CamNews

គ្រោះថ្នាក់ 

Selfies ផ្តាច់ព្រលឹង, យុវវ័យពីរនាក់​រវល់ «ថតរូប Selfies លើ​ផ្លូវដែក ត្រូវរថភ្លើង​បុកស្លាប់​ភ្លាមៗ

(ញូដេលី)៖ យុវវ័យឥណ្ឌាចំនួនពីរនាក់ត្រូវបានរថភ្លើងល្បឿនលឿនបុក និងដាច់ខ្យល់ស្លាប់ភ្លាមៗនៅក្នុងរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា ខណៈពេលពួកគេកំពុងតែជាប់រវល់ឈរកាច់រាងដើម្បីថតរូបស៊ែលហ្វី (Selfies) នៅលើផ្លូវដែកមួយខ្សែ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។


                                                     * បញ្ជាក់ ៖ រូបភាពឯកសារ 

យុវវ័យទាំងពីរនាក់បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯស្ថានីយ៍រថភ្លើង Anand Vihar ក្នុងសង្កាត់ East Delhi។ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា ពួកគេព្រមទាំងមនុស្សចំនួនប្រាំនាក់ផ្សេងទៀត បានទៅជួលកាមេរ៉ាមួយគ្រឿងដើម្បីយកមកថតរូបភាពសម្រាប់ការដាក់ពាក្យធ្វើជាម៉ូដែល ហើយក្នុងនោះក៏មានការថត Selfies កម្សាន្តលេងផងដែរ។

មន្រ្តីប៉ូលិសនៃស្ថានីយ៍រថភ្លើងកើតហេតុក្នុងនាមជាសាក្សីផងដែរបាននិយាយដូច្នេះថា «លទ្ធផលស៊ើបអង្កេតជាបឋមបានបង្ហាញថា យុវវ័យទាំងពីរនាក់កំពុងតែចុចថត Selfies នៅចំពោះមុខរថភ្លើងមួយដែលធ្វើដំណើរមករកពួកគេ ហើយខណៈពេលដែលកំពុងរវល់ធ្វើដូច្នោះ ជនរងគ្រោះទាំងពីរនាក់ក៏បានភ្លេចខ្លួនថា មានរថភ្លើងមួយគ្រឿងទៀតស្ថិតនៅពីខាងក្រោយពួកគេលើផ្លូវដែកមួយទៀត។ ក្រោយមកយុវជនទាំងពីរនាក់ក៏បានព្យាយាមលោតចេញទៅម្ខាងផ្លូវដើម្បីគេចពីរថភ្លើងដែលកំពុងបើកបរក្នុងល្បឿនយ៉ាងលឿន ប៉ុន្តែជាអកុសលក៏ត្រូវបានបុកចំពេញទំហឹងហើយដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តងទៅ»

ដោយឡែកមនុស្សប្រាំនាក់ផ្សេងទៀត ដែលនៅជាមួយពួកគេបានរួចរស់ជីវិតយ៉ាងប្រផិតប្រផើយ ដោយសារតែពួកគេបានឈរនៅឃ្លាតឆ្ងាយពីគ្នា ទើបងាយរត់គេចចេញពីគ្រោះថ្នាក់។ យុវវ័យទាំងអស់នេះគឺជាមិត្តភក្តិនឹងគ្នាដែលសិក្សានៅសាលារៀនឯកជនមួយ ក្នុងទីក្រុងញូដេលី។ ប៉ូលិសបានរើសយកកាមេរ៉ានៅកន្លែងកើតហេតុរក្សាទុក និងធ្វើការស្រាវជ្រាវទៅក្នុងហេតុការណ៍ ដែលមិនគួរនឹងឲ្យកើតឡើងនេះ។

គួរបញ្ជាក់ថា ការស្លាប់ និងគ្រោះថ្នាក់ដោយសារតែការថតរូប Selfies គឺជារឿងមិនចម្លែកទៅហើយសម្រាប់ ប្រទេសឥណ្ឌា ដូចជាការថតលើស្ពានមិនប្រយ័ត្នរួចជ្រុលធ្លាក់ចូលទឹកទន្លេលង់ស្លាប់ និងការថតរូបមិនប្រយ័ត្ន បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាដើម៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: India Selfie Unt news Hot news