CamNews

តារា 

សុខ មុន្នីពិសី ទទួល​ស្គាល់​ថា មាន​ចំណង​ស្នេហ៍ ជា​មួយ​មន្រ្តី​ប៉ូលីស​ស័ក្តិ​២

ភ្នំពេញ៖ តារាសម្តែងស្រីខ្ពស់ស្រឡះ កំពុងក្តាប់បានឱកាស គ្រងតំណែងធ្វើជា តួឯកលើកដំបូង កញ្ញា សុខ មុន្នីរក្សា ជាថ្មីម្តងទៀត បានរំលេចរូបថត បង្ហាញពីភាពផ្អែមល្ហែម ឱបរឹតជាមួយបុរសម្នាក់ ដែលគេដឹងច្បាស់ថា ជាសង្សារ បណ្តូលចិត្តរបស់នាង ដើម្បីរឹតចំណងមិត្តភាព ស្នេហាឲ្យកាន់តែរឹងមាំ មួយកម្រិតថែម។

តារយៈការទម្លាយរូបភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា សុខ មុន្នីពិសី ដ៏ភ្ញាក់ផ្អើលនេះ ត្រូវគេដឹងថា ជាលើកទី២សម្រាប់នាង បន្ទាប់ពីមានការបែកធ្លាយ ព័ត៌មានយល់ច្រឡំក្រៅផ្លូវការ ថា មុន្នីពិសី មានឧកញ៉ាតាមចោមស្នេហ៍ និងមានបុរសក្រៅស្រុក កំពុងតាមទាក់ទង។
ប្រភពខ្លះ បាននិយាយថា កន្លងមកនេះ សុខ មុន្នីពិសី ពុំដែលបង្ហាញមុខ ឬនិយាយប្រាប់នរណាទេថា ខ្លួនមានស្នេហានោះឡើយ។ ប៉ុន្តែក្រោយពីមានការសង្ស័យ រឿងតារារូបនេះ លួចសាងសម្ព័ន្ធភាពស្នេហ៍ ក្រៅឆាកជាមួយបុរសក្រៅស្រុកនោះ ស្រាប់តែគេឃើញ មុន្នីពិសី ទម្លាយរូបថតផ្អែមល្អែម ស្និទ្ធស្នាលតែពីរនាក់ រវាងនាងជាមួយបុរសវ័យប្រហាក់ប្រហែកគ្នាម្នាក់ រួចអះអាងថា ជាគូស្នេហ៍។

ប្រភពបាននិយាយទៀតថា ទំនាក់ទំនងស្នេហា របស់ សុខ មុន្នីពិសី និងបុរសរូបសង្ហាម្នាក់នេះ បានចាប់ផ្តើមឡើង មានរយៈពេល ទើបតែ១ឆ្នាំប៉ុណ្ណោះ។ រហូតមកដល់ឥឡូវនេះ ពួកគេស្រលាញ់ គ្នាណាស់ហើយជារឿយៗ ពួកគេតែងបណ្តើគ្នា ចូលហាងអាហារជាញឹកញាប់ ។ ជាក់ស្ដែងដូចពេលនេះ គឺពួកគេទាំងពីរក្លាហាន ហ៊ានចេញមុខប្រកាសប្រាប់ ពីចំណងស្នេហ៍ ដល់ទស្សនិកជនសារធារណៈ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

ចំពោះការបែកធ្លាយ ដំណឹងស្នេហ៍ខាងលើនេះ សុខ មុន្នីពិសី បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទថា ជាការពិត បេះដូងរបស់នាងពេលនេះ មានម្ចាស់រួចហើយ ។ រីឯបុរម្នាក់ដែលតែង ថតស្និទ្ធស្នាលនេះ គឺជាសង្សាររបស់នាងមែន ដែលពួកគេផ្តើមស្រលាញ់គ្នា ជាង១ឆ្នាំមកហើយ។

កញ្ញា សុខ មុន្នីពិសី បានបញ្ជាក់ថា «ច៎ា បង !ខ្ញុំនិងគាត់ស្រលាញ់គ្នា មួយឆ្នាំហើយ ។ សព្វថ្ងៃគាត់មានមុខងារជាមន្រ្តីប៉ូលីសស័ក្តិ២ តែមិនបានធ្វើការងារ នៅភ្នំពេញទេ គឺត្រូវចុះទៅចល័តនៅតាមខេត្ត។ គាត់មានអាយុខ្ទង់២៨ ឆ្នាំ។ យើងទាំងពីរយូរៗ ជួបមុខគ្នាម្តង ព្រោះគាត់ក៏រវល់ ខ្ញុំក៏រវល់ការងារ និងរស់នៅឆ្ងាយដូចគ្នា..!»។

តារាសម្តែង សុខ មុន្នីពិសី បានបន្ថែមថា អ្វីផ្សេងក្រៅពីនេះទៀត នាងមិនអាចនិយាយបានឡើយ ព្រោះស្ថិតលើពេលវេលា ជាអ្នកកំណត់។ ម្យ៉ាងទំនាក់ទំនង ស្នេហារបស់នាងបច្ចុប្បន្ន កំពុងនៅក្នុងដំណាក់កាល ស្វែងយល់ចិត្តគំនិតគ្នានៅឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sok monypisey Star news local news