន្ទប់ ហើយចងនាងនិងចាក់សោរឲ្យ​នៅក្នុងបន្ទប់ទឹក ព្រមទាំងលួចយកប្រាក់រាប់លានដុល្លារ រួមទាំងគ្រឿងអលង្ការ និងទូរស័ព្ទដៃពីរគ្រឿង ទៀតផង។

នៅថ្ងៃកើត​ហេតុ ស្វាមីរបស់តារាទូរទស្សន៍ ដ៏ល្បីរូបនេះ គឺលោក Kanye West ដែលកំពុងសម្តែងនៅឯក្រុងញូវយ៉ក ក៏បានបញ្ឈប់ការច្រៀងពាក់កណ្តាលទី ក្រោយដឹងពីអ្វីដែលកើតឡើង លើភរិយានៅពេលដែលលោកកំពុងច្រៀងបទ «Heartless» ក៏និយាយសុំទោស មហាជនដោយសារបញ្ហាបន្ទាន់ ក្នុងគ្រួសារ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Kim Kardashian